[ពិភពចែករំលែក-World Share]
សហរដ្ឋអាមេរិក៖ យោងតាមសារព័ត៌មានអន្តរជាតិធំៗចេញផ្សាយ Update មុននេះបន្តិចបានឲ្យដឹងថា ការបាញ់ប្រហារដ៏សាហាវព្រៃផ្សៃមួយបានកើតមានឡើងនៅក្នុងការប្រគុំតន្ត្រីដ៏ធំមួយ ក្នុងទីក្រុង ឡាស វេហ្គាស (Las Vegas) ដីល្បីល្បាញ នៃរដ្ឋណេវ៉ាដា (Nevada) ភាគខាងលិចសហរដ្ឋអាមេរិក នៅពេលនេះមានមនុស្សស្លាប់កើនឡើង រហូតដល់ទៅជាង៥០នាក់ និងរបួសជាង២០០នាក់ផ្សេងទៀត។
ប៉ូលិសអាមេរិកអះអាងថា ជនសង្ស័យត្រូវបានកំណត់មុខសញ្ញាហើយ ប៉ុន្តែពុំទាន់មានការបញ្ជាក់ថា វាជាអំពើភេរវកម្ម ឬក៏មិនមែននោះទេ។ ការអះអាងពីនាយករដ្ឋានប៉ូលិសនៃទីក្រុង Las Vegas ជនសង្ស័យម្នាក់បានស្លាប់ បន្ទាប់ពីបានបើកការបាញ់ប្រហារយ៉ាងកម្រោល ទៅលើក្រុមមនុស្សយ៉ាងច្រើនកុះករ ដែលបាននាំគ្នាទៅចូលរួមក្នុង ពិធីបុណ្យប្រគុំតន្រ្តីដ៏ធំមួយ ស្ថិតនៅក្បែរសណ្ឋាគារ-កាស៊ីណូ ម៉ាន់ដាឡាយ បេយ (Mandalay Bay) នាវេលាយប់ថ្ងៃអាទិត្យ (ពេលវេលានៅភាគខាងលិចសហរដ្ឋអាមេរិក)។
គួរបញ្ជាក់ថា ខណៈពេលនេះកម្លាំងប៉ូលិសអាមេរិក កំពុងធ្វើការស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុ នៅពីក្រោយហេតុការណ៍បាញ់ប្រហារហ្វូងមនុស្សម្នាដ៏សាហាវនេះ ដែលបានកើតឡើងចំយប់ថ្ងៃចុងក្រោយ នៃពិធីបុណ្យប្រគុំតន្រ្តីមានឈ្មោះថា Route 91 Harvest ដែលមានរយៈពេលសរុប ០៣ថ្ងៃ។ ព្រមពេលជាមួយគ្នា អ្នកដែលបានទទួលរងរបួសទាំងប៉ុន្មាន ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះជីវិតផងដែរ៕
[ពិភពចែករំលែក-World Share]