រាជធានីភ្នំពេញ ៖ បេីយោងតាម (Page Facebook) ទំព័រហ្វេសប៊ុកផ្លូវការរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ Phnom Penh Gendarmerie បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល១រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ កម្លាំងអន្តរាគមន៍របស់អាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ សៀ ទីន បានចុះបង្ក្រាបករណីឃាតកម្មដ៏សែនឃោរឃៅមួយបានភ្លាមៗ នៅចំណុច ផ្ទះគ្មានលេខ ក្រុម៤ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ដោយជនសង្ស័យ បានធ្វើសកម្មភាពអាករសម្លាប់សាច់ថ្លៃខ្លួនឯង ព្រមទាំងខ្វេះភ្នែកជនរងគ្រោះបោះចោលបាត់អស់រកពុំទាន់ឃើញ ។
ជនបង្កឈ្មោះ សំ សំណាង ភេទប្រុស អាយុ២៩ឆ្នាំមុខរបរមិនពិតប្រាកដ ទើបចេញពីគុកថ្មីៗ និងជាមនុស្សញៀនថ្នាំជោគជាំ ស្នាក់នៅចំនុចកើតហេតុខាងលើ ។ រីឯជនរងគ្រោះឈ្មោះ សិទ្ធ ណាក់ ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរកម្មករសំណង់ ត្រូវជាសាច់ថ្លៃជនបង្ក ស្នាក់នៅជាមួយគ្នា។
ហេតុការណ៍នេះកើតឡើង ផ្តើមចេញពីពួកគេផឹកស៊ីជាមួយគ្នានៅក្រោមផ្ទះ ហើយពេលនោះជនរងគ្រោះក៏ឈ្លោះប្រកែកជាមួយប្រពន្ធ រីឯជនបង្កក៏ស្រែក កុំអោយឈ្លោះគ្នា ក៏ក្លាយជាទំនាស់ រហូតឈានដល់ជនបង្ក ទាញកាំបិតឆ្នៃអាករសំលាប់ជនរងគ្រោះ និងខ្វេះគ្រាប់ភ្នែកទាំងសងខាងបោះចោលអស់តែម្តង។
បច្ចុប្បន្នជនបង្កត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌដើម្បីស៊ើបអង្កេតបន្ត ចំណែកសពជនរងគ្រោះ កំពុងរងចាំធ្វើកោសល្យវិច្ច័យ៕
ពិភពចែករំលែក