ប្រភពមួយបានឲ្យដឹងថា Angelina កំពុងតែគិតគូរជួបជុំជាមួយ Brad Pitt វិញបន្ទាប់ពីបានអានអត្ថបទសម្ភាសន៍របស់លោក។
ក្នុងកិច្ចសម្ភាសន៍ ជាមួយទស្សនាវដ្ដី GQ តារាសម្ដែង Brad Pitt បានបកស្រាយអំពីបញ្ហាញៀនស្រារបស់ខ្លួន ដែលជាហេតុធ្វើឲ្យបែកបាក់ជាមួយ Angelina Jolie។ លោកបាននិយាយថា លោកឈប់ផឹកស្រា ព្រមទាំងជួបជាមួយអ្នកប្រឹក្សាយោបល់ផ្នែកចិត្តសាស្ត្រផងដែរ។
Angelina សប្បាយចិត្តណាស់ដែលដឹងថា Brad បោះបង់ទម្លាប់អាក្រក់ដែលបានធ្វើឲ្យបែកបាក់គ្រួសារ។ ហើយនាងថែមទាំងគិតចង់ជួបជុំគ្នាជាគ្រួសារវិញផងដែរ។ នេះបើតាមប្រភពព័ត៌មាននោះ។ នាងនឹងស្រលាញ់ Brad ជានិច្ចហើយមានអារម្មណ៍ថា អ្វីក៏អាចកើតឡើងបានដែរ សម្រាប់ពួកគេ និងសម្រាប់គ្រួសារ។ កិច្ចសម្ភាសន៍របស់ Brad Pitt ជាមួយទស្សនាវដ្ដី GQ គឺជារឿងដ៏ល្អមួយ។
បើតាមប្រភពពីសារព័ត៌មាន Hollywood Life តារាសម្ដែង Angelina Jolie មានអារម្មណ៍ក្ដុកក្ដួល និងពេញចិត្តចំពោះភាពក្លាហានរបស់លោក Brad Pitt។ លោកបានប្រើប្រាស់អារម្មណ៍ឈឺចាប់ ដែលបណ្ដាលមកពីការបែកបាក់នេះ យកមកកែប្រែខ្លួន និងធ្វើឲ្យ Angelina មានមោទនភាពចំពោះខ្លួន។ កិច្ចសម្ភាសន៍នេះបានរំលឹកនាង ពីទឹកចិត្តស្រលាញ់របស់ Brad Pitt ដែលមានមកលើនាងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
បើតាមប្រភពមួយរបស់ E! News វិញ លោក Brad Pitt បាននិយាយប្រាប់ Angelina មុននឹងការសម្ភាសន៍នេះត្រូវបានផ្សព្វផ្សាយថា លោកនៅតែចង់មានទំនាក់ទំនងមិត្តភាពល្អជាមួយ អតីតប្រពន្ធខ្លួន។ ប៉ុន្តែ, នៅពេលនេះ Angelina មិនទាន់បានបកស្រាយពីពាក្យចចាមអារ៉ាម ទាក់ទងនឹងការជួបជុំគ្នានេះនៅឡើយទេ៕
ប្រភពដេីម ៖ Kenh14
ប្រែសម្រួល ៖ ធារ៉ូ - Sabay
ផ្សាយបន្តដោយ ៖ World Share