រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងជោកជាំបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនខណះពេលមកដល់ចំណុចផ្លូវបំបែកបត់មិនទានក៏ជ្រុលចង្កូតទៅបុកទ្វារផ្ទះលក់គ្រឿងសំណង់របស់ប្រជាពលរដ្ឋបណ្តាលអោយរងការខូចខាត។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣:១០នាទីទាបភ្លឺ ថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវ២០១១ កែងនិងផ្លូវសម្តេចជា ស៉ីម ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក Mazda BT50 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AH-9798 ដោយបើកបរក្នុងស្ថានភាពស្រវឹងជោកជាំ តាមបណ្តោយផ្លូវ២០១១ ទិសដៅពីត្បូងទៅជើង និងក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុដែលជាផ្លូវបំបែករថយន្តខាងលើក៏បានបត់ស្តាំឡើងទៅផ្លូវសម្តេចជាស៉ីម ទាំងខ្វះកាតប្រុងប្រយ័ត្នក៏ជ្រុលទៅបុកលូនិងឥដ្ឋតាន រួមទាំងឥដ្ឋប្រលោះខ្យល់ដែលគេដាក់លក់នៅខាងមុខផ្ទះលក់គ្រឿងសំណង់យីហោ ជា សួនតារា បណ្តាលអោយរងការខូចខាតអស់មួយចំនួនធំ រួមទាំងបង្គោលស្លាកសញ្ញាចរាចរណ៍បាក់ទ្រេតដល់ដី ហើយក៏ជ្រុលទៅបុកទ្វារផ្ទះលក់គ្រឿងសំណង់ខាងលើរងការខូចខាតវាចអស់ចំនួនពីរផ្ទាំង ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ភ្លាមៗនោះអ្នកបើកបររថយន្តបង្កត្រូវបានរថយន្តមួយគ្រឿងបើកមកដឹកគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងបានទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការវាស់វែងយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕