ស្ត្រី​ម្នាក់មាន​ផ្ទៃពោះ៤ខែ ​ត្រូវចោរ២នាក់ ជិះមក​ឆក់​កាបូប (តែមិនបានសំរេច) បណ្ដាលឲ្យដួល​រងរបួស​ជើង!


ពិភពចែករំលែក - World Share]
រាជធានីភ្នំពេញ ៖ នៅវេលា​ម៉ោង ៩:៣០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ មានក្រុម​ជនសង្ស័យ ២នាក់ បានធ្វើ​សកម្មភាព​ឆក់​កាបូប ពី​ស្ត្រី​មាន​ផ្ទៃពោះ ៤ខែ ​ជិះ​ម៉ូតូ​ម្នាក់ឯង​បណ្តាលអោយ​ដួល​រងរបួស​ជើង តែ​ឆក់​កាបូប មិនបាន​សម្រេចទេ នៅតាម​បណ្តោយ ​ផ្លូវ​សហព័ន្ធ​រ៉ុ​ស្សី ទល់មុខ​ផ្សារ​បាយ័ន ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។
ស្ត្រី​រងគ្រោះ អាយុ ២៥ឆ្នាំ ស្នាក់នៅ​ម្តុំ​ផ្សារ​សំណង់១២ ខណ្ឌទួលគោក ។

មុនពេល​កើតហេតុ​រូបគាត់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Today ពណ៌​ក្រហម ​ដែល​គ្មាន​ពាក់​ស្លាក​លេខ ​ដោយ​ចេញ​មកពី​ពិនិត្យ​ផ្ទៃពោះ​ជិះ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រ៉ុ​ស្សី​ពី​កើតមក​លិច​ដល់​មុខ​ផ្សារ​បាយ័ន​បាន​លេចមុខ​ជនសង្ស័យ២នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ដោយ​មិន​ចាំ​ម៉ាក​ជិះ​មកពី​ក្រោយ​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ដ្រី​រងគ្រោះ​តែ​មិនបាន​សម្រេច​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​រងរបួស​ជើង ។ 

ដោយឡែក​ជនសង្ស័យ​បាន​ជិះ​គេចខ្លួន​បាត់ស្រមោល​តែម្ដង  ៕

អាចារ្យ អេ និងក្រុមការងារវិទ្យុABC ស្នើរសុំលោកឃួង ស្រេង ​អភិបាលរាជធានី ឲ្យអោយមាន ប៉ុស្តិ៍ប្រចាំការ២៤ម៉ោង នៅតាមទីប្រជុំជនក្នុងសង្កាត់នីមួយៗ គ្រប់ខណ្ឌ ដើម្បីងាយស្រួលអន្តរាគមន៍



[ពិភពចែករំលែក]
លោកគ្រូអាចារ្យ អេ ក៏ដូចជាក្រុមការងារវិទ្យុABC តែងតែនិយាយ ស្នើរសុំតាម On Air ជាញឹកញាប់ថា ចង់អោយមាន ប៉ុស្តិ៍ប្រចាំការ២៤ម៉ោង នៅតាមទីប្រជុំជន ក្នុងសង្កាត់នីមួយៗ ឲ្យបានទូទាំងខណ្ឌទាំង១២នេះ ក្នុងក្រុងភ្នំពេញយើងនេះ សម្រាប់ឲ្យប៉ូលីស និងអាវុធហត្ថ ឬក៏ប្រការពារនៅប្រចាំការ ដើម្បីងាយស្រួលរាល់ពេលដែលពលរដ្ឋណា មានអាសន្ន មានអ្វីបន្ទាន់ ត្រូវការឲ្យជួយ គឺចេញអន្តរាគមន៍ បានទាន់ពេលវេលា។​

ជាក់ស្ដែងនេះជា ប៉ុស្តិ៍ប្រចាំការ២៤ម៉ោង ដែលគណៈបញ្ជាការ ឯកភាពខណ្ឌជ្រោយចង្វារ បានដាក់ឲ្យកម្លាំងប្រចាំការ ដើម្បីជួយអន្តរគមន៍។​
នេះមានបណ្តើរៗហើយ សូមថ្លែងអរគុណយ៉ាងខ្លាំង!​

សាន ស្រីឡៃ ស្លាប់ទៅនៅមិនទាន់ ថតរឿងភាគលើកដំបូងក្នុងជីវិតនៅឡើយទេ ខណៈដែលសពកំពុងតម្កល់ធ្វើបុណ្យនៅវត្តសែនសុខ និងបូជានៅថ្ងៃទី១៨ស្អែកនេះ


[ពិភពចែករំលែក - World Share]
រាជធានីភ្នំពេញ ៖ ដំណឹងមរណភាពរបស់តារាចម្រៀង ប្រចាំផលិតកម្មហង្សមាស អ្នកនាង សាន ស្រីឡៃ បានធ្វើឲ្យកក្រើកពេញផ្ទៃប្រទេស។ ដំណឹងពីក្រុមការងារផលិតកម្មបានបញ្ជាក់ថា តារាស្រីរូបនេះនៅមិនទាន់បញ្ចប់កគម្រោងថតភាពយន្តភាគដែលនាងសម្តែងលើកដំបូងនៅឡើយទេ។

​មរណភាពរបស់តារាចម្រៀង សាន ស្រីឡៃ បានបន្សល់ទុកនៅនូវភាពសោកស្តាយ និងអាលោះអាល័យខ្លាំងសម្រាប់មហាជន និងមិត្តរួមអាជីព។ តាមការទម្លាយរបស់ផលិតករ និងសិល្បករដែលរួមការងារបានបញ្ជាក់ថា តារាស្រី វ័យ២៤ឆ្នាំរូបនេះ ទើបនឹងចាប់ផ្តើមចេញថតរឿងភាគ ជាលើកដំបូងរបស់ខ្លួន គឺរឿង ”រាជនីភូមិគ្រឹះ” ដែលនាងសម្តែង ជាតួអង្គកាចឆ្នាសឆ្នើម និងគូជាមួយ ម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី២ គឺលោក ថែម ថៃ។ ដោយភាពយន្តភាគនេះ ទើបនឹងចាប់ផ្តើមសម្តែង បានប្រមាណជាង២០ភាគរយប៉ុណ្ណោះ ក្នុងនោះក៏មានឈុតឆាកសំខាន់ៗជាច្រើនដែលអ្នកនាងរួមសម្តែងផងដែរ។

ប្រភពបន្តថា ជាស្នាដៃសម្តែងលើកដំបូងអ្នកនាងប្រឹងប្រែងខ្លាំង បើទោះបីជាពេលខ្លះការចេញទៅសម្តែងរបស់នាងទាំងគ្មានអារម្មណ៍ក្នុងខ្លួនព្រោះតែការតាមរំខានពីអតីតស្វាមីផងដែរ។ ក្រុមផលិតករ និងសិល្បករដែលត្រូវចេញ ទៅសម្តែងនៅថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០១៧នេះ ក៏ត្រូវរំសាយបណ្តោះអាសន្នផងដែរ ហើយគេនៅមិនទាន់ដឹងនៅឡើយទេថា​តារាសម្តែងរូបណានឹងត្រូវជំនួសរូបនាងនោះដែរ។

​គួរបញ្ជាក់ដែរថា សាន ស្រីឡៃ អតីត The Voice Cambodia ត្រូវបានអតីតស្វាមីគឺលោក ជ័យ រិន ជាមន្ត្រីគយបាញ់សម្លាប់ចំនួន៣គ្រាប់កាលពីវេលាម៉ោងជាង៤ល្ងាចថ្ងៃទី១៦តុលា២០១៧នេះនៅម្ដុំទូរទស្សន៍អប្សរា សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ភ្នំពេញ ។ ដើមហេតុនៃការសម្លាប់នេះត្រូវបានគេទម្លាយថាកើតឡើងពីការប្រច័ណ្ឌ។

ខណៈនេះសពនាងបាននឹងកំពុងធ្វើបុណ្យតាមទំនៀមទម្លាប់ប្រពៃណីខ្មែរនៅក្នុងបរិវេណវត្តសែនសុខ  ខណ្ឌសែនសុខ ភ្នំពេញ នឹងត្រូវរៀបចំបូជាតាមទំនៀមទម្លាប់ នៅថ្ងៃសុក្រទី១៨ ខែតុលា ឆ្នាំ២០១៧ សប្តាហ៍នេះ៕

ក្មេងស្ទាវវាយមនុស្សច្រលំឡើងលិចនោមរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹង នៅក្រោយផ្សារស្ទឹងមានជ័យថ្មី ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សី


រាជធានីភ្នំពេញ ៖ កាលពីយប់ថ្ងៃទី១៥តុលាឆ្នាំ២០១៧នេះ  មានករណីក្មេងស្ទាវវាយមនុស្សច្រឡំ បណ្ដាលឲ្យយុវជនម្នាក់រងរបួសធ្ងន់បែកក្បាលនិងដល់ថ្នាក់លិចនោម នៅម្តុំក្រោយផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ជនរងគ្រោះឈ្មោះ ឥន្ទ កក្កដា ភេទប្រុស អាយុ ប្រហែល 18 ឆ្នាំ បច្ចុប្បន្នរស់នៅផ្ទះជួល ក្រោយផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានស្រុកកំណើត នៅភូមិស្វាយធំ ឃុំអង់ប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ។​

ដោយត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅពេទ្យ រុស្សីុ ។​
ជួយ Share ផងសូមអគុណ...!

ពូកុយ ចេញមកលាតត្រដាងថា នាយចេក មិនមែនក្រទេ!​


[ពិភពចែករំលែក ដកស្រង់ពី កោះសន្តិភាព]
រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​លោក​ជួង ជី ហៅ​នាយ​កុយ បាន​លាតត្រដាង​ពី​ជីវភាព​ពិត​របស់​នាយ​ចេក​ជា​កូនក្រុម​កំប្លែង​របស់​ខ្លួន បន្ទាប់​ពី​មានការ​លើក​ឡើង​ពី​ការ​រស់នៅ ​ក្នុង​ភាព​ក្រីក្រ​របស់​គាត់ ។ ម្ចាស់​ហ្វេ​ស​ប៊ុ​កមួយ ​ឈ្មោះ​«​តាំង គឹ​ម​ឡេ​ង​» បាន​រៀបរាប់​ពី​ជីវភាព​ដ៏​លំបាក​របស់​នាយ​ចេក នា​ពេល​បច្ចុប្បន្ន ។ លោក​តាំង គឹ​ម​ឡេ​ង ឱ្យ​ដឹង​ថា ការ​សម្តែង ​នៅ​ស្ថានីយទូរទស្សន៍​របស់​នាយ​ចេក គឺ​ម្តង​ទទួល​បាន ​តែ​២០​ដុល្លារ​ប៉ុណ្ណោះ ហើយ​គាត់​ត្រូវធ្វើ​ដំណើរ​តាំងពី​រង្វង់​មូល កួរស្រូវ​ជាយ​រាជធានី​រហូត​ដល់​ប៉ុស្តិ៍​CTN​។ ប្រាក់​កម្រៃ​ប៉ុណ្ណឹង​គ្រាន់តែ​ចាក់​សាំង​អស់​បាត់​ទៅ​ហើយ ។

ក្រោយ​ពី​ឃើញ​ព័ត៌មាន​មួយ​នេះ​មក នាយ​កុយ លាតត្រដាង​ពី​កម្រិតជីវភាព​របស់​នាយ​ចេក ដែល​ជា​កូនក្រុម​កំប្លែង​របស់​ខ្លួន​ជា​សាធារណៈ ។ នាយ​កុយ​ចាត់​ទុក​ការ​អធិប្បាយ​របស់​លោក​តាំង គឹ​ម​ឡេ​ង ជា​ចំណុច​អវិជ្ជមាន​ជះ​ឥទ្ធិពល​អាក្រក់​មួយ​សម្រាប់​នាយ ដោយ​ធ្វើ​ឲ្យ​មហាជន​យល់​ច្រឡំ​ថា នាយ​ជា​មេក្រុម​មិន​ចេះ​មើល​កូនចៅ ។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​នាយ​កុយ អះអាង​ថា «​តា​ចេក មិនមែន​ក្រ​ទេ តា​ចេក​មាន​ម៉ូតូ​មាន​ឡាន​Rav4 មានផ្ទះ​ក្បឿង​ធំ​គួរសម ។ មិនតែប៉ុណ្ណោះ​នាយ​ដែល​ជា​មេក្រុម មិន​ដែល​ភ្លេច​កូនចៅ​ទេ ពេល​ដែល​មាន​គេ​ហៅ​ទៅ​សម្តែង​តាម​ខេត្ត​តែងតែ​សួរនាំ​កូនក្រុម​ថា​ចង់ទៅ​រឺ​អត់​ទៀត​ផង​។ ចំពោះ​រឿង​ដែល​គេ​ល្បី​ថា តា​ចេក សម្តែង​ម្ដង​បាន​តែ​២០​ដុល្លា​នោះ វា​ជា​រឿង​ពិត​ហើយ ប៉ុន្តែ​ត្រូវ​ដឹង​ថា​រាល់​ការ​សម្តែង​ម្ដង​តាម​ទូរទស្សន៍ គេ​ឱ្យ​តែ​៣០០​ដុល្លា​ទេ ហើយ​ត្រូវ​ចែក​គ្នា​១០​នាក់ តើ​ឱ្យ​នាយ​ត្រូវ​ចែក​ម្នាក់​ប៉ុន្មាន​ទៅ បើ​លុយ​៣០០​ដុល្លា​ត្រូវ​ចែក​គ្នា​១០​នាក់​នោះ ? ដូច្នេះ​លុយ​៣០០​ដុល្លា​ចែក​គ្នា​១០​នាក់ គឺ​មិន​អាច​ចែក ស្មើ​ៗ​គ្នា​បាន​ទេ ព្រោះ​តួ​ខ្លះ​ល្បី​ត្រូវ​ឱ្យ​គេ​ច្រើន​ជាង​បន្តិច តាម​ភាព​ល្បី​របស់​តួ​» ។

នាយ​កុយ បញ្ជាក់​ថា នាយ​ចេក ក៏​ទទួល​បានការ​ជួយ​ឧបត្ថម្ភ​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ផង​ដែរ ។

ក្រោយ​ពី​មានការ​បកស្រាយ​ពី​នាយ​កុយ រួច​មក លោក​តាន់ គឹ​ម​ឡេ​ង បាន​ឆ្លើយ​តប​ទៅ​វិញ​ថា  «​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ខេត្តកណ្តាល​ចុះ​ទៅ​ជួសជុលផ្ទះ​លោកតា​ទឹក​លិច ហើយ​ខ្ញុំ​ក៏​ឈប់​ទិញ​ទឹក​កន្លែង​លោកតា​ចេក ហើយ​ខ្ញុំ​ក៏​បាន​សួរ​លោកតា​ថា លោកតា​លក់​មិនសូវ​ដាច់​ទេ​មួយ​រយៈ​នេះ ។ ហើយ​ណាមួយ ឥឡូវ​ការ​ទៅ​លេង​កំប្លែង​ក៏​ពុំ​សូវ​ជា​មាន​ទៀត ដោយ​ពី​មុន​លោកតា​ចុះ​តាម​ខេត្ត និង​សម្តែង​ច្រើន​បុ​ស្តិ៍ ។
ខ្ញុំ​សួរ​លោកតា​បន្ត​ថា​លោកតា​នៅ​លេង​ប៉ុស្តិ៍​ណា​ដែរ​សព្វ​ថ្ងៃនេះ លោកតា​ថា​នៅ​សល់​តែ​មួយ​ទេ គឺ CTN ហើយ​កម្រៃ​ដែល​បាន​គឺ​២០​ដុល្លារ លោកតា​ជិះ​ម៉ូតូ​កញ្ចាស់​ពី​ផ្ទះ​ដល់​CTN ។

ខ្ញុំ​ក៏​មិន​បាន​ទៅ​សួរ​ដេញដោល​លោកតា​មានផ្ទះ ឬ​ឡាន​អ្វី​ទេ ព្រោះ​ដោយ​ក្តី​គោរព និង​ចិត្ត​អាណិត​គាត់ ។ លោកតា​គឺ​ខ្ញុំ​បាន​បង្ហោះ​ជួយ​កាលពីមុន​ដំបូង​នៅ​ក្នុង​មន្ទីរពេទ្យ​តែ​ម្តង រហូត​បង​សាន ផានិត ខ​លម​ក​សួរ​ពី​ប្អូន រហូត​ទទួល​បាន​ជំនួយ​ពី​លោក​ឧកញ៉ា​ឌួ​ង ឆាយ និង​ចៅ​របស់​សម្តេច បងប្រុស​ហ៊ុន បញ្ញា​បុត្រ ។

ជា​ចុង​ក្រោយ​ខ្ញុំ​សុំ​គោរព និង​ជម្រាប បង​ៗ​សិល្បះទាំងអស់​គ្នា ថា ខ្ញុំ​គ្មាន​ចេតនា​បង្ហោះ​នេះ​ដើម្បី​បំបាក់​លោកតា​កុយ ឬ បង​ៗ​សិល្បៈ​ណា​ម្នាក់​ទេ គោលបំណង​គឺ​ភាព​អាណិត និង​ការ​គោរព ព្រោះ​គាត់​ធ្លាប់​ធ្វើ​ឱ្យ​មហាជន​សើច សប្បាយ​ពេល​ដែល​គាត់​លេង ម្តង​ៗ ហើយ​លោកតា​កុយ ក៏​ជាតា​រា​កំប្លែង​ម្នាក់​ដែល​ចៅ​គោរព និង​ចង់​ជួប​ដែរ ព្រោះ​លោកតា​ល្បី​ក្នុង​អំឡុង​ឆ្នាំ​៩០​ជាង​មក​ម្ល៉េះ ។ សង្ឃឹម​ការ​រៀបរាប់​មួយ​នេះ បង​ៗ​សិល្បៈ​ទាំងអស់​គ្នា​នឹង​យល់ »៕ ប្រភពពីកោះសន្តិភាព

លោកអភិបាលរងខណ្ឌមានជ័យ ដឹកនាំមន្រ្តីរាជការក្នុងមូលដ្ឋាន ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ


[ពិភពចែករំលែក]
សាលាខណ្ឌមានជ័យ ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ លោក អែម សុខលាង ប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យ និង​ សមាជិក​ក្រុម​ប្រឹក្សា​ខណ្ឌ​មានជ័យ​, លោក​ ឌី​ រ័ត្ន​ខេមរុណ​ អភិបាលរង​ខណ្ឌ​មានជ័យ​ តំណាង​លោក​ ពេជ្រ​ កែវមុនី​ អភិបាល​ខណ្ឌ​មានជ័យ​ អធិការ​នគរបាល​ខណ្ឌ​មានជ័យ​ មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខណ្ឌ​មានជ័យ​ ប្រធាន​ការិយាល័យ​ ចំណុះ-ជំនាញ មន្ត្រីសាលាខណ្ឌមានជ័យ, ចៅសង្កាត់, មេប៉ុស្តិ៍, ផ្សារ​ បានអញ្ជើញចូល​រួម​ ក្នុងពិធីគោរពព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបាទ​ ន​រោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៥ឆ្នាំ ដែល​ប្រារព្ធ​នៅសាលាខណ្ឌមានជ័យ។

សូមបញ្ជាក់ថា ថ្ងៃទី១៥​ ខែតុលា​ ឆ្នាំ២០១២​ គឺជាថ្ងៃដែលប្រជាពលរដ្ឋកម្ពុជាសោកសង្រេងជាទីបំផុត​ ដែលបាត់បង់ព្រះមហាវីរៈក្សត្រមួយអង្គ​ ដែលជាម្លប់ដ៏ត្រជាក់​ និងជាទីសក្ការៈរបស់ប្រជាពលរដ្ឋ។​ ឆ្នាំ២០១៧នេះ​គឺជាខួប ០៥ឆ្នាំហើយ​ ព្រះវររាជបិតា​ឯករាជ្យជាតិខ្មែរ​ ព្រះបាទ​ សម្តេចព្រះ​ នរោត្តម​ សីហនុ បានយាងសោយទិវង្គត ប៉ុន្តែកូន​ ចៅ​ ចៅទួត​ ប្រជារាស្ត្ររបស់ព្រះអង្គនៅតែអាលោះអាល័យនូវស្នាប្រហស្ថ​ និងការលះបង់នូវកាយពល​ ព្រះបញ្ញាញាណដ៏ធំធេង​ពេញមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិ​ មាតុភូមិ​ និងប្រជារាស្រ្តខ្មែរ៕

ប្រុសស្រីជិត៧០នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធគ្រឿងញៀន

[ពិភពចែករំលែក]
រាជធានីភ្នំពេញៈ មន្ទីរប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យ៦៤នាក់ រួមទាំងថ្នាំញៀនប្រភេទមេតំហ្វេតាមីនសរុប ៤៨,០៤ក្រាម និង៣៩កញ្ចប់តូច ប្រភេទមេតំហ្វេតាមីនWY ១,០៨ក្រាម និងកូកាអុីន ៣៨៥៥,២៨ក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបាននៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧នេះ។ 

យោងតាមរបាយការណ៍បានបង្ហាញថា អាជ្ញាធរមានសមត្ថកិច្ច បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ថ្នាំញៀនចំនួន១៩ករណី ឃាត់ជនសង្ស័យ៦៤នាក់(ស្រី៦នាក់) ដោយបានដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ice) សរុប ៤៨,១២ក្រាម និង៣៩កញ្ចប់តូច ប្រភេទមេតំហ្វេតាមីនWY ១,០៨ក្រាម និងកូកាអុីន ៣៨៥៥,២៨ក្រាម។ 

របាយការណ៍ដដែលឲ្យដឹងថា បទល្មើសទាំង១៩ករណីខាងលើ គឺមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបបាន៣ករណី បន្ទាយមានជ័យ៣ករណី កំពង់ចាម២ករណី កំពត១ករណី កណ្ដាល១ករណី ក្រចេះ១ករណី រតនគីរី១ករណី ព្រះវិហារ១ករណី ឧត្តរមានជ័យ១ករណី ព្រះសីហនុ១ករណី និងរាជធានីភ្នំពេញ៤ករណី ៕