[ពិភពចែករំលែក - ដកស្រង់បន្តពី កោះសន្តិភាព]
ខេត្តកំពង់ធំ ៖ មានហេតុការណ៍ដ៏រន្ធត់មួយ បណ្តាលឱ្យមាន មនុស្សជាច្រើនឈឺស្លាប់ និងមនុស្សជាច្រើនទៀតកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារតែការបរិភោគ សាច់សត្វឆៅ ហេតុការណ៍បានកើតឡើងនៅច្រកតោ ស្ថិតក្នុងឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ (ជិតបរិវេណព្រៃឡង់)។
លោកអនុសេនីយ៍ឯក ចាន់ មានជ័យ ប្រាប់ថា នៅច្រកតោនេះ មានប្រជាពលរដ្ឋចំណាកស្រុកជាច្រើនស្នាក់នៅ ហើយការស្លាប់នេះ មានមន្ត្រីឧទ្យាននរក្សការពារឧទ្យាន ធនធានធម្មជាតិព្រៃឡង់ម្នាក់ស្លាប់ និងប្រជាពលរដ្ឋចំនួន ៦នាក់ទៀត ក្នុងនោះនៅភូមិត្បូងទឹក ស្លាប់២នាក់
១-ឈ្មោះ អ៊ុល ជីន ភេទប្រុស អាយុ២៨ឆ្នាំ
២-ឈ្មោះ ហ៊ិន ញ៉ឹម ភេទប្រុសអាយុ៤៩ឆ្នាំ ស្លាប់ កាលពីថ្ងៃទី១៩ កញ្ញា ២០១៧នេះ ។
ចំណែកប្រជាពលរដ្ឋ៥នាក់ទៀតរស់នៅភូមិឈូក ឃុំសណ្តាន់
១-ឈ្មោះ ផេង ច្រាញ់ ភេទប្រុស អាយុប្រហែល៣៨ឆ្នាំ
២-ឈ្មោះ សាំ គួន ភេទប្រុស អាយុ៤០ឆ្នាំ
៣-ឈ្មោះ ហ៊ីង ភន ភេទប្រុស អាយុ៣៧ឆ្នាំ
៤-ឈ្មោះ ប៉ាត ឌីន ភេទប្រុស អាយុ៣៣ឆ្នាំ បានឈឺស្លាប់ជាបន្តបន្ទាប់គ្នា
ចំណែកឯទី៥ ឈ្មោះ កុយ ហ៊ន ភេទប្រុស អាយុ៣២ឆ្នាំ កំពុងឈឺធ្ងន់ដឹកចេញពីមន្ទីរពេទ្យបង្អែកទៅកាន់មន្ទីរពេទ្យខេត្តហើយ ។
រីឯខាងមន្ត្រីឧទ្យានុរក្សាខេត្តកំពង់ធំ បានឲ្យដឹងថាមនុស្ស១៣នាក់ បានឈឺចូលសម្រាកនៅមន្ទីរពេទ្យ
១-ឈ្មោះ ចាប់ ជាន, ២-ឈ្មោះ ព្រុំ ពង, ៣-ឈ្មោះ គី ម៉ាប់, ៤-ឈ្មោះ អេន អ៊ាន់
៥-ឈ្មោះ ដោក ឌត, ៦-ឈ្មោះ កែវ គីលីន, ៧-ឈ្មោះ អៀប ឌីណា, ៨-ឈ្មោះ ស៊ឹម គឹមស៊ន
៩-ឈ្មោះ អ៊ុក អៀង, ១០-ឈ្មោះ គង់ វ៉ាន, ១១-ឈ្មោះ លី សុខាឧត្តម ១២-ឈ្មោះ គឹម គង់ កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ និង១៣-អ្នកដែលស្លាប់ឈ្មោះ លី សុខាឧត្តម ភេទប្រុស អាយុ៣២ រស់នៅភូមិគគី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
លោកវេជ្ចបណ្ឌិត ស្រី ស៊ីន បានមានប្រសាសន៍ឲ្យដឹង នៅរសៀលថ្ងៃទី២៤ កញ្ញា ២០១៧នេះថា ករណីដែលបណ្តាលឲ្យមានមនុស្សស្លាប់ជាច្រើននាក់ខាងលើនេះ គឺមិនមែនមកពីកើតជំងឺឆ្លងអ្វីនោះទេ ហើយបញ្ហានៃការស្លាប់នេះបណ្តាលមកពីពួកគាត់នាំគ្នាបរិភោគសាច់សត្វព្រៃដែលនៅឆៅចម្អិនមិនបានឆ្អិន (ដូចជាសាច់ជ្រូកព្រៃ សាច់ឈ្លូស ដោយពួកគាត់យកទៅធ្វើជាភ្លាហូបនៅឆៅៗតែម្តង) ខណៈសាច់សត្វព្រៃនោះវាមានផ្ទុកមេរោគ នៅពេលយើងបរិភោគឆៅវា បណ្តាលឲ្យកើតជាជំងឺឈឺសាច់ដុំ និងហើមដៃហើមជើង ឈឺចុកចាប់ពេញខ្លួន រហូតដល់ស្លាប់តែម្តង។
ក្នុងនោះផងដែរ ដំណឹងដ៏ក្រៀមក្រំនេះ លោកក៏សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ សូមកុំឲ្យនាំគ្នាទទួលទាន សាច់សត្វគ្រប់ប្រភេទដែលនៅឆៅ ពីព្រោះវាអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់យើងទាំងអស់គ្នា ជាពិសេសការទទួលទានសាច់សត្វព្រៃ វាខុសច្បាប់ផងដែរ បើយើងទាំងអស់គ្នាមិននាំគ្នាបរិភោគ សាច់សត្វព្រៃទេនោះ ក៏គ្មានអ្នកសម្លាប់វាដែរយកមកលក់ដែរ ។ ទាំងស្រុងដកស្រង់ពី ៖ ថុក សុខា - កោះសន្តិភាព
ជាមួយគ្នានេះដែរ លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមជាមួយមន្រ្តីក្រសួងបរិស្ថាន កាលពីល្ងាចថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៧ បានចុះសួរសុខទុក្ខ សំណេះសំណាល និងចែកអំណោយជូនមន្រ្តីឧទ្យានុរក្ស ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត និង នៅមន្ទីរពេទ្យព្រះកេតុមាលា នារាជធានីភ្នំពេញ។ ក្នុងឱកាសនោះ លោកជំទាវ មានប្រសាសន៍ឱ្យមន្រ្តីឧទ្យានុរក្ស ពង្រឹងស្មារតីទទួលសម្រាកព្យាបាល បានល្អ ដើម្បីឆាប់ជាសះស្បើយក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ។ ជាមួយគ្នានេះ លោកជំទាវបានសំណូមពរឱ្យគ្រូពេទ្យយកចិត្តទុកដាក់ជួយពិនិត្យ ព្យាបាលដល់អ្នកជំងឺផងដែរ។ មន្រ្តីឧទ្យានុរក្ស ឈរជើងនៅតំបន់ព្រៃឡង់ ក្នុងមូលដ្ឋានខេត្តកំពង់ធំ ចំនួន១៣ នាក់ បានបញ្ជូនមកសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ នារាជធានីភ្នំពេញ ចាប់តាំងពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីមានការណែនាំ នឹងយកចិត្តទុកដាក់គិតគូរពីសុខទុក្ខដល់មន្រ្តីគ្រប់លំដាប់ថ្នាក់របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន។ សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ និងថ្នាក់ដឹកនាំក្រសួងបរិស្ថានបានជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយមន្រ្តីឧទ្យានុរក្សកំពុងមានជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យព្រះកេតុមាលា នារាជធានីភ្នំពេញផងដែរ៕
[ពិភពចែករំលែក - ដកស្រង់បន្តពី កោះសន្តិភាព]