ទិវាពលកម្ម (Labour Day) ០១ ឧសភា គឺជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ដែលត្រូវបានប្រារព្ធធ្វើឡើង ដើម្បីអបអរសមិទ្ធផលរបស់កម្មករ។ វាមានដើមកំណើតពី ចលនាសហជីព (Eight-Hour Day Movement) ដែលបែងចែក ៨ម៉ោងសម្រាប់ធ្វើការ ៨ម៉ោងសម្រាប់កម្សាន្ត និង ៨ម៉ោងសម្រាប់សម្រាក។
ខាងក្រោមនេះ គឺជាការពិត៧យ៉ាង ដែលអ្នកមិនធ្លាប់ដឹងពី ទិវាពលកម្មនៅសហរដ្ឋអាមេរិក៖
- ទិវាពលកម្ម នៅសហរដ្ឋអាមេរិក ត្រូវបានប្រារព្ធធ្វើឡើងជាលើកដំបូង នៅថ្ងៃអង្គារ ទី០៥ ខែកញ្ញា ឆ្នាំ១៨៨២ ក្នុងទីក្រុង New York City ដែលបានគ្រោងទុកដោយ សហភាពការងារកណ្ដាល Central Labor Union។
- Oregon គឺជារដ្ឋដំបូងគេបង្អស់នៅសហរដ្ឋអាមេរិក ដែលធ្វើឲ្យទិវាពលកម្ម ក្លាយជាថ្ងៃឈប់សម្រាក នៅក្នុងឆ្នាំ១៨៨៧។
- នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៨៩៤ សភាអាមេរិក បានអនុម័តច្បាប់ជាលើកដំបូង ដោយយកថ្ងៃចន្ទដំបូងនៃខែកញ្ញា ជាទិវាពលកម្ម និងថ្ងៃឈប់សម្រាកស្របច្បាប់ ជារៀងរាល់ឆ្នាំ។ ដូច្នេះទិវាពលកម្ម ឆ្នាំ២០១៧ នៅសហរដ្ឋអាមេរិក មិនមែនធ្វើឡើងនៅថ្ងៃទី០១ ខែឧសភា ឡើយ ពោលគឺថ្ងៃចន្ទ ទី០៤ ខែកញ្ញា។
- សហរដ្ឋអាមេរិក ប្រារព្ធទិវាពលកម្មនេះឡើង ដើម្បីអបអរការរួមចំណែក និងសមិទ្ធផលនៃបុរស និងស្ត្រីចំនួន ១៥៥លាននាក់ ដែលស្ថិតនៅក្នុងកម្លាំងពលកម្មនៅសហរដ្ឋអាមេរិក។
- នៅចុងទសវត្សរ៍ ឆ្នាំ១៨០០ ជនជាតិអាមេរិក ជាមធ្យមធ្វើការ១២ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍។ កុមារអាយុត្រឹមតែ ៥ ទៅ ៦ឆ្នាំ ក៏ធ្វើការនៅក្នុងរោងចក្រ និងអណ្ដូងរ៉ែដែរ។
- នៅក្នុងឆ្នាំ១៩១៦ ការកំណត់ការធ្វើការ ៨ម៉ោងក្នុងមួយថ្ងៃ ត្រូវបានបង្កើតឡើងយ៉ាងរឹងមាំ ជាមួយនឹងការអនុម័តច្បាប់ Adamson Act។ វាគឺជាច្បាប់សហព័ន្ធដំបូងបង្អស់ សម្រាប់កម្មករនៅក្នុងក្រុមហ៊ុនឯកជន។
- រដូវកាលកីឡាបាល់ទាត់ ចាប់ផ្ដើមនៅ ឬអំឡុងពេលទិវាពលកម្ម ហើយក្រុមបាល់ទាត់ជាច្រើន បានលេងការប្រកួតលើកដំបូងរបស់ខ្លួន ក្នុងអំឡុងថ្ងៃចុងសប្ដាហ៍ នៃទិវានោះ៕
ប្រភព ៖ Forbes
ប្រែសម្រួល ៖ សេង ឡុង - Sabay