[ពិភពចែករំលែក - World Share]
រាជធានីភ្នំពេញ ៖ ដំណឹងមរណភាពរបស់តារាចម្រៀង ប្រចាំផលិតកម្មហង្សមាស អ្នកនាង សាន ស្រីឡៃ បានធ្វើឲ្យកក្រើកពេញផ្ទៃប្រទេស។ ដំណឹងពីក្រុមការងារផលិតកម្មបានបញ្ជាក់ថា តារាស្រីរូបនេះនៅមិនទាន់បញ្ចប់កគម្រោងថតភាពយន្តភាគដែលនាងសម្តែងលើកដំបូងនៅឡើយទេ។
មរណភាពរបស់តារាចម្រៀង សាន ស្រីឡៃ បានបន្សល់ទុកនៅនូវភាពសោកស្តាយ និងអាលោះអាល័យខ្លាំងសម្រាប់មហាជន និងមិត្តរួមអាជីព។ តាមការទម្លាយរបស់ផលិតករ និងសិល្បករដែលរួមការងារបានបញ្ជាក់ថា តារាស្រី វ័យ២៤ឆ្នាំរូបនេះ ទើបនឹងចាប់ផ្តើមចេញថតរឿងភាគ ជាលើកដំបូងរបស់ខ្លួន គឺរឿង ”រាជនីភូមិគ្រឹះ” ដែលនាងសម្តែង ជាតួអង្គកាចឆ្នាសឆ្នើម និងគូជាមួយ ម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី២ គឺលោក ថែម ថៃ។ ដោយភាពយន្តភាគនេះ ទើបនឹងចាប់ផ្តើមសម្តែង បានប្រមាណជាង២០ភាគរយប៉ុណ្ណោះ ក្នុងនោះក៏មានឈុតឆាកសំខាន់ៗជាច្រើនដែលអ្នកនាងរួមសម្តែងផងដែរ។
ប្រភពបន្តថា ជាស្នាដៃសម្តែងលើកដំបូងអ្នកនាងប្រឹងប្រែងខ្លាំង បើទោះបីជាពេលខ្លះការចេញទៅសម្តែងរបស់នាងទាំងគ្មានអារម្មណ៍ក្នុងខ្លួនព្រោះតែការតាមរំខានពីអតីតស្វាមីផងដែរ។ ក្រុមផលិតករ និងសិល្បករដែលត្រូវចេញ ទៅសម្តែងនៅថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០១៧នេះ ក៏ត្រូវរំសាយបណ្តោះអាសន្នផងដែរ ហើយគេនៅមិនទាន់ដឹងនៅឡើយទេថាតារាសម្តែងរូបណានឹងត្រូវជំនួសរូបនាងនោះដែរ។
គួរបញ្ជាក់ដែរថា សាន ស្រីឡៃ អតីត The Voice Cambodia ត្រូវបានអតីតស្វាមីគឺលោក ជ័យ រិន ជាមន្ត្រីគយបាញ់សម្លាប់ចំនួន៣គ្រាប់កាលពីវេលាម៉ោងជាង៤ល្ងាចថ្ងៃទី១៦តុលា២០១៧នេះនៅម្ដុំទូរទស្សន៍អប្សរា សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ភ្នំពេញ ។ ដើមហេតុនៃការសម្លាប់នេះត្រូវបានគេទម្លាយថាកើតឡើងពីការប្រច័ណ្ឌ។
ខណៈនេះសពនាងបាននឹងកំពុងធ្វើបុណ្យតាមទំនៀមទម្លាប់ប្រពៃណីខ្មែរនៅក្នុងបរិវេណវត្តសែនសុខ ខណ្ឌសែនសុខ ភ្នំពេញ នឹងត្រូវរៀបចំបូជាតាមទំនៀមទម្លាប់ នៅថ្ងៃសុក្រទី១៨ ខែតុលា ឆ្នាំ២០១៧ សប្តាហ៍នេះ៕
ខណៈនេះសពនាងបាននឹងកំពុងធ្វើបុណ្យតាមទំនៀមទម្លាប់ប្រពៃណីខ្មែរនៅក្នុងបរិវេណវត្តសែនសុខ ខណ្ឌសែនសុខ ភ្នំពេញ នឹងត្រូវរៀបចំបូជាតាមទំនៀមទម្លាប់ នៅថ្ងៃសុក្រទី១៨ ខែតុលា ឆ្នាំ២០១៧ សប្តាហ៍នេះ៕