រាជធានីភ្នំពេញ ៖ របាយការណ៍របស់មន្ទីរពេទ្យកុមារជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ មានអ្នកជំងឺ៥,៣៦៧នាក់ បានចូល និងចេញ ពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារជាតិ។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងរយៈពេល៧ថ្ងៃនេះ មានអ្នកជំងឺមកទទួលសេវាពិនិត្យព្យាបាល ផ្នែកពិគ្រោះជំងឺក្រៅមានចំនួន ២,២០៣នាក់, អ្នកជំងឺអនុញ្ញាតឲ្យចូលសម្រាក់ព្យាបាល ៣២៥នាក់ ក្នុងនោះមានជំងឺទារកតូចៗគ្រប់ប្រភេទ៣៦នាក់, អត្រាប្រើប្រាស់គ្រែសរុបមាន៩៤ភាគរយ, អ្នកជំងឺក្រីក្រត្រូវបានអនុញ្ញាត សម្រាកព្យាបាលដោយមិនបង់ប្រាក់២០ភាគរយ, ចំនួនវះកាត់សរុប៤៨នាក់, ការព្យាបាលដោយចលនា២៧២នាក់, កុមារបានទទួលថ្នាំបង្ការ៨០២នាក់, កុមារព្យាបាលធ្មេញ អញ្ចាញធ្មេញ និងក្រអូមមាត់១០នាក់, កុមារមានផ្ទុកមេរោគអេដស៍ ត្រូវបានទទួលថ្នាំពន្យារ ៤៥នាក់, ជំងឺរបេងកំពុងទទួល ការព្យាបាល៨នាក់, កុមារមានផ្ទុកមេរោគអេដស៍ មកពិគ្រោះជំងឺឱកាសនិយម២១៣នាក់, ថតឆ្លុះវិភាគដោយកាំរស្មីអិច១៤៧នាក់, ពិនិត្យវិភាគដោយអេកូ ១០៦នាក់, ចំនួនតេស្ដបានវិភាគ នៅមន្ទីរពិសោធន៍ មាន១,៩៥២នាក់។
មន្ទីរពេទ្យកុមារជាតិ បានឲ្យដឹងផងដែរថា មន្ទីរពេទ្យមានទទួលវះកាត់ កុមារឆែបមាត់ជើងខ្វេពីកំណើត ដោយពុំមានបង់ប្រាក់។ ក្នុងសប្ដាហ៍នេះដែរ មន្ទីរពេទ្យបានប្រជុំពិភាក្សាពិនិត្យលទ្ធផលសរុបរបស់ ក្នុងត្រីមាសទី១ ឆ្នមាំ២០១៧ ឆ្នាំ២០១៦ និងឆ្នាំ២០១៥ បង្ហាញជាទូទៅថាមានការរីកចម្រើន។
ជាមួយគា្ននោះ អត្រាប្រើប្រាស់គ្រែមានការកើនឡើងគឺក្នុងត្រីមាសទី១ ឆ្នាំ២០១៥ មាន៨០ភាគរយ ឆ្នាំ២០១៦មាន៩៤ភាគរយ និងឆ្នាំ២០១៧មាន១១០ភាគរយ រីឯអត្រាស្លាប់បានថយចុះ គឺក្នុងត្រីមាសទី១ ឆ្នាំ២០១៥មាន១.៦៩ភាគរយ ឆ្នាំ២០១៦មាន១.០៥ភាគរយ និងឆ្នាំ២០១៧មាន០.៧១ភាគរយ៕