ការប្រើប្រាស់ស្មាតហ្វូន និងឧបករណ៍ផ្សេងទៀតអាចនាំឱ្យមានបញ្ហាដល់ការយកចិត្តទុកដាក់ ឥរិយាបទ និងការចេះគ្រប់គ្រងខ្លួនឯង សម្រាប់មនុស្សវ័យជំទង់ និងនាំឱ្យមានហានិភ័យនៃបញ្ហាសុខភាពផ្លូវចិត្ត ។ នេះបើតាមការស្រាវជ្រាវថ្មីមួយបានព្រមាន ។
ស្របគ្នានេះដែរ ក្មេងជំទង់ដែលប្រឈមនឹងហានិភ័យប្រើបច្ចេកវិទ្យាកាន់តែច្រើន ពួកគេជួបប្រទះនឹងបញ្ហាកំហឹងជាច្រើន និងរោគសញ្ញានៃជំងឺADHD (ឱនភាពការយកចិត្តទុកដាក់/ភាពមិនប្រក្រតី) បើធៀបទៅនឹងពេលវេលាដែលពួកគេបានប្រើបច្ចេកវិទ្យាតិច ។ នេះបើតាមអ្នកនិពន្ធនៃការសិក្សាលោកស្រីMadeleine George ពីសាកលវិទ្យាល័យ Duke នៅក្នុងទីក្រុង Durham រដ្ឋNorth Carolina សហរដ្ឋអាមេរិកបាននិយាយ ។
ការស្រាវជ្រាវដែលបានចេញផ្សាយនៅក្នុងកាសែតអភិវឌ្ឍន៍កុមារបានមើលទៅលើការទាក់ទងរវាងរោគសញ្ញាសុខភាពផ្លូវចិត្តក្មេងវ័យជំទង់ និងពេលវេលាដែលពួកគេបានចំណាយពេលផ្ញើសារ ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម និងការប្រើអុីនធើណេតជារៀងរាល់ថ្ងៃ ។
ចំពោះការស្រាវជ្រាវនេះ ការស្ទង់មតិក្មេងជំទង់ចំនួន១៥០នាក់ នៅលើការប្រើប្រាស់ស្មាតហ្វូននៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រចាំថ្ងៃរបស់ពួកគេ ។ ពួកគេត្រូវបានស្ទង់មតិបីដងក្នុងមួយថ្ងៃសម្រាប់រយៈពេលមួយខែ និងត្រូវបានគេវាយតម្លៃលើរោគសញ្ញាសុខភាពផ្លូវចិត្តរយៈពេល១៨ខែក្រោយមក ។
យុវជនដែលចូលរួមមានអាយុចន្លោះពី១១ឆ្នាំទៅ១៥ឆ្នាំ ។ មនុស្សវ័យជំទង់ដែលបានចំណាយពេលជាមធ្យម២,៣ម៉ោងក្នុងមួយថ្ងៃដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថានៅពេលដែល មនុស្សវ័យជំទង់បានប្រើឧបករណ៍របស់ពួកគេច្រើន ពួកគេច្រើនតែជួបប្រទះបញ្ហាក្នុងការប្រព្រឹត្ដដូចជាការនិយាយកុហក ការវាយគ្នា និងបញ្ហាអាកប្បកិរិយាផ្សេងទៀត ។
លើសពីនេះទៀត នៅពេលដែលមនុស្សវ័យជំទង់បានប្រើឧបករណ៍ឌីជីថលច្រើនជាងធម្មតា ពួកគេមានការលំបាកក្នុងការយកចិត្ដទុកដាក់ និងមានរោគសញ្ញានៃជំងឺឱនភាពនៃការផ្ចង់អារម្មណ៍ ។ ការសិក្សានេះក៏បានរកឃើញថា មនុស្សវ័យជំទង់ វ័យក្មេងដែលចំណាយពេលច្រើនលើបណ្តាញ Online មានការកើនឡើងបញ្ហាហិង្សា និងបញ្ហាជាមួយនឹងការគ្រប់គ្រងខ្លួនឯងក្នុងរយៈពេល១៨ខែក្រោយមក ៕