ជំងឺរបេងក្រៅសួត គឺជាជំងឺដែលកើតឡើងលើសរីរាង្គដទៃក្រៅពីសួត ដូចជារបេងកូនកណ្តុរ របេងស្រោមសួត ឆ្អឹង និងសន្លាក់ តម្រងនោម ពោះវៀន និងខួរក្បាល ។ល។ ជំងឺរបេងក្រៅសួតមានប្រហែលជា២៥% ក្នុងចំណោមជំងឺរបេងគ្រប់ប្រភេទ ។
ចំពោះជំងឺរបេងក្រៅសួតដែលកើតមានញឹកញាប់ជាងគេមានដូចជា ៖
១-របេងស្រោមខួរក្បាល៖ មានក្អក គ្រុនក្តៅ ស្រកទម្ងន់ បែកញើសពេលយប់ មានប្រវត្ដិប៉ះពាល់អ្នកកើតជំងឺរបេង ។
សញ្ញារបេងខួរក្បាលនៅនឹងកន្លែង មានរោគសញ្ញបន្ថែមដូចជា ៖
-ការចាប់ផ្តើម បន្តិចម្តងៗ និងឈឺក្បាល ខ្លាំងឡើងៗជាលំដាប់ ។
-បាត់បង់ស្មារតី បន្តិចម្តងៗ ។
-អាចមានរឹងក ។
-ខ្វិនដោយសារប៉ះសរសៃប្រសាទខួរក្បាល ករណីសង្ស័យថាកើតមានជំងឺរបេងស្រោមខួរក្បាល ជាការសំខាន់បំផុត ត្រូវប៊ឺតទឹកខួរឆ្អឹងខ្នង ដើម្បីវិភាគគីមីវេជ្ជសាស្ត្រ និងរកមេរោគដើម្បីថាជារបេងខួរក្បាលឬទេ ។
២-ជំងឺរបេងកូនកណ្តុរ ជាញឹកញាប់បំផុតកើតនៅនឹងក ប៉ុន្តែជួនកាលកើតនៅនឹងក្លៀក ឬនៅនឹងក្រលៀនត្រូវបានប៉ះពាល់ ។ ជាធម្មតាការរីកធំរបស់កូនកណ្តុរគឺមានការយឺតយ៉ាវ និងគ្មានការឈឺចាប់ ។
ចំពោះរោគសញ្ញារបេងកូនកណ្តុរដូចជាសញ្ញារបេងទូទៅដែរ មានដូចជា ក្អក គ្រុនក្តៅ ស្រកទម្ងន់ បែកញើសពេលយប់ មានប្រវត្ដិប៉ះពាល់អ្នកកើតជំងឺរបេង ។
សញ្ញារបេងនៅកន្លែងសំខាន់ៗមានដូចជា ៖
-កូនកណ្តុរមានទំហំប្រហែល២ស.ម ឬធំជាងនេះ ជួនកាលមានទាំងសងខាង ឬជួនកាលមានតែម្ខាង ។
-ពេលស្ទាបកូនកណ្តុរមានសភាពហាប់ មិនឈឺ ក្រឡិចក្រឡាច់ និងជួនកាលមានខ្ទុះហូរ។
៣-ជំងឺរបេងឆ្អឹងនិងរបេងសន្លាក់ឆ្អឹង មានសញ្ញាដូចជាសញ្ញារបេងទូទៅដែក ដូចជាមានក្អក គ្រុនក្តៅ ស្រកទម្ងន់ បែកញើសពេលយប់ មានប្រវត្ដិប៉ះពាល់អ្នកកើតជំងឺរបេង។ ចំពោះសញ្ញាសំខាន់នៅនឹងកន្លែងមានដូចជា៖
-ឈឺឆ្អឹង និងឈឺសន្លាក់ឆ្អឹង ។
-ហើមប៉ោងឡើងត្រង់ឆ្អឹងខ្នង ។
៤-របេងស្រោមសួត ក៏មានសញ្ញាដូចជាជំងឺរបេងទូទៅដែរ មានក្អក គ្រុនក្តៅ ស្រកទម្ងន់ បែកញើសពេលយប់ មានប្រវត្ដិប៉ះពាល់អ្នកកើតជំងឺរបេង ។
សញ្ញាសំខាន់នៅនឹងកន្លែងមានដូចជា ៖
-មានទឹកស្រោមសួតតែម្ខាង
-មានប្រវត្តិប្រាស្រ័យទាក់ទងនឹងអ្នកកើតរបេង ។ គ្រប់មនុស្សចាស់ វ័យជំទង់ និងកុមារទាំងអស់ដែលមានការសង្ស័យថា កើតមានជំងឺរបេងក្រៅសួត ត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានទាន់ពេលវេលា ហើយការពិនិត្យ និងព្យាបាលគឺពុំមានការបង់ប្រាក់ឡើយ ៕
ប្រភពពី ៖ កោះសន្តិភាព - អត្ថបទ ៖ អ៊ុន សុគន្ធា