រឿងរ៉ាវចាប់ក្មេងជាញឹកញាប់ ធ្វើឲ្យមានការភ័យខ្លាច ពីសំណាក់អាណាព្យាបាល ពិសេសឪពុកម្តាយដែលមានកូនតូចៗចូលរៀននៅសាលា ដែលងាយនឹងជឿតាមល្បិចបោកប្រាស់របស់ជនល្មើសទាំងអស់នោះ ។ ជាក់ស្តែងកាលពីម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៤ កក្កដា នេះមានហេតុការណ៍ភ្ញាក់ផ្អើលមួយកើតឡើងស្ថិតក្នុងភូមិត្រោក ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បន្ទាប់ពីមានជនមិនស្គាល់មុខ បានចាប់ក្មេងស្រីអាយុ១០ឆ្នាំម្នាក់ ប៉ុន្តែសំណាងល្អចាប់មិនបានសម្រេច ដែលក្មេងស្រីរងគ្រោះមានឈ្មោះថា ហយ ស្រីរត្ន័ អាយុ១០ឆាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិត្រោក ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
បើតាមសម្តីរបស់ក្មេងស្រីរងគ្រោះបានរៀបរាប់ប្រាប់ភ្នាក់ងារ ដំណឹងយប់មិញ ថា មុនពេលកើតហេតុ រូបនាងកំពុងដើរតាមផ្លូវ ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាក ពណ៌សមួយគ្រឿង បានបើកមកឈប់ក្បែរនាង ហើយអ្នកបើកបរនោះបាននិយាយថា មីអូន! ឡើងឡានមក..ទៅជាមួយពូ… ពូទៅនៅភ្នំពេញជាមួយម៉ាក់ឯង ហើយនាងក៏ឆ្លើយតបវិញថា ម៉ែខ្ញុំមិននៅភ្នំពេញទេ ម៉ែខ្ញុំទៅរកស៊ីនៅប្រទេសថៃ ពេលនោះជនសង្ស័យក៏បានឆ្លើយវិញថា ម៉ែក្មួយឯង ឲ្យពូមកយកក្មួយឯង ០៣ថ្ងៃហើយតែពូមកមិនជួប ស្រាប់តែនិយាយមិនទាន់ផុតពីមាត់ផង ជននោះចុះពីលើរថយន្ត មកទាញដៃនាងចាប់ឡើងរថយន្ត រួចធ្វើសកម្មភាពយកខ្សែសេរ៉ូមមកទាក់កជាប់នឹងកៅអីរថយន្ត ហើយយកស្កុតមករុំពីរបីជុំ បិតមាត់នាងទៀត ។
ក្មេងស្រីរងគ្រោះ បន្តថា ពេលនោះ នាងមិនដឹងថា ជនចាប់ក្មេងយកទឹកអ្វីទេ មកបាញ់លើមុខនាង ថែមទាំងប្រាប់ថា នៅឲ្យស្ងៀម គាត់បាញ់ទឹកអប់ឲ្យ ។
ក្មេងស្រីរងគ្រោះបព្ជាាក់ថា នៅក្នុងរថយន្តឃើញមានមនុស្សស្រីម្នាក់ទៀត ដែលក្នុងដៃមានកាន់ខ្សែលួស រួចនាងក៏សន្លប់លែងដឹងខ្លួន តែម្តងទៅ ។ បើតាមសម្តីអ្នកប៉ះកង់ម៉ូតូម្នាក់មានឈ្មោះ ចាន់ គា អាយុ៥៣ឆ្នាំ នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា ពេលនោះមានគេធ្លាយម៉ូតូ យកឲ្យគាត់ប៉ះ តែពោះវៀនម៉ូតូធ្លាយធំពេកប៉ះមិនកើត គាត់ក៏ជិះម៉ូតូទៅទិញពោះវៀនដូរឲ្យគេ ពេលគាត់ជិះទៅបានឃើញមានរថយន្តកាម៉ារីស្វិតមួយគ្រឿង ពណ៌ស ឈប់នៅចិញ្ចើមផ្លូវ ពេលគាត់ត្រឡប់មកវិញ គាត់ក៏ឃើញទៀត តែគាត់ក៏មិនចាប់អារម្មណ៍ថា មានរឿងអីកើតឡើងដែរ តែប្រហែលកន្លះម៉ោងក្រោយមក ក៏មានគេឆោឡោថា មានករណីចាប់ក្មេង ស្រាប់តែរថយន្តនោះក៏បើកចេញទៅបាត់ទៅ ដោយបន្សល់ទុកក្មេងស្រីរងគ្រោះ លើចិញ្ចើមផ្លូវ ។
អ្នកប៉ះកង់ម៉ូតូ បញ្ជាក់ថា ប្រហែលជាជនល្មើស ខ្លាចបែកការណ៍ហើយព្រោះមានការផ្អើលដល់អ្នកភូមិច្រើនគ្នា បានជាពួកវាទម្លាក់ក្មេងស្រីនោះចុះវិញ និងបើកឡានគេចខ្លួនតែម្តង ។
បើតាមស្ត្រី អាយុ៦៥ឆ្នាំម្នាក់ ត្រូវជាយាយរបស់ក្មេងស្រីរងគ្រោះ បានប្រាប់ថា កូនស្រីគាត់ បានទៅរកស៊ីនៅឯប្រទេសថៃ ទាំងប្ដីទាំងប្រពន្ធ ហើយទុកចៅ០៣នាក់ឲ្យគាត់ ជាអ្នកមើលថែរហូតដល់សព្វថ្ងៃ ។ គួររំលឹកផងដែរ កាលពីពេលថ្មីកន្លងទៅនេះ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបង បាននាំគ្នាភ្ញាក់ផ្អើល និងភ័យខ្លាចចំពោះសុវត្ថិភាពកូនៗ បន្ទាប់ពីលឺដំណឹងថា មានជនសង្ស័យម្នាក់ ឬហៅថា ជាប្រម៉ាត់ប្រម៉ង់ បានជិះម៉ូតូតាមភូមិ ក្នុងបំណងចាប់យកក្មេងៗតូច ។
ប៉ុន្តែយ៉ាងណាក៏ដោយក្រោមកិច្ចប្រតិបត្តិការរបស់នគរបាល ជនបង្កត្រូវបានចាប់ខ្លួនយកមកផ្តទ្ទាទោសតាមផ្លូវច្បាប់ផងដែរ ៕ ប្រភពពី ដំណឹងយប់មិញ