ចាប់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀន២នាក់ ដកហូតថ្នាំញៀនជាង៥០គីឡូក្រាម
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ជំហានដំបូង នៅវេលាម៉ោង១១យប់ ថ្ងៃទី១៧ ឧសភា នេះកម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿញៀនក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានចុះទៅចាប់យកវត្ថុតាងគ្រឿងញៀនចំនួន៥០គីឡូក្រាម នៅទីតាំងមួយកន្លែងមុខវត្តសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពព័ត៌មានពាក់ព័ន្ធការដកហូតយកវត្ថុតាងនោះ មន្ត្រីមន្ទីរប្រឆាំងគ្រឿងញៀនបានបង្ហើបឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីល្ងាចថ្ងៃដដែលនេះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងបានបង្ក្រាប និងចាប់ខ្លួនមេខ្លោងជួញដូរគ្រឿងដ៏ធំ២នាក់នៅម្តុំផ្សារធំថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ការបង្ក្រាប និងចាប់ខ្លួនជនសង្ស័យ២នាក់នោះ សមត្ថកិច្ចបានធ្វើការចាប់យកវត្ថុតាងថ្នាំញៀនចំនួន២គីឡូក្រាមរួចទៅហើយ។ ក្រោយពេលចាប់ខ្លួនជនសង្ស័យបានសារភាពថា នៅមានថ្នាំញៀន៥០គីឡូក្រាមទៀតដែលលាក់ទុកក្នុងទីតាំងមួយមុខវត្តសំរោងអណ្តែត។ ពេលទទួលបានចម្លើយជាក់លាក់នោះហើយ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងចុះទៅដកហូតថ្នាំញៀនប្រមាណ៥០គីឡូក្រាមនោះតែម្ដង៕