World Share
រាជធានីភ្នំពេញ ៖ ប្លន់! ជនសង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿង មានគ្នា៦នាក់ ប្រដាប់ដោយដាវសាម៉ូរៃ បានធ្វើសកម្មភាពជិះតាមធាក់ម៉ូតូអោយដួល រួចដកដាវគំរាមកាប់ប្លន់យកម៉ូតូ ZOOMER-X ពីបុរសម្នាក់ បានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោល មិនរំខានដល់សមត្ថកិច្ចប៉ុស្តិ៍ព្រែកកំពឹស កំពុងដេកប្រចាំការឡើយ កាលពីវេលាម៉ោង០០និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ៍ ទី៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ត្រង់ចំណុចជិតស្ពានបាក់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោរាជធានីភ្នំពេញ។
បើតាមជនរងគ្រោះឈ្មោះយ៉ាង ឧត្ដម ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរចាក់បទភ្លេងខារ៉ាអូខេ ជិតកោះពេជ្រ មានស្រុកកំណើតនៅភូមិចារ ឃុំកន្ត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល រៀបរាប់ប្រាប់ខេមប៉ុស្តិ៍ថា នៅមុនពេលកើតហេតុ រូបគាត់បានចេញមកពីកន្លែងធ្វើការ "ចាក់ភ្លេងខារ៉ាអូខេ នៅជិតកោះពេជ្រវិញ" ដោយបានជិះម៉ូតូមួយគ្រឿង ម៉ាក ZOOMER-X ពណ៍សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FS-7178 ធ្វើដំណើរតាមផ្លូវជាតិលេខ២ ទិសដៅពីកើតទៅលិច គោលបំណងត្រលប់ទៅវិញដងសពដង ស្រាប់មកដល់ចំនុចកើតហេតុខាងលើលេចជនសង្ស័យ១ក្រុមជិះម៉ូតូ៣គ្រឿង មិនចាំម៉ាក មានគ្នា៦នាក់ មកពីក្រោយ ជិះមកគៀបសងខាងហើយធ្វើសម្មភាពធាក់អោយដួល រួចដកដាវបម្រុងកាប់ ធ្វើអោយរូបគាត់ភ័យរត់ចោលម៉ូតូក៍ស្រែកថាចោរៗយករួចខ្លួនសិនដោយឃើញឱកាសល្អជនសង្ស័យទាំងនោះបានប្រញ៉ាប់ប្រញ៉ាល់លើកម៉ូតូរបស់ខ្លួនយកជិះគេចខ្លួនបាត់ ដោយសុវត្តិភាព មិនរំខានដល់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកកំពឹស ដែលកំពុងសង្ងំដេកលង់លក់ឡើយ ព្រោះថ្មីៗនេះ អភិបាលរាជធានីភ្នំពេញ ចេញបញ្ជាឲ្យប៉ូលីសប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង១០៥ និងអធិការខណ្ឌទាំង១២ ត្រូវមានអ្នកប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ដូចសាលាសង្កាត់តែម្តង ដើម្បីរង់ចាំទទួលពាក្យបណ្តឹង និងត្រៀមលក្ខណៈអន្តរាគមន៍បានទាន់ពេល ជុំវិញបញ្ហាសន្តិសុខ និងបំរើការងារជូនប្រជាពលរដ្ឋ នៅពេលពួកគាត់ត្រូវការបន្ទាន់ ។
ជាក់ស្ដែងសមត្ថកិច្ចប៉ុស្តិ៍ព្រែកកំពឹស ដាក់កម្លាំងដេកប្រចាំការនៅប៉ុស្តិ៍ ដើម្បីរងចាំទទួលពាក្យបណ្ដឹង ២៤ម៉ោងលើ២៤ម៉ោងពិតមែន រហូតទាល់តែជនរងគ្រោះទៅដល់មុខប៉ុស្តិ៍ រកមើលសមត្ថកិច្ចឲ្យចេញជួយអន្តរាគមន៍ផង ស្រាប់តែធ្លាក់ទឹកមុខ អស់សង្ឃឹម ព្រោះសមត្ថកិច្ចគាត់ដេកប្រចាំការមែន ទើបដាស់ឲ្យងើបមកសួរនាំរួចគ្រាន់តែទទួលពាក្យបណ្ដឹងនោះទុក ដើម្បីស្រាវជ្រាវប៉ុណ្ណោះ។
បន្ទាប់ពីដាក់ពាក្យបណ្ដឹងរួច ជនរងគ្រោះក៍បានរៀបចំឡើងជិះម៉ូតូឌុបត្រលប់ទៅផ្ទះវិញ ត្រូវបានក្រុមអ្នកសារព័ត៍មាន ដែលទើបមកដល់បានមួយសន្ទុះ បាននាំគ្នាធ្វើការសាកសួរ និងថតរូបភាព ក្រៅបរិវេណប៉ុស្តិ៍ប៉ុណ្ណោះ ស្រាប់តែលោកមេប៉ុស្តិ៍ម្នាក់ ស្លៀកពាក់ស៊ីវិល ទើបតែចេញងើបពីដេកប្រចាំការក្នុងប៉ុស្តិ៍ដែរនោះ ដើរចេញមកមិនបានសួរនាំអីនោះទេ ត្រេងត្រាំងៗ រួចមកស្រែកជេមកលើក្រុមអ្នកសារព័ត៍មានយ៉ាងខ្លាំងៗយ៉ាងចាស់ ទើបធ្វើឲ្យក្រុមអ្នកសារព័ត៍មានយើង មិនហ៊ានតប(ត)ដែរ ព្រោះគាត់ទើបងើបមកពីដេកប្រចាំការ ទើបនាំគ្នាជិះម៉ូតូចេញពីប៉ុស្តិ៍ព្រែកកំពឹសត្រលប់ទៅវិញរៀងខ្លួន។
សូមបញ្ជាក់ថា ក្នុងសន្និបាតបូកសរុបការងារបោះឆ្នោត នីតិកាលទី៦ ឆ្នាំ២០១៨ របស់គណៈកម្មការរៀបចំ ការបោះឆ្នោតរាជធានីភ្នំពេញ កាលពីចុងខែសីហានេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យប៉ូលីសប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង១០៥ និងអធិការខណ្ឌទាំង១២ ត្រូវមានអ្នកប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ដូចសាលាសង្កាត់តែម្តង ដើម្បីរង់ចាំទទួលពាក្យបណ្តឹង និងត្រៀមលក្ខណៈអន្តរាគមន៍បានទាន់ពេល ជុំវិញបញ្ហាសន្តិសុខ និងបំរើការងារជូនប្រជាពលរដ្ឋ នៅពេលពួកគាត់ត្រូវការបន្ទាន់ ។ ជុំវិញបញ្ហាប្រជាពលរដ្ឋ មកប៉ុស្តិ៍ដាក់ពាក្យបណ្តឹង ប៉ូលិសឆ្លើយថា រឿងតូចតាចមិនចាំបាច់ប្តឹងនោះឡើយ ដែលបញ្ហានេះបានធ្វើឲ្យប្រជាពលរដ្ឋមិនពេញចិត្ត ។ ដូច្នេះ ដើម្បីបញ្ជៀសការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋបន្តទៀតនោះ ប៉ូលិសប៉ុស្តិ៍រដ្ឋបាល អធិការខណ្ឌ ត្រូវតែដាក់វេនប្រចាំការឲ្យបានជាប់ជាប្រចាំ សម្រាប់ទទួលបណ្តឹង និងអន្តរាគមន៍បានទាន់ពេល ជូនពួកគាត់។
ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងច្បាស់ថា ការដាក់ចេញបទបញ្ជាខាងលើនេះ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង១០៥ និងអធិការខណ្ឌទាំង១២ ត្រូវបើកយុទ្ធនាការ តម្រូវឲ្យមានអ្នកប្រចាំការ ទាំងមន្ត្រីសង្កាត់ ក៏ដូចប៉ូលិសសង្កាត់ ពិសេសចៅសង្កាត់ជាមេរបស់ប៉ូលិស ដែលមានភារៈកិច្ចត្រួតពិនិត្យលើបញ្ហានេះត្រូវត្រួតពិនិត្យមើលថា តើប៉ូលិសប៉ុស្តិ៍អនុវត្តតាមបទបញ្ជាបានដែរឬទេ ជាពិសេសប៉ុស្តិ៍នគរបាល និងចៅសង្កាត់ត្រូវតែសហការគ្នា ដើម្បីបំរើប្រជាពលរដ្ឋ ដោយមិនគិតពីផលប្រយោជន៍ជាធំ ៕