រាជធានីភ្នំពេញ ៖ ស្ត្រីជាកម្មការិនីកាត់ដេរម្នាក់សម្រាលកូនទី៣នៅមន្ទីរពេទ្យជប៉ុនបែរជាគ្រូពេទ្យមិនយកចិត្តទុកដាក់បណ្តោយឲ្យស្លាប់ទាំងម្តាយទាំងកូនមិនទាន់បានសម្រាលផង បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧យប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ៤៧ នៅក្នុងមជ្ឈមណ្ឌលគាំពារមាតានិងទារក ហៅមន្ទីរពេទ្យជប៉ុន ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ជនរងគ្រោះដែលស្លាប់ពេលសម្រាលកូនមានឈ្មោះ ឈៀ សារិន អាយុ៣០ឆ្នាំ មុខរបរជាកម្មការីនីរោងចក្រ ស្នាក់នៅភូមិក្រាំងម្កាក់ ឃុំត្រពាំងស្វាយ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកឯប្តីមានឈ្មោះ ជូ ភារ៉ា អាយុ៣៤ឆ្នាំ មុខរបរជាសហជីព ។ បើតាមសំដីរបស់ឪពុកជនរងគ្រោះ និងប្តីរបស់ជនរងគ្រោះបានឱ្យដឹងថា ប្រពន្ធរបស់គាត់មានកូនប្រុស២នាក់រួចមកហើយដែលកូនប្រុសច្បងអាយុ១០ឆ្នាំ និងកូនប្រុសប្អូនអាយុ៦ឆ្នាំ និងបានពរពោះកំណើតកូនទី៣បានទៅពិនិត្យឃើញថាជាកូនស្រី ។ នៅថ្ងៃទី២៧ ខែឧសភា ប្រពន្ធរបស់គាត់ឈឺពោះសម្រាលកូនហើយនៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៧ ខែឧសភា គាត់បានដឹកប្រពន្ធទៅពិនិត្យផ្ទៃពោះដើម្បីសម្រាលកូននៅមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក ហៅពេទ្យជប៉ុន ពីព្រោះគាត់មានប័ណ្ណ ស.ស.ប ។
បុរសជាប្តីបានឲ្យដឹងថា បន្ទាប់ពីគ្រូពេទ្យពិនិត្យផ្ទៃពោះនៅថ្ងៃទី២៧ ខែឧសភា ហើយបានប្រាប់ថាជិតដល់ពេលសម្រាលកូនហើយឲ្យសម្រាកនៅមន្ទីរពេទ្យដើម្បីតាមដានហើយរូបគាត់ និងប្រពន្ធបានសម្រាកនៅក្នុងមន្ទីរពេទ្យបានមួយយប់រហូតដល់ម៉ោង៦ល្ងាចថ្ងៃទី២៨ ខែឧសភា ស្រាប់តែប្រពន្ធរបស់គាត់ចាប់ផ្តើមឈឺពោះម្តងទៀតគាត់បានទៅប្រាប់គ្រូពេទ្យយកទៅពិនិត្យប្រាប់ថា ជិតដល់ពេលសម្រាលកូនហើយភ្លាមៗនោះគាត់បានទូរស័ព្ទប្រាប់ឪពុកថា ប្រពន្ធឈឺពោះសម្រាលកូនហើយ ។ ចំណែកប្រពន្ធរបស់គាត់ត្រូវបានគ្រូពេទ្យរុញដាក់លើប្រង់កាយកចូលទៅក្នុងបន្ទប់សម្រាលកូនដែលនៅក្នុងនោះបន្ទប់សម្រាលកូននោះមានពេទ្យស្រី៤ទៅ៥នាក់ដែលជាក្មេងៗសង្ស័យថា ជាពេទ្យស្តា ជាអ្នកចាំបង្កើតកូនរបស់គាត់ ម្យ៉ាងទៀតនៅក្នុងបន្ទប់នោះមិនមានឧបករណ៍គ្រប់គ្រាន់ទេឃើញតែគ្រូពេទ្យបន្តិចរត់ទៅយកនេះរត់ទៅយកនោះ និងមានគ្រូពេទ្យពាក់ស្រោមដៃលូកបង្កើតកូនប៉ះចំស្បូនបង្កឱ្យបែកទឹកភ្លោះហូរឈាមចេញមកដាច់ខ្យល់ស្លាប់ភ្លាមៗទាំងម្តាយទាំងកូនមិនទាន់សម្រាលផង ។ ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីឃើញប្រពន្ធរបស់គាត់ស្លាប់ទាំងមិនទាន់បានសម្រាលកូនផងនោះ ក្រុមគ្រូពេទ្យដែលជាអ្នកសម្រាលកូនរបស់គាត់នោះបាននាំគ្នាគេចខ្លួនអស់មិនមានគ្រូពេទ្យណាម្នាក់ចេញមុខមកបកស្រាយប្រាប់ពួកគាត់ដែលជាសាច់ញាតិជនរងគ្រោះទេ ៕