រាជធានីភ្នំពេញ ៖ យុវជនម្នាក់រងរបួសបែកក្បាលហូរឈាមជោគខ្លួនត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជ័យជំនះភ្លាមៗ ក្រោយពីត្រូវ យុវជនម្នាក់ទៀតយកកែវវាយបែកក្បាល គ្រាន់តែដើរ ទើសដៃ បង្កការភ្ញាក់ផ្អើលពេញ ក្នុងក្លឹបកំសាន្តរ៉េន (RAIN DISCO CLUB) ចំណែកជនបង្ករបួសស្នាមនោះ ត្រូវបានកម្លាំងល្បាត អាវុធហត្ថខណ្ឌមានជ័យបានឃាត់ខ្លួនបានភ្លាមៗផងដែរ។
ករណីវាយគ្នានេះកើតឡើងកាលពីវេលាម៉ោង០០:២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ នៅក្នុងក្លឹបកំសាន្តរ៉េន (RAIN DISCO CLUB) ក្នុងដីលេខ១៥៨១ តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនកើតហេតុជនបង្ករបួសស្នាមបានផឹកស្រាក្បែរសាឡុងគ្នាស្រាប់តែជនរងគ្រោះបម្រុងដើរទៅបន្ទប់ទឹកក៏ទើសដៃជនសង្ស័យ ធ្លាក់កែវស្រាបែកខ្ចាយ ហើយជនរងគ្រោះ ក៏បានលើកដៃនិយាយសុំទោសដែរ ស្រាប់តែជនសង្ស័យបានទាញកែវស្រាដែលនៅលើតុវាយទៅលើជនរងគ្រោះ២កែវផ្ទួនៗគ្នា រួចទាញថូស្រាបៀរ បម្រុងវាយទៅលើជនរងគ្រោះទៀត តែត្រូវបានសន្តិសុខក្នុងក្លឹបរ៉េនជួយឃាត់ទាន់ ដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ភ្លាមៗនោះសន្តិសុខបាននាំទៅសាកសួរនិងទាក់ទងទៅកម្លាំងអាវុធហត្ថដែលដាក់គោលដៅប្រចាំការមុខក្លឹបកំសាន្តរ៉េន (RAIN CLUB) នោះអោយមកឃាត់ខ្លួនយកទៅសាកសួរបន្តតែម្ដង។
ចំណែកឯជនរងគ្រោះមានឈ្មោះ ទូច អាយុ១៨ឆ្នាំ មានទីលំនៅម្ដុំរោងចក្រស៉ីម៉ងត៍ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ របួសបែកក្បាល ហូរឈាមជោគខ្លួនត្រូវបានមិត្តភ័ក្តដឹកទៅមន្ទីរពេទ្យជ័យជំនះរងរបួសក្បាលធ្ងន់ដេរជាង៣០ថ្នេរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងល្បាតអាវុធហត្ថខណ្ឌមានជ័យបញ្ជូនទៅមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យដើម្បីសាកសួរបន្តនិតិវីធី៕៚