[ពិភពចែករំលែក]
រាជធានីភ្នំពេញ: ជនសង្ស័យ២នាក់បានជិះម៉ូតូមកធ្វើសកម្មភាពកាច់.ក ម៉ូតូ តែមិនបានសម្រេចបានដកកាំភ្លើងភ្ជង់បំរុងនឹងបាញ់ប្លន់ តែសំណាងល្អមាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ជិះរថយន្តឆ្លងកាត់បានដកកាំភ្លើងភ្ជង់បានមុន។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង៣០ ល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ ៣៧១ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
ជនរងគ្រោះមានឈ្មោះ តឹក វណ្ណា អាយុ២៦ឆ្នាំ មុខរបរ បើករថយន្តដឹកទំនិញ ហើយពេលទំនេរ រត់ម៉ូតូឌុប ស្នាក់នៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ។
ដោយឡែកជនសង្ស័យមានឈ្មោះ ចាន់ សុខ អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិត្រពាំងថ្លុង ឃុំត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចំណែកជនសង្ស័យម្នាក់ទៀតមានឈ្មោះ ចាន់ ថា អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល រត់គេចខ្លួនបាត់ស្រមោល។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ 1 FW-8464 មកជួយលើកឥវ៉ាន់ ឲ្យអ្នកស្គាល់នៅផ្ទះស្ថិតនៅទីតាំងកើតហេតុខាងលើ បានទុកម៉ូតូនៅមុខផ្ទះរួចឡើងទៅលើកឥវ៉ាន់ ខណៈនោះ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក មកឈប់រួចធ្វើសកម្មភាពកាច់.ក ម៉ូតូបានសម្រេចបំរុងនិងជិះគេចខ្លួន តែត្រូវម្ចាស់ម៉ូតូចុះមកទាន់ បានលោតធាក់ ហើយបានវាយប្រតាយប្រតប់គ្នា បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមផ្លូវ ស្រាប់តែពេលនោះមានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានបើករថយន្តឆ្លងកាត់ឃើញ ហើយឃើញជនសង្ស័យមានកាំភ្លើងនៅចង្កេះ ក៏បានចុះពីលើរថយន្តហើយដកកាំភ្លើងភ្ជង់ទៅលើជនសង្ស័យឲ្យទម្លាក់កាំភ្លើងចុះ ជនសង្ស័យក៏បានដកកាំភ្លើងរបស់ខ្លួនបោះមកក្រោយ រួចត្រូវបានសមត្ថកិច្ចវាយខ្នោះ ក៏ត្រូវបងប្អូនប្រជាពលរដ្ឋនាំគ្នាស្វាគមន៍យ៉ាងចាស់ដៃ ទើបសមត្ថកិច្ចនាំខ្លួនមកសាកសួរតែម្ដង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលបឹងទំពុន និងធ្វើការស្រាវជ្រាវតាមចាប់បក្សពួកម្នាក់ទៀតជាបន្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕
សូមទស្សនាសេចក្ដីរាយការណ៍ពីប៉ុស្តិ៍ននគរបាលបឹងទំពុន