ម៉ោង ៥ទៀបភ្លឺ ជាពេលវេលាដែលគ្រប់គ្នាកំពុងលង់លក់ ក្នុងនិទ្រាបិទនេត្រាយ៉ាងស្កប់ស្កល់ ប៉ុន្តែលោកយាយម្នាក់ បែរជាត្រូវមកងោកងក់លើកៅអីម្នាក់ឯង ក្នុងនាមជាអ្នក លក់សាំងដបមួយយប់ទល់ភ្លឺ ដោយប្ដូរមកវិញត្រឹមកម្រៃប្រ មាណ ១ម៉ឺន ទៅ ២ម៉ឺនរៀលក្នុងមួយថ្ងៃ គ្រាន់ទុកជាបច្ច័យ ទៅវត្ត និងជួយចិញ្ចឹមចៅ ២នាក់ក្នុងបន្ទុក។
សំឡេងម៉ូតូឡានបើកកាត់យ៉ាងអឺងកងនាពេលសុរិយារៀបរះ ប៉ុន្តែនៅតែមិនអាចរំខានលោកយាយ ពៅ សុភាព ឲ្យលង់លក់បាន ព្រោះអំណាចនៃភាពអស់កម្លាំងតាំង ពីរាត្រី។ លោកយាយវ័យ ៦៧ឆ្នាំបាននិយាយប្រាប់ទាំង ទឹកមុខស្រងូតស្រងាត់ថា៖ «ហឹម… យាយលក់មួយយប់ ទល់ភ្លឺ ចំណេញបានតែ ១ ម៉ឺន ទៅ ២ម៉ឺនអីហ្នឹង… ចេះតែលក់ទៅ គ្រាន់បានលុយខ្លះទៅវត្ត… បើមិនប្រឹងលក់អ៊ីចឹង គ្មាននរណាមកជួយយើងទេ»។
លោកយាយ ភាព បានចាប់ផ្ដើមលក់សាំងដប និងភេសជ្ជៈ បន្តិចបន្តួចនេះតាំងពីម៉ោងប្រមាណ ៥ល្ងាចរហូតដល់ព្រ លឹមស្រាងៗ ទើបចាប់ផ្ដើមប្រមូលទុកវិញដើម្បីសម្រាក។ មូលហេតុដែលលោកយាយត្រូវលក់យប់បែបនេះ ក៏ដោយ សារគ្មានទីតាំង ហើយសព្វថ្ងៃលោកយាយលក់មុខផ្ទះក្មួយ ដែលពេលភ្លឺគេត្រូវយកកន្លែងលក់វិញម្ដង។
ជារឿយៗលោកយាយតែងផ្ដាំអ្នកនៅជិតនោះថា បើឃើញ លោកយាយសម្រាន្តលក់ ជួយដាស់ឲ្យភ្ញាក់ផង ព្រោះខ្លាច អ្នកលក់អេតចាយលួចឥវ៉ាន់អស់ ឯធុងទឹកកកលក់ភេសជ្ជៈ ត្រូវចាក់សោជាប់ជានិច្ច។ លោកយាយព្យាយាមទប់ខ្លួនដែរ ប៉ុន្តែពេលខ្លះនឿយហត់ពេក ទើបត្រូវងោកលើកៅអីម្នាក់ ឯង។
របរលក់សាំងនាពេលរាត្រីមិនមែនជារឿងស្រួលឡើយ ព្រោះពេលខ្លះត្រូវគេបោកគ្មានបានលុយមួយរៀលក៏មាន។ លោកយាយ ភាព បាននិយាយទាំងទឹកមុខញញឹមតែបង្កប់ ទុក្ខព្រួយថា៖ «ពេលខ្លះគេមកចាក់សាំងហើយ ប្រាប់យាយថាគ្មានលុយទេ សុំចាំថ្ងៃក្រោយយកមកឲ្យ ស្រាប់តែបាត់សូន្យឈឹង… ពេលខ្លះទៀត គេដាក់ទូរស័ព្ទ ហើយយាយហ្នឹងទៅចេះមើលអី ជួនកាលទូរសព្ទខូចចោល ហើយមានមួកមានអីទៀត នៅសល់ពេញហ្នឹង(សើច…)។
តាមពិតលោកយាយដ៏កម្សត់នេះ មានកូនប្រុសបង្កើត ២នាក់ ប៉ុន្តែគ្មានលទ្ធភាពអាចជួយលោកយាយបានឡើយ ព្រោះស្ថានភាពគ្រួសារពួកគេក៏យ៉ាប់យឺនដូចគ្នា។ លោកយាយបានបញ្ជាក់ថា កូនប្រុសម្នាក់ធ្វើស្រែ និងម្នាក់ទៀតមានការងារប្រាក់ខែតិចតួច ហើយប្រពន្ធសុទ្ធតែជាអ្នកធ្វើការរោងចក្រ បានត្រឹមផ្ញើអង្ក ឬលុយកាក់តិចតួចប៉ុណ្ណោះសម្រាប់ចិញ្ចឹមចៅ។
សព្វថ្ងៃចៅ ២នាក់ដែលជាសាច់ឈាមរបស់កូនប្រុសច្បង បានមករស់នៅភ្នំពេញជាមួយលោកយាយ។ មិនមែនកូនប្រុសលោកយាយគ្មានលទ្ធភាពចិញ្ចឹមកូនទេ ប៉ុន្តែលោកយាយចង់ឲ្យចៅបានរៀនសូត្រច្រើនកុំឲ្យពិបាកទៅថ្ងៃក្រោយទើបយកមករៀនឲ្យបានច្រើននៅភ្នំពេញ ខណៈឪពុកម្ដាយគេកំពុងរស់នៅធ្វើស្រែឯស្រុកបាទី ខេត្តតាកែវ៕ From: news.sabay (03/Nov/2015)