ទៀតហើយ! បំផ្ទុះ​គ្រាប់បែកអត្តឃាត នៅកណ្តាល​ទីក្រុងឥណ្ឌូនេស៊ី ស្លាប់ច្រើននាក់

មនុស្ស​ចំនួន ៥នាក់ បាន​ស្លាប់​បាត់​បង់​ជីវិត នៅ​ក្នុង​ហេតុការណ៍​ដែល​គេ​សង្ស័យ​ថា ជា​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត ចំនួន ២ នៅ​ឯ​ស្ថានីយ​រថយន្ត​ក្រុង ក្នុង​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​វេលា​ម៉ោង ៩ យប់ (ម៉ោង​នៅ​ឥណ្ឌូនេស៊ី) ថ្ងៃពុធ ទី២៤ ឆ្នាំ២០១៧ម្សិលមិញ​នេះ។ 

បើ​យោង​តាម​សារព័ត៌មាន Dailymail បាន​ឲ្យ​ដឹង​ថា ប៉ូលិស​ចំនួន ៣ នាក់ និង បុរស​ជា​ជនសង្ស័យ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត ២ នាក់ បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​បំផ្ទុះ ចំនួន ២ ដែល​កើត​ឡើង​មុន​ក្រោយ​គ្នា​តែ ៥ នាទី​ប៉ុណ្ណោះ នៅ​ឯ​ស្ថានីយ​រថយន្ត​ក្រុង Kampung Melayu។ ជាមួយ​គ្នា​នេះ​ដែរ មនុស្ស​យ៉ាង​ហោច​ណាស់ ១០ នាក់ បាន​រង​របួស ដោយ​ក្នុង​នោះ​រួម​មាន មន្ត្រី ៥ នាក់ និង ជនស៊ីវិល ៥ នាក់។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ឥណ្ឌូនេស៊ី បាន​ជួប​ប្រទះ​ការ​វាយ​ប្រហារ​កម្រិត​ទាប​ជា​ច្រើន ចាប់​តាំង​ពី​ខែ​មករា មក ខណៈ​រដ្ឋ​អ៊ីស្លាម ISIS បាន​អះអាង​ថា ពួកគេ​ជា​អ្នក​វាយប្រហារ កាល​ពី​ខែ​មករា នោះ ហើយ​វា​ក៏​ជា​ការ​វាយ​ប្រហារ​លើក​ដំបូង​របស់​ពួកគេ នៅ​តំបន់​អាស៊ីអាគ្នេយ៍ ផង​ដែរ។ នេះ​បើ​យោង​តាម​សារព័ត៌មាន BBC។


















ទោះ​ជា​យ៉ាង​ណា សារព័ត៌មាន Channelnewsasia បាន​ឲ្យ​ដឹង​ថា គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា នរណា​ជា​អ្នក​នៅ​ពី​ក្រោយ​ហេតុ​ការណ៍​បំផ្ទុះ​គ្រាប់បែក​ខាងលើ ប៉ុន្តែ ឥណ្ឌូនេស៊ី បាន​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ណាស់ បន្ទាប់​ពី​ធ្លាប់​ទទួល​រង​ការ​វាយ​ប្រហារ​ជាច្រើន ដោយ​ពួក​សកម្ម​ប្រយុទ្ធ ដែល​បំផុស​គំនិត​ដោយ​រដ្ឋ​អ៊ីស្លាម ISIS៕