ចង់សងអ្វី? រថយន្តបែនបើកឆ្លងផ្លូវបុកម៉ូតូច្រាសទិស ចំពីមុខ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ រួចបើករត់បាត់!



➤ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីមានរថយន្តបែនដឹកដីបើកឆ្លងផ្លូវទៅបុកម៉ូតូច្រាសទិសគ្នា ចំពីមុខពេញទំហឹង កាលពីវេលាម៉ោង០៧:៥០នាទីយប់ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃកី "ខ" សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះតាមអត្តសញ្ញាណប័ណដែលនៅជាប់នឹងខ្លួន មានឈ្មោះថា ខាយ កំសេន ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើត ភូមិសាឡូងទី១ ឃុំអង្គេទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ជនរងគ្រោះជិះម៉ូតូ មួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CN-0970 ជាមធ្យោបាយ ។
បើតាមសាច់ញាតិប្រាប់មកកាន់សមត្ថកិច្ចដែលទាក់ទងតាមរយៈទូរស័ព្ទ បានឲ្យដឹងថា ជនរងគ្រោះខាងលើ មានមុខរបរ ជាជាងភ្លើង ស្នាក់នៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ ចំណែករថយន្តបង្ក ត្រូវបានប្រជាពលរដ្ឋអះអាងថា ជារថយន្តបែនកង់៦ ក្រោយកើតហេតុភ្លាម បានបន្ថែមល្បឿនបើកគេចទៅបាត់ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុន ពេលកើតហេតុ គេបានឃើញ រថយន្តបង្ក បើកពីជើង ទៅត្បូង លុះដល់ចំណុចកើតហេតុ បត់ឆ្លងផ្លូវ ជ្រុលទៅបុក ចំពីមុខម៉ូតូជនរងគ្រោះ ដែលបើកពីត្បូង ទៅជើង បណ្តាលឲ្យបោកក្បាលធ្លាយខួរ ស្លាប់ភ្លាមៗ នៅកន្លែងតែម្ដង ម៉ូតូខ្ទេចមួយកំណាត់មុខ ហើយរថយន្តបង្ក បើករត់កាត់តាមផ្លូវបេតុង ក្នុងភូមិ គេចទៅបាត់ស្រមោល បន្សល់ទុកតែសាកសព នៅកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកកន្លែងកើតហេតុ រួចយកម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលពងទឹក ដើម្បីរងចាំក្រុមគ្រួសារយកឯកសារមកយកទៅវិញ។ ចំណែកសពត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារអោយមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីហើយ។


➤ពិភពចែករំលែក World Share - Blogger Network Social News Update