រាជធានីភ្នំពេញ ៖ សមត្ថកិច្ចបានវែកមុខរកឃើញជនល្មើសឆបោកតាមហ្វេសប៊ុកម្នាក់ ដែលជាទណ្ឌិតកំពុងជាប់ទោស ស្រាប់ក្នុងគុកខេត្តព្រៃវែង នៅថ្ងៃទី១៧ កក្កដា ២០១៧ នេះ តាមពាក្យបណ្ដឹងរបស់នារីរងគ្រោះថា បានគំរាមកំហែងហែកកេរ្តិ៍ បង្ហោះរូបអាក្រាតជាថ្នូរនឹងប្រាក់៥,000ដុល្លារអាមេរិក ។
បើតាមលោកអធិការខេត្តកណ្តាលបានអោយដឹងថា ជនល្មើសមានឈ្មោះ យ៉ែម ប្រុស ក្រោយទទួលបានបណ្ដឹងភ្លាម មន្ត្រីនគរបាលយុត្តិធម៌ ដឹងនាំដោយ លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា បានបើកប្រតិបត្តិការដើម្បីតាមរកបិសាចព្រាននារីដ៏ថោកទាបម្នាក់នោះ មកផ្ដន្ទាទោសតាមច្បាប់ឲ្យខានតែបាន ដោយប្រើរយៈពេល៥ថ្ងៃ ទើបទទួលបានជោគជ័យទាំងស្រុង ដោយបានទប់ស្កាត់ការបង្ហោះរូបភាពអាក្រាតរបស់នារីរងគ្រោះ ដែលបានលួចថតពីសំណាក់ជនល្មើសផងដែរ ។
លោកអធិការខេត្តកណ្តាល បន្តថា ជនល្មើស យ៉ែម ប្រុស ប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ប្រើគណនីផ្ទាល់ខ្លួន ដើម្បីទាក់ទងសុំស្នេហាពីសុភាពនារីៗ ដែលជា friend នៅក្នុងគណនីហ្វេសប៊ុក នៅពេលដែលសុភាពនារីយើងបានធ្លាក់ក្នុងអន្ទាក់ស្នេហ៍របស់ជននេះហើយ ក៏បន្តបញ្ឆោតឲ្យនារីរងគ្រោះ ឆាតជាវីដេអូ ។
ក្នុងពេលដែលអ្នកទាំង២កំពុងតែស្ថិតនៅក្នុងវីដេអូផ្ទាល់នោះ ជនល្មើសបានត្រៀមទូរសព្ធមួយទៀត ដើម្បីលួចថតសកម្មភាពរបស់ជនរងគ្រោះ(នារី) ដើម្បីទុកគំរាមទារប្រាក់ ។
នៅក្នុងខែមិថុនា ឆ្នាំ២០១៧ ឈ្មោះ យ៉ែម ប្រុស មានទំនាក់ទំនងតាមបណ្ដាញសង្គមហ្វេសប៊ុកជាមួយម្ចាស់ហ្វេសប៊ុក របស់នារីរងគ្រោះ នៅពេលមានទំនាក់ទំនងស្នេហាជាគ្នា ក៏បានឆាតរកគ្នាជាប់ជាប្រចាំ ពេលនោះឈ្មោះ យ៉ែម ប្រុស តែងតែ Live វីឌីអូផ្ទាល់ និងបានបង្ហាញប្រដាប់ភេទខ្លួន ទៅឲ្យម្ចាស់ហ្វេសប៊ុករងគ្រោះមើល បន្ទាប់មក ក៏សុំឲ្យសុភាពនារី ឡាយវីដេអូ បង្ហាញប្រដាប់ភេទ ទៅឲ្យខ្លួនមើលវិញម្តង ។
នៅពេលនារីរងគ្រោះ ថតបង្ហាញខ្លួននោះ ជនល្មើសក៏យកទូរស័ព្ទ១គ្រឿងទៀត លួចថតទុក ដើម្បីប្រើប្រាស់ក្នុងការគំរាមទារប្រាក់ ជាថ្នូរនឹងការ មិនបង្ហោះរូប និងវីដេអូទាំងនោះទៅក្នុងបណ្ដាញសង្គម ។
សូមជម្រាបថា ចំពោះលុយដែលនារីរងគ្រោះផ្ញើមក ដំបូងមានចំនួន ៥០០ដុល្លារ វេអោយតាមវីង ដោយបានឈ្មោះ ចែម៉ៅ ជាមន្ត្រីពន្ធនាគារខេត្តព្រៃវែង ជាអ្នកទៅដកលុយ គ្រាន់តែយកលេខកូដទៅបើកយកមក ។
ក្រោយមកឈ្មោះ យ៉ែម ប្រុស ក៏បានទារលុយពីនារីរងគ្រោះចំនួន៥,០០០ដុល្លារអាមេរិកទៀត ដោយទូរស័ព្ទទៅនិយាយគំរាមថា ត្រូវតែផ្ញើប្រាក់មកឲ្យនៅថ្ងៃទី១៥ កក្កដា ២០១៧ កុំបីខានចំនួន២,០០០ដុល្លារ បើមិនអោយទេ នឹងបង្ហោះរូបអាក្រាតកាយតាមហ្វេសប៊ុកហើយ ។ ទើបនៅថ្ងែទី១៧ កក្កដា កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវរកឃើញទីតាំងរបស់ជនល្មើសនៅក្នុងពន្ធនាគារខេត្តព្រៃវែង តែម្តង ។
បើតាមជនល្មើសឆបោកតាមហ្វេសប៊ុកទណ្ឌិត យ៉ែម ប្រុស បានសារភាពពីសកម្មភាពរបស់ខ្លួននៅចំពោះមុខសមត្ថកិច្ចថា ចាប់តាំងពីឆ្នាំ២០១០មក ខ្លួនបានជាប់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌចំនួន០៨ករណី មានប្លន់ចំនួន៧លើកនៅខេត្តកំពត និងប្លន់មួយលើកនៅខេត្តតាកែវ ដោយជាប់ទោសសរុប១០ឆ្នាំ ក្នុងពន្ធនាគារនៅខេត្តកំពត បន្ទាប់មកក៏ត្រូវបានផ្ទេរមកជាប់ឃុំនៅពន្ធនាគារខេត្តព្រៃវែងវិញ ។
នៅក្នុងពន្ធនាគារខេត្តព្រៃវែង ពេលដែលជនល្មើសជាទណ្ឌិត យ៉ែម ប្រុស បានចេញមកក្រៅបន្ទប់ឃុំឃាំង ក្នុងបរិវេណគុក គឺអាចលេងកុំព្យូទ័រ និងទូរស័ព្ទដៃបាន ដោយសារមានការអនុញ្ញាតិពីលោក អ៊ុំ រ៉ាយឿង អនុប្រធានពន្ធនាគារខេត្តព្រៃវែង ។
ជនល្មើសជាទណ្ឌិត យ៉ែម ប្រុស បន្តទៀតថា នៅក្នុងពន្ធនាគារ បានប្រើប្រាស់ទូរស័ព្ទ៣គ្រឿង មានម៉ាក Samsung Not5 មួយគ្រឿង Samsung Not3 មួយគ្រឿង និងទូរស័ព្ទ Nokia មួយគ្រឿង ដោយប្រើប្រាស់លេខទូរស័ព្ទ៤ខ្សែ (
0968919254, 017 770773, 090 333833, 096 4444071) និងកុំព្យូទ័រយួរដៃ១គ្រឿងទៀត ។
ទណ្ឌិត យ៉ែម ប្រុស បញ្ជាក់ថា ទូរស័ព្ទទាំង៣គ្រឿងនេះ គឺឈ្មោះ លុក ដែលធ្លាប់ជាប់ពន្ធនាគារជាមួយគ្នាទិញឲ្យប្រើ ហើយខ្លួនបានបង្កើតគណនីហ្វេសប៊ុកចំនួន០៥ សម្រាប់លេងបោកបញ្ឆោតនារីរងគ្រោះ ដែលគណនីហ្វេសប៊ុករបស់ជនល្មើសមានដូចជា ៖ Pros Na, Bong rin, Sothea ra, បឺតភាកូនម៉ាក់មុំ, និង Chang Chang ។
សូមបញ្ជាក់ថា នៅក្នុងកុំព្យូទ័រយួរដៃ របស់ជនល្មើសនៅមានរូប និងវីដេអូ អាក្រាតរបស់នារីរងគ្រោះ មិនក្រោមពី៥ទៅ៦នាក់ផ្សេងទៀត ។