Update | ទីបំផុតដំណឹងចុងក្រោយរបស់កងទ័ពមួកខៀវកម្ពុជា៣នាក់ ដែលបាត់ខ្លួន ក្នុងការវាយប្រហាររបស់ក្រុមឧទ្ទាម គឺពួកគាត់បានលាគ្រួសារ លាពួកយេីង និង លាជាតិ ជារៀងរហូតហេីយ ពិតជារន្ធត់ចិត្ត និងសោកស្ដាយណាស់!!!
អ្នកនាំពាក្យក្រសួងការពារជាតិ ៖ ទាហានមួកខៀវកម្ពុជា៣នាក់ ដែលបាត់ខ្លួននៅប្រទេសអាហ្រ្វិកកណ្តាល ពេលនេះបានស្លាប់ហើយ, សាកសពត្រូវបានរកឃើញ២គីឡូម៉ែត្រពីកន្លែងកើតហេតុ ។
រាជធានីភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រាប់ឱ្យដឹងនៅយប់ជ្រៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះថា ទាហានមួកខៀវកម្ពុជា៣រូប ដែលបាត់ខ្លួនក្រោយហេតុការណ៍បាញ់ប្រហារ ដោយក្រុមឧទ្ទាម នៅប្រទេសអាហ្រ្វិកកណ្តាល នាយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នោះ ពេលនេះបានស្លាប់ហើយ។ សាកសពរបស់ពួកគាត់ត្រូវបានរកឃើញ នៅថ្ងៃទី០៩ ខែឧសភានេះ នៅប្រមាណ២គីឡូម៉ែត្រពីកន្លែងកើតហេតុតែម្តង។ ទាហានកម្ពុជាស្លាប់សរុបទាំងអស់ចំនួន៤នាក់។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «កម្លាំងកម្ពុជា០៣នាក់ដែលបានបាត់ខ្លួន ក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ត្រូវបានរកឃើញស្លាប់ទាំងអស់ ក្នុងចំងាយ ២គម ពីកន្លែងកើតហេតុ។ សពទាំងបីនេះត្រូវបានអន្តរាគមន៍ដោយក្រុមគ្រូព្រះវិហារដែលនៅក្បែរនោះ។ សពទាំងបីកំពុងតំកល់នៅតំបន់ Bangassou រង់ចាំដឹកតាមឧទ្ធម្ភាគចក្ររបស់ អ.ស.ប មកទីក្រុង Bangui នាព្រឹកស្អែក»។
ក្រសួងការពារជាតិ បានសម្តែងការសោកស្តាយយ៉ាងពន់ពេក ចំពោះការបាត់បង់ទាហានមួកខៀវរបស់កម្ពុជា ព្រមទាំងចូលរួមរំលែកទុក្ខចំពោះការពលីជីវិតប្រកបដោយកិត្តិយសថ្លៃថ្នូរ និងវីរភាពដ៏អង់អាចក្លាហាននៃកុលបុត្រកម្ពុជា ដែលបានលះបង់ជីវិតក្នុងការបំពេញបេសកកម្មមនុស្សធម៌អន្តរជាតិ ក្រោមឆ័ត្រ អង្គការសហប្រជាជាតិ UN នៅសាធារណរដ្ឋអាហ្រ្វិចកណ្តាល នាពេលនេះ។
បើតាមសេចក្តីប្រកាសក្រសួងការពារជាតិ បានឱ្យដឹងថា ទាហានមួកខៀវកម្ពុជា ៣រូប ដែលបានបាត់ខ្លួន ហើយទើបនឹងដឹងថាទទួលមរណភាពនេះរួមមាន៖
- លោកអនុសេនីយ៍ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការត្រួតពិនិត្យគុណភាព,
- លោកពលបាលឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការបើកបរអ៊ិស្ការវ៉ាទ័រ
- លោកអនុសេនីយ៍ត្រី ម៉ៅ អេង (អនុសេនីយ៍ឯក) បុគ្គលិកពេទ្យ។
សូមបញ្ជាក់ថា នៅយប់រំលងអាធ្រាត្រ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ មានការវាយប្រហារ ដោយក្រុមឧទ្ទាម ទៅលើក្បួនយុទ្ធដំណើររបស់កម្លាំង Minusca របស់អង្គការសហប្រជាជាតិ បណ្តាលឱ្យកម្លាំងកម្ពុជាម្នាក់ស្លាប់ភ្លាមៗ ម្នាក់រងរបួស និងបាត់ខ្លួន៣នាក់។ ប៉ុន្តែពេលនេះអ្នកដែលបាត់ខ្លួនទាំងនោះបានស្លាប់ហើយ ចំនួនអ្នកស្លាប់ ទាំងអស់៤នាក់ (មុនម្នាក់ ក្រោយ៣នាក់)។
នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យអង្គការសហប្រជាជាតិ យកចិត្តទុកដាក់ទទួលខុសត្រូវ ឱ្យបានខ្ពស់ចំពោះហេតុការណ៍ខាងលើផងដែរ៕