Showing posts with label ជនបរទេស. Show all posts
Showing posts with label ជនបរទេស. Show all posts

ប៉ាម៉ាកយកមុខទុកណាទេ! ស្អែកភ្ជាប់ពាក្យហើយ តែយប់កណ្ដាលអាធ្រាត្រចេញឆក់ទូរស័ព្ទជនបរទេស ត្រូវប៉េអ៉ឹមចាប់បាន!


(ពិភពចែករំលែក)
រាជធានីភ្នំពេញ ៖ យុវវ័យប្រុសស្រី២នាក់ ត្រូវជាគូសង្សារនឹងគ្នា និងថែមទាំងអះអាងថា ត្រូវភ្ជាប់ពាក្យជាមួយគ្នានៅព្រឹកស្អែកទៅហើយ ស្រាប់តែយប់ឡើង បែរជាបែកគំនិត ធ្វើសកម្មភាពជិះម៉ូតូដឹកគ្នាឆក់ទូរស័ព្ទដៃពីស្ត្រីជនជាតិបរទេសម្នាក់បានសម្រេច តែរត់មិនរួច ដោយសារកម្លាំងអាវុធហត្ថខណ្ឌកំពុងល្បាត ប្រទះឃើញដេញចាប់ក្របួចជាប់ទាំងគូតែម្ដង។

គូស្នេហ៍ដែលឆក់ទូរស័ព្ទជនបរទេសនេះរួមមាន ទី១-ឈ្មោះប៊ុន សុវណ្ណរ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើករថយន្តទឹកសុទ្ធ បច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ០៨ ផ្លូវលំ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌមានជ័យ (ជាអ្នកបើកម៉ូតូ និងជាជនដៃដល់)។ ទី២-ឈ្មោះសុធា នេត្រា អាយុ១៨ឆ្នាំ ភេទស្រី​ មុខរបរលក់ដូរ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ផ្លូវ៣១០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន (អ្នកជិះពីក្រោយ)។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញជនបរទេសចំនួន ៣នាក់ (ប្រុស១ម្នាក់ ស្រី២ម្នាក់) ជាជនជាតិដាណឺម៉ាក ទើបនឹងចេញពីក្លឹបកំសាន្ត 2nd ហើយដើរនៅតាមបណ្តោយផ្លូវ៥១ បម្រុងទៅក្លឹបកំសាន្តមួយទៀត ដោយក្នុងនោះមាននារីម្នាក់ដើរបណ្តើរកាន់ទូរស័ព្ទចុចបណ្តើរ ដើម្បីមើលទិសដៅ លុះដើរមកដល់ចំណុចផ្លូវកែងលេខ២២២ ស្រាប់តែលេចមុខជនសង្ស័យប្រុសស្រី២នាក់ខាងលើ ដោយខាងប្រុសជាអ្នកបើកម៉ូតូ ចំណែកខាងស្រីជាអ្នកជិះពីក្រោយ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GW-3648 បានជិះមកអែបជិតនារីជាជនបរទេសដែលកាន់ទូរស័ព្ទក្នុងដៃ ហើយភ្លាមនោះ ជនសង្ស័យជាអ្នកបើកម៉ូតូបានធ្វើសកម្មភាពឆក់យកទូរស័ព្ទពីនារីរងគ្រោះ ហើយព្យាយាមបន្ថែមល្បឿនម៉ូតូ បំណងរត់គេចខ្លួន តែភ្លាមនោះ កម្លាំងអាវុធហត្ថខណ្ឌដូនពេញ កំពុងល្បាតប្រទះឃើញ ក៏ធ្វើការប្រដេញតាមពីក្រោយ រហូតដល់ផ្លូវ៣៦០ កែងនឹងផ្លូវ៦៣ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង២នាក់បានសម្រច ដោយឆែកឃើញទូរស័ព្ទដៃនារីរងគ្រោះនៅក្នុងកាបូបរបស់ខាងស្រីដែលអង្គុយពីក្រោយទៀតផង បន្ទាប់ក៏សម្រេចនាំខ្លួនមកមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ។

តាមប្រភពពីមន្ត្រីអាវុធហត្ថបានឱ្យដឹងថា តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះប៊ុន សុវណ្ណរ៉ា បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះជាជនបរទេសមែន ដោយរូបគេជាអ្នកធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ ចំណែកនារីជាសង្សារដែលអង្គុយពីក្រោយ មិនបានដឹងរឿងអីនោះទេ ហើយពិសេសពួកគេនឹងត្រូវភ្ជាប់ពាក្យជាមួយគ្នា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នេះទៀតផង។​

ប៉ូលីសអន្តោប្រវេសន៍ ឆ្មក់ចូលបង្ក្រាប ចិនប្រុសស្រី ១០០នាក់ ពពាក់ពពួនគ្នា ក្នុងខុនដូរ៧ជាន់ ផ្អើលខណ្ឌទួលគោក សង្ស័យពាក់ព័ទ្ធករណី ចាប់ជំរិតតាមប្រព័ន្ធអ៉ិនធើណេត?



[ពិភពចែករំលែក World Share]
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ​បានដឹកនាំកម្លាំងទ្រង់ទ្រាយធំ ជាច្រើននាក់ ចុះធ្វើការត្រួតពិនិត្យការស្នាក់នៅ និងការបំពេញការងាររបស់ជនបរទេស ដោយឃាត់ខ្លួនបានជនជាតិចិន ចំនួនជាង១០០នាក់ ក្នុងនោះមានស្រី១៩នាក់ យកមកធ្វើការសាកសួរ។


ប្រតិបត្តិការនេះធ្វើឡើងកាលពីម៉ោង១១៖៣០នាទីព្រឹក ថ្ងៃច័ន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចខុនដូ អគារ៩៩ ផ្លូវ៣៣៦ កែង៣៧៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។


ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រាប់ឲ្យដឹងថា ប្រតិបត្តិការនេះ​ ធ្វើឡើង ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ និងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ដឹកនាំកម្លាំងដោយឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ និងរូបលោកផ្ទាល់ ដោយសហការជាមួយការិយាល័យ អន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រួមនឹងនគរបាលខណ្ឌទួលគោកផងដែរ។



បើតាមឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ក្នុងប្រតិបត្តិការរយៈពេលប្រមាណជាង២ម៉ោងនេះ សមត្ថកិច្ចបានពិនិត្យឃើញមានជនជាតិចិន ចំនួន ១០០នាក់ ក្នុងនោះមានស្រី១៩នាក់  បានលួចចូលមក ស្នាក់នៅខុនដូអគារ៩៩ ដើម្បីប្រព្រឹត្តបទល្មើស VoIP និង Game Online (សង្ស័យចាប់ជំរិតតាមប្រព័ន្ធអ៊ិនធើណេត និងធ្វើការដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប័ណ្ណការងារត្រឹមត្រូវ)។


ក្រោយបញ្ចប់ប្រតិបត្តិការត្រួតពិនិត្យនៅកន្លែងកើតហេតុរួចរាល់ សមត្ថកិច្ចបាននាំខ្លួនបានបញ្ជូនជនជាតិចិន ចំនួន១០០នាក់ ប្រកបរបរ Game Online ខុសច្បាប់ ខាងលើ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការត្រួតពិនិត្យ និងអនុវត្តតាមនីតិវិធីច្បាប់។ ជនសង្ស័យជនជាតិចិនទាំងនេះ អាចនឹងត្រូវបណ្តេញចេញពីប្រទេសកម្ពុជា៕

បុរសជនជាតិអូស្រ្តាលី និងស្រ្តីខ្មែរ ជំ​នាញខាងចែកចាយគ្រឿងញៀន នៅខេត្តកំពត ពេលនេះត្រូវកម្លាំងនគរបាលតាមបង្ក្រាបបាន


ដកស្រង់បន្តពី Fresh News
(កំពត)៖ បុរសជនជាតិអូស្រ្តាលី និងស្រ្តីខ្មែរសរុបទាំង២នាក់ ដែលជំនាញខាងចែកចាយគ្រឿងញៀន នៅខេត្តកំពតនោះ នៅពេលនេះត្រូវបានកម្លាំងនគរបាលស្រាវជ្រាវតាមបង្ក្រាបបាន ដោយដកហូតថ្នាំញៀនជាក់ស្តែងជាច្រើនផងដែរ។
ស្នងការនគរបាលខេត្តកំពតលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ ប្រតិបត្តិការនេះ ចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ពីសំណាក់កម្លាំងអន្តរាគមន៍ពិសេស សហការជាមួយកម្លាំងអធិការដ្ឋានក្រុងកំពត ធ្វើឡើងនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត។
លោកឧត្តមសេនីយ៍សុ្នងការបានបញ្ជាក់ទៀតថា ជាលទ្ធផលកម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យជនជាតិអូរស្ត្រាលីម្នាក់ឈ្មោះ KNOWLES GARY ROBERT អាយុ៧២ឆ្នាំ និងស្ត្រីជនជាតិខ្មែរម្នាក់ ព្រមទាំងដកហូតថ្នាំញៀនចំនួន០៦កញ្ចប់ធំ, ថ្នាំគ្រាប់យ៉ាម៉ាចំនួន០៥គ្រាប់កន្លះ និងថ្នាំសម្រើបចំនួន០៩ប្រអប់។
នៅពេលនេះជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញរបស់លោក កំពុងធ្វើការសួរនាំបន្តនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមច្បាប់៕

ឃាត់ខ្លួនជនបរទេស២នាក់ លួចដកប្រាក់ ពីទូរ ATM របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ (មិនបានសម្រេច)


[ពិភពចែករំលែក-World Share]
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង០១:០០នាទី កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ជាជនបរទេស ចំនួន ០២ នាក់ នៅចំណុចផ្លូវលេខ ១៦៣កែងផ្លូវលេខ ៤៣២ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ពីបទ ប៉ុនប៉ងលួចដកប្រាក់ ពីទូរអេ ធី អឹម សាធារណៈរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ (មិនបានសម្រេច) កាលពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ០០,៣២ នាទី នៅចំណុច មុខផ្ទះលេខ ៦៤០E និង ៦៤០F ផ្លូវលេខ២៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ការបង្ក្រាបនេះ គឺយោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ឈឹម ណារិទ្ធ ភេទប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិ ខ្មែរ ជាតំណាងស្របច្បាប់ឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ចុះថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៧ ។
ជនសង្ស័យដែលឃាត់ខ្លួនបាន
១-ឈ្មោះ THANARAJ-THANGARAJH ភេទប្រុស អាយុ ៣០ ឆ្នាំ ជានជាតិស្រីលង្កា កាន់លិខិតឆ្លងដែនលេខ N៥២៤១៧៩១ មុខរបរ អ្នកជំនួញ ។​
២-ឈ្មោះ CHANDHRAKANTH-BALASUBRA MANIAM ភេទ ប្រុស អាយុ ៣០ ជនជាតិ ឥណ្ឌា
កាន់លិខិតឆ្លងដែនលេខ L ៣០៤៧០០៩ មុខរបរ អ្នកជំនួញ ។​

វត្ថុតាងចាប់យកជាមធ្យោបាយធ្វើសកម្មភាពមាន :
១-ម៉ូតូមួយគ្រឿងម៉ាកហុងដាអែប្លែក ពណ៌ក្រហមខ្មៅ ពាក់ស្លាកលេខ  ភ្នំពេញ ១AC-៥៧០៣ ។
២-បណ្ណ័អេធីអឹម VISA CARD ៥ សន្លឹក
៣-បណ្ណ័អេធីអឹម MASTER CARD ២ សន្លឹក
៤-Laptob ចំនួន ២គ្រឿង
៥-ផ្លាស សំរាប់ផ្ទុកទិន្នន័យ ចំនួន ០១ និងសំភារះ ឯកសារជាច្រេីនទៀត ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ ការិយាល័យបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី ៕

ស្ត្រីម្នាក់លោតទឹកសម្លាប់ខ្លួន នៅចុងផែទូកទេសចរណ៍ឆ្លងកោះ ឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ



[ពិភពចែករំលក - World Share]
ខេត្តព្រះសីហនុ- លោក​វរសេនីយ៍ទោ ប៉ោ ប៊ុណ្ណារ៉ា នាយ​ការិយាល័យ​នគរបាល​ទេសចរណ៍​ ខេត្តព្រះសីហនុ​ បាន​ឲ្យដឹងថា មាន​នារី​ម្នាក់​​ លោតទឹក​សម្លាប់​ខ្លួន​ នៅ​ចុង​ផែ​ដឹក​ភ្ញៀវ​ទេសចរ​ អូរ​ឈើទាល ​ខេត្ត​ព្រះ​សីហ​នុ តែសំណាងល្អត្រូវ​បាន​ភ្នាក់ងារ  ឆ្មាំ​សមុទ្រ​ និង​នគរបាល​ទេសចរណ៍​ ឃើញភ្លាមក៏ចេញអន្តរាគមន៍ ចុះ​ទៅ​ស្រង់​ពីក្នុងសមុទ្របាន​មក​វិញ​ ហើយ​បញ្ជូន​ទៅសង្គ្រោះ ​នៅ​មន្ទីរពេទ្យ​ឯកជន​ដើម​ស្វាយ កាលពីវេលាម៉ោងយប់ថ្ងៃទី១៩កញ្ញ២០១៧នេះ។
​តាម​អត្តសញ្ញាណប័ណ្ណ​របស់​ជន​រង​គ្រោះ​ នាង​មានឈ្មោះ​គិ​ន​ ស្រី​និ​ច​ កើត​ឆ្នាំ​១៩៩៧​ នៅ​កំពង់​រាប​ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​ អាសយដ្ឋាន​ នៅ​ភូមិ​២​ឃុំ​ចំការអណ្តូង​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​។​

លោក​ប៉ោ​ ប៊ុ​ណ្ណា​រ៉ា​ បាន​បញ្ជាក់​ថា​ ៖​ នាង​មាន​មិត្ត​ប្រុស​ ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ នាង​បាន​ខឹង​នឹង​មិត្ត​ប្រុស​ ហើយ​ក៏​លោតទឹក​សម្លាប់​ខ្លួន​។​

រហូតមកដល់​ម៉ោង​ប្រមាណ​២០​:៣០នាទីយប់​នេះ​ ជន​រង​គ្រោះ​បានដឹង​ខ្លួន​វិញ​ហើយ​ ប៉ុន្តែ​គ្រូពេទ្យ​អះ​អាង​ថា​ ស្ថានភាព​ជំងឺ​នៅ​ធ្ងន់ធ្ងរ ពីព្រោះ​ទឹកបាន​ចូល​ក្នុង​សួត​ច្រើន​ពេក​។ ពេល​នេះ​ជន​រង​គ្រោះ​មិន​មាន​សាច់ញាតិ​ជិត​ស្និទ្ធ​ នៅ​មើលថែ​ក្រៅពី​បុរស​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ ម្នាក់​នោះ​ឡើយ​។​


[ពិភពចែករំលក - World Share]