រថយន្តកុងតឺន័រក្រុមហ៊ុន SBLL បេីកបុកកិនម៉ូតូ Zoomer-X បណ្ដាលឲ្យយុវជនម្នាក់ធ្លាយខួរស្លាប់ នៅហ្នឹងកន្លែង យ៉ាងអាណោច​អាធ័ម​ នៅផ្លូវជាតិលេខ3



រាជធានីភ្នំពេញ ៖ មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយសាររថយន្តដឹកកុងតឺន័របើកបុកយុវជនម្នាក់ជិះម៉ូតូបណ្តាលឲ្យដួលរួចកិនក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៤៖២០នាទីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ នៅទល់មុខក្រុមហ៊ុន SBLL អាហរ័ណ នីហរ័ណ និងដឹកជញ្ជូន មានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិ-សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។


ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រ ១គ្រឿង ម៉ាកVolvo ពណ៌ស ក្បាលពាក់ស្លាកលេខភ្នំពេញ 3C-4523 កន្ទុយលេខភ្នំពេញ 4A-1936 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ពីជើងទៅត្បូង។ លុះពេលធ្វើដំណើរមកដល់មុខក្រុមហ៊ុនខាងលើ មានជនរងគ្រោះម្នាក់ឈ្មោះឱប សុផាន់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រៃវែង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ជិះម៉ូតូម៉ាកហុងដាZoomer X ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1DH-4093 កំពុងធ្វើដំណើរបញ្ច្រាសគ្នាពីត្បូងទៅជើង គាប់ជួនរថយន្តកុងតឺន័របត់ចូលក្រុមហ៊ុនខាងលើក៏ជ្រុលទៅបុកម៉ូតូZoomerX បណ្តាលឲ្យយុវជនដួលម៉ូតូហើយត្រូវរថយន្តកុងតឺន័រកិនក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័មមួយរំពេច។


ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ក្រោយពេលបង្កហេតុរួចអ្នកបើកបររថយន្តកុងតឺន័របានបន្ថែមល្បឿនចូលទៅចតនៅក្នុងក្រុមហ៊ុនរួចគេចខ្លួនបាត់តែម្តង។


ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលចរាចរផ្លូវគោករាជធានីភ្នំពេញទៅដល់វាស់វែងយកម៉ូតូនិងចូលទៅអន្តរាគមន៍យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យរបស់ខ្លួន ដើម្បីរង់ចាំដោះស្រាយតាមច្បាប់។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ 


ប្រភពដេីមពីបង ភារ៉ា ដង្កោ