ភ្នំពេញ ៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗ នៅក្រោមកង់រថយន្ត ខណៈដែលមានរថយន្តមួយគ្រឿង ម៉ាក់ម៉ុងតារ៉ូ ម្ចាស់ស្រវឹងបានបើកបុករះរថយន្ត និងបុកម៉ូតូបន្តបន្ទាប់ ។ ហេតុការណ៍នេះបាន កើតកាលពីវេលាម៉ោង ៤និង២០នាទីល្ងាច ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចមុខសាលាពេទ្យ តាមបណ្ដោយផ្លូវព្រះមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
បើតាមប្រភពព័ត៌មាន ពីសមត្ថកិច្ច ក៏បានឲ្យដឹងថា បុរសបង្កហេតុឈ្មោះ ហួរ ចាន់ថា អាយុ៥១ឆ្នាំ ជាប៉ូលីសការពារព្រំដែន ស្នាក់នៅម្ដុំភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។ រីឯជនរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ មានអាយុប្រហែល ១៨ឆ្នាំ ។
ប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកមីតស៊ុយប៊ីស៊ី ម៉ុងតារ៉ូ ពាក់ស្លាកលេខ២B-១៩៨១ បើកបរដោយបុរសម្នាក់ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ក្នុងទិសដៅ ពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុ បានបុកគូទរថយន្តមួយគ្រឿងម៉ាក តូយូតាកាម៉ារី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២X-២៥៥១ បណ្ដាលឲ្យកំពិតគូទក្រោយ រួចក៏បន្តទៅបុករថយន្តឆ្លាម ហើយក៏ទៅប៉ះម៉ូតូសន្ដោងរុឺម៉ក បណ្ដាលឲ្យធ្លាក់ក្មេងៗ ដែលអង្គុយលើរុឺម៉ក រងរបួសស្រាល ហើយក៏មិនទាន់អស់ល្បឿន ជ្រុលទៅបុកម៉ូតូគុបជ្រុង ពណ៌ទឹកសមុទ្រមួយគ្រឿងទៀត បណ្ដាលឲ្យជនរងគ្រោះ ដែលបើកម៉ូតូគុបនេះ គៀបជាប់ក្រោយរថយន្តកង់ខាងឆ្វេង ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង ។
ប្រភពដដែល បានបន្តទៀតថា ក្នុងហេតុការណ៍នោះ អ្នកបើកបរបង្កហេតុ ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍ស្រះចក ចុះមកអន្តរគមន៍ទាន់ពេលវេលា ដោយឃាត់ខ្លួន បុរសរូបនោះទៅប៉ុស្តិ៍ស្រះចក ដើម្បីធ្វើការសាកសួរ និងប្រគល់ឲ្យនគរបាល ចរាចរណ៍ក្រុង ចាត់ការតាមច្បាប់ ។
បច្ចុប្បន្នជនបង្កហេតុ និងរថយន្តរួមទាំងម៉ូតូ ត្រូវបានកម្លាំងនគរបាលជំនាញ ធ្វើការវាស់វែង ដើម្បីយកទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕
សហការី KBN-live.com