កងកម្លាំងមួកខៀវកម្ពុជាម្នាក់ត្រូវបានក្រុមពួកឧទ្ទាមកាត់ក្បាលសម្លាប់ និង៣នាក់ទៀតកំពុងតែបាត់ខ្លួន
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាពីលោក ឡុង ឌីម៉ង់ បានឯកអគ្គរាជទូកកម្ពុជាប្រចាំប្រទេសកូរ៉េ បានឲ្យដឹងថា ក្រុមទាហានមួកខៀវរបស់កម្ពុជាម្នាក់បានស្លាប់បាត់បង់ជីវិត និង៣នាក់ទៀតកំពុងបាត់ខ្លួន ក្រោយមានការវាយប្រហារពីក្រុមពួកឧទ្ទាមនៅអាហ្រ្វិកកណ្តាល នៅយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញ។ លោក ឡុង ឌីម៉ង់ បានឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “សូមជម្រាបដំណឹងរន្ធត់និងសោកសៅស្តាយស្រណោះចំពោះយោធិនកម្ពុជាមួយរូបដែលបានបាត់បង់ជីវិតនៅអាហ្រ្វិកកណ្តាល ពេលបំពេញបេសកកម្មក្នុងក្របខ័ណ្ឌថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយពួកឩទ្ទាមបានកាត់ក្បាលគាត់។ សូមបងប្អូនចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ និងផ្តន្ទាចំពោះសកម្មភាពកាចសាហាវឃោឃៅយង់ឃ្នងជាងសត្វតិរិច្ឆានរបស់ពួកឩទ្ទាមចោរព្រៃនេះ!”
នៅក្នុងពិធីសម្ពោធសាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ក៏បានប្រកាសចូលរួមសោកស្តាយ និងសម្តែងមរណទុក្ខយ៉ាងក្រៀមក្រំ ចំពោះការស្លាប់របស់កងសម្លាំងរក្សាសន្តិភាពមួយខៀវផងដែរ៕