➤ពិភពចែករំលែក World Share - Blogger Network Social News Update ⇧
រាជធានីភ្នំពេញ ៖ ក្រុមជនជាប់ចោទស្រី-ប្រុស ចំនួន៦នាក់ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសប្លន់ជាច្រើនករណី នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញនេះ ត្រូវបាន លោក ហេង កេសរោ ប្រធានក្រុមប្រឹក្សាជំនុំជំរះ សាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមសម្រេចផ្តន្ទាទោសនូវបទល្មើសឧក្រិដ្ឋចំនួន៦បទល្មើស ដែលមានទោសក្នុងម្នាក់រហូត ដល់ជាង១០០ឆ្នាំ។
ជនជាប់ចោទទាំង០៦នាក់ មានឈ្មោះ ហ្សេត ម៉ាន់រ៉ូហ្សេត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម ត្រូវបានតុលាការសម្រេចបន្ថែមទោសរយៈពេល ១៤០ឆ្នាំថែមទៀត លើសំណុំរឿងប្លន់សម្លាប់ជនរងគ្រោះទាំងប្រាំមួយសំណុំរឿង ដោយផ្ដន្ទាទោសក្នុងមួយករណីដាក់ពន្ធនាគារ២៥ឆ្នាំ និងប្រាំករណីទៀត ដាក់ពន្ធនាគារ២៣ឆ្នាំ សរុប១៤០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស ដោយសារប្រព្រឹត្តអំពើហិង្សា និងមរណភាពនៃជនរងគ្រោះ បទកាន់កាប់អាវុធដោយខុសច្បាប់ បទមិនរាងចាលក្នុងការប្រព្រឹត្តបទល្មើសមជ្ឈឹមបន្ទាប់ពីផ្ដន្ទាទោសរួច។ ឈ្មោះ ប៉ែន ចំណាប់ ហៅពីន ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ។ ឈ្មោះ ហ៉ីម សុភ័ក្រ ភេទប្រុសអាយុ២២ឆ្នាំ ជនជាតិខ្មែរ។ ឈ្មោះ អេង អារីហ្វីន ភេទប្រុស អាយុ២៧ឆ្នាំ នាក់ទាំងបីនាក់នេះ ត្រូវបានតុលាការប្រកាសបន្ថែមទោសម្នាក់ៗ១២៣ឆ្នាំ ដោយក្នុងមួយករណី ដាក់ពន្ធនាគារ២៣ឆ្នាំ និងប្រាំករណីទៀត ដែលក្នុងមួយករណីដាក់ពន្ធនាគារ២០ឆ្នាំ ទាំងសរុប១២៣ឆ្នាំ។
ចំណែក ឈ្មោះ ញ៉ែម កន្និដ្ឋា ភេទស្រី អាយុ២២ឆ្នាំជនជាតិខ្មែរ និងឈ្មោះ ពេជ្រ សូណែក ភេទស្រីអាយុ២០ឆ្នាំ ជនជាតិខ្មែរ ត្រូវបានចៅក្រមសម្រេចផ្ដន្ទាទោសបន្ថែម
១០៩ឆ្នាំ ដោយក្នុងមួយករណីដាក់ពន្ធនាគារ២០ឆ្នាំ និងមួយករណីទៀត ដាក់ពន្ធនាគារ១៧ឆ្នាំ ចំណែកបួនករណីទៀត ដែលក្នុងមួយករណីត្រូវផ្តន្ទាទោស១៨ឆ្នាំ សរុប
១០៩ឆ្នាំ។
អង្គហេតុដែលតុលាការលើកយកមកកាត់ទោសក្រុមចោរប្លន់ទាំង ៦នាក់ខាងលើនេះ រួមមាន
- អំពើប្លន់នៅផ្លូវលេខ៥៩៨ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ ដោយបាញ់ប្លន់យកម៉ូតូ បណ្ដាលឲ្យជនរងគ្រោះស្លាប់។
- នៅខែសីហា ឆ្នាំ២០១៥ នៅមុខទីស្តីការគណៈរដ្ឋមន្ត្រីក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ករណីបាញ់ប្លន់ជនរងគ្រោះដើម្បីប្លន់យកម៉ូតូ។
- នៅអំឡុងខែតុលា ឆ្នាំ២០១៥ ករណីបាញ់ជនរងគ្រោះចំចង្កេះ ដើម្បីប្លន់យកម៉ូតូ នៅស្ពានព្រែកព្នៅ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
- នៅខែកញ្ញា និងខែតុលា ឆ្នាំ២០១៥ ករណីបាញ់ប្លន់យកម៉ូតូម៉ាក MSX និងម៉ូតូម៉ាកស្កុបពី។
- នៅថ្ងៃទី១០ធ្នូ ឆ្នាំ២០១៥ នៅមុនទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងសង្កាត់មនោរម្យ ក្នុងខណ្ឌ៧មករា បាញ់ប្លន់ជនរងគ្រោះឈ្មោះ សេង សំអូន ប្លន់យកម៉ូតូ ដោយបណ្ដាលឲ្យជនរងគ្រោះពិការជាអចិន្ត្រៃយ៍។
សមត្ថកិច្ចបានតាមប្រម៉ាញ់ក្រុមចោរប្លន់នេះ ដោយបាញ់សម្លាប់អស់២នាក់ និងចាប់ខ្លួនបាន៦នាក់៕
នៅពេលនាំកម្លាំងសមត្ថកិច្ចទៅដល់ទីនោះ អាវុធហត្ថបានបាញ់តដៃជាមួយក្រុមជនសង្ស័យ២នាក់ រហូតដល់ស្លាប់ឈ្មោះ ម៉ី និងឈ្មោះ លីម។ ឈ្មោះ ម៉ី គឺជាសង្សាររបស់ ពេជ្រ សូណែត រីឯ ឈ្មោះ លីម ជាសង្សាររបស់ ញ៉ែម កន្និដ្ឋា។ ឈ្មោះ ពេជ្រ សូណែត និង ញ៉ែម កន្និដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅទីនោះ។
ដំណាក់កាលសួរដេញដោល ជនជាប់ចោទទាំង៥នាក់ រួចមកមេធាវីរបស់ពួកគេបានសុំឲ្យតុលាការដោះលែងពួកគេ ប៉ុន្តែព្រះរាជអាជ្ញា សេង ហៀង រក្សាបទចោទដដែល ហើយសាលក្រមនៃសំណុំរឿងនេះ ត្រូវបានលើកយកមកប្រកាសនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ បើកសិទ្ធិប្តឹងឧទ្ធណ៍តាមកំណត់ច្បាប់៕
➤ពិភពចែករំលែក World Share - Blogger Network Social News Update ⇧