Showing posts with label ចលាចល. Show all posts
Showing posts with label ចលាចល. Show all posts

ជនដែលបង្ហោះព័ត៌មានថា ជនជាតិវៀតណាមចាប់ក្មេងវះយកគ្រឿងក្នុងនៅខេត្តតាកែវ កំពុងបន្ដសួរនាំនៅស្នងការដ្ឋាន ក្រោយការឃាត់ខ្លួនតាមបញ្ជារបស់ព្រះរាជអាជ្ញា (មានវិដេអូ)


ខេត្តតាកែវ ៖ ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ សុខ សំណាង ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះថា បន្ទាប់ពីឃាត់ខ្លួន​ជនដែលបង្ហោះព័ត៌មាននៅតាម Facebook ថាជនជាតិវៀតណាមចាប់ក្មេងវះយកគ្រឿងក្នុង តាមបញ្ជារបស់ព្រះរាជអាជ្ញានោះ បច្ចុប្បន្នជននេះកំពុងបន្ដសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់វិធានការបន្ដតាមច្បាប់។
​ជនដែលបង្ហោះព័ត៌មានតាម Facebook ថា មានជនជាតិវៀតណាមចាប់ក្មេងវះយកគ្រឿងក្នុង នៅស្រុកសំរោង ខេត្តតាកែវ បង្កឲ្យមានភាពចលាចលក្នុងសង្គមនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបាន​ នៅល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ​។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា បុរសដែលត្រូវនៅពេលនេះមានឈ្មោះ លី ឆៃយ៉ា អាយុ៣០ឆ្នាំ ដែលជាម្ចាស់គណនី Facebook ឈ្មោះ «La chhaya»​។
ជាមួយនឹងព័ត៌មានខាងលើនេះ លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា «គិតមកដល់ពេលនេះ តាមព័ត៌មានពីតំណាងអយ្យការ​តាមរាជធានីខេត្ត ទូទាំងប្រទេស គឺពុំទាន់មានករណីបទល្មើស ចាប់ក្មេងដើម្បីវះយកសរីរាង្គនៅឡើយនោះទេ គឺផ្ទុយពីព័ត៌មានបំពុលនានា ដែលបាននឹងកំពុងផ្សព្វផ្សាយ នៅលើបណ្តាញសង្គម។ នៅពេលនេះតាមព័ត៌មានដែលទទួលបាន តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានសម្រេចឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតហើយ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មាន បំពុលលើបណ្តាញសង្គមរបស់ខ្លួន ទាក់ទងនឹងករណីចាប់ក្មេងនេះ ដែលនេះជាករណីថ្មីមួយទៀត បន្ទាប់ពីករណីកាលពី ម្សិលមិញ នៅខេត្តកំពង់ធំ»
បើតាមលោក គឹម សន្តិភាព បានបន្តបញ្ជាក់ទៀតថា តំណាងអយ្យការទូទាំងប្រទេស បានកំពុងបន្តតាមដានយ៉ាង​យកចិត្តទុកដាក់ពិនិត្យ​ស្រាវជ្រាវ និងអនុវត្តច្បាប់យ៉ាងម៉ឹងម៉ាត់ ចំពោះការផ្សព្វផ្សាយព័ត៌មាននានា ដែលមានចរិកទុច្ចរិតបង្កឲ្យមានការភ័យខ្លាច និងចលាចល​ក្នុងសង្គម និងសូមអំពាវនាវឲ្យ បញ្ឈប់ជាបន្ទាន់ នូវការផ្សព្វផ្សាយព័ត៌មាន ដែលពុំមែនជាការពិតបែបនេះ។
ជាមួយគ្នា​នេះ​លោក​ក៏សូមអំពាវនាវបងប្អូនដែលទទួលបានព័ត៌មាននានាទាក់ទងនឹងករណីនេះ សូមផ្តល់ព័ត៌មានដល់សមត្ថកិច្ច​ក្រសួងមហាផ្ទៃ តាមរយៈលេខទូរស័ព្ទ 031 201 2345 , 031 601 2345។ ជាមួយគ្នានេះស្នងការនគរបាលខេត្តតាកែវ ក៏បានបង្ហោះការបកស្រាយនៅលើទំព័រ Facebook របស់ខ្លួនព្រមទាំងប្រកាសឲ្យប្រជាពលរដ្ឋ ប្រញ៉ាប់រាយការណ៍មក សមត្ថកិច្ចតាមរយៈលេខទូរស័ព្ទ 097 7780 005 បើសិនជាមានករណីនេះកើតឡើង​តាមមូលដ្ឋាន។
​សូមបញ្ជាក់ថា ព័ត៌មានថា ជនជាតិវៀតណាមចូលមកចាប់ក្មេងខ្មែរវះយកគ្រឿងក្នុង (ក្រលៀន, ភ្នែក...) រយៈពេលចុងក្រោយនេះ បានក្លាយទៅជាប្រធានបទ ដ៏ក្ដៅគគុកមួយ នៅក្នុងសង្គម ជាពិសេសធ្វើឲ្យឪពុកម្ដាយជាច្រើននាក់ ព្រួយបារម្ភពីបញ្ហានេះ រហូតអ្នកខ្លះមិនឲ្យកូនទៅរៀនទៀតផង។
ស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ បានបញ្ជាក់ឱ្យដឹងថា ​ករណី​នេះជាការយល់ច្រឡំតែប៉ុណ្ណោះ៕



ប្រភពពី អង្គភាពព័ត៍មាន Fresh News