ក្រុងតាខ្មៅ/ខេត្តកណ្តាល ៖ មានករណីឃាតកម្មចាក់សម្លាប់យុវជនម្នាក់ នៅក្នុងបន្ទប់ទឹកផ្ទះល្វែងលេខ២៥១ ដែលបើកអ៉ិនធឺណេត យីហោក្រុងណេត នៅផ្លូវ២០៥ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកឧត្តម សេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ឲ្យដឹងថា បើតាមយុវជនម្នាក់ ដែលសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីឃាតកម្មនេះ កើតឡើងនៅម៉ោងប្រមាណជា ៥ និង១៥នាទីល្ងាច ថ្ងៃទី០២ ខែកក្កដានេះ។
ជនរងគ្រោះ-ឈ្មោះ រត្ន័ ពុទ្ធថា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតនៅភូមិស្តុក ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ស្នាក់នៅផ្ទះបើកអ៉ិនធើណេត យីហោក្រុងណេតភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខបរ បុគ្គលិកក្រុងណេត(ស្លាប់)។ ជនល្មើស០១នាក់-មិនស្គាល់អត្តសញ្ញាណ សម្បុរស ភេទប្រុស អាយុប្រហែល២០ឆ្នាំ ពាក់អាវដៃវែងពណ៌ ផ្កាឈូក ស្លៀក ខោជើងវែងពណ៌ខ្មៅ មានស្ពាយកាបូបពណ៌ខ្មៅ។
សភាពនៃរឿងហេតុ ៖ មុនពេលកើតហេតុ តាមរយៈកាម៉េរ៉ាសុវត្ថិភាព និងតាមការបំភ្លឺរបស់សាក្សី ឈ្មោះឃ.ស.ធ ភេទប្រុស អាយុ១៨ឆ្នាំ គាត់បានចូលលេងហ្គែមនៅកន្លែងផ្ទះបើកអ៉ិនធើណេតយីហោក្រុងណេត ពេលនោះ បានឃើញជនល្មើសម្នាក់ ដែលមានភិនភាគខាងលើ ចូលលេងហ្គែមនៅទូកុំព្យូទ័រលេខ៧ ។ លុះមកដល់វេលាកើតហេតុខាងលើ ក៏ឃើញជនល្មើសដើរចូលក្នុងបន្ទប់ទឹក បន្ទាប់មកជនល្មើស ក៏បានស្រែកហៅ ជនរងគ្រោះចំនួន២ដងដោយប្រាប់ថាបន្ទប់ទឹកស្ទះ ពេលនោះជនរងគ្រោះក៏ដើរចូលទៅតាម ក៏ឮសម្រែកជនរងគ្រោះថា បងកុំៗ រួចជនល្មើសក៏បានស្រែកហៅសាក្សី ឈ្មោះឃ.ស.ធឲ្យចូលក្នុងបន្ទប់ទឹកទៀត ដោយប្រាប់ថាមេកាដួលបោកក្បាលក្នុងបន្ទប់ទឹក តែគាត់មិនចូលទេហើយរត់ចេញមកក្រៅស្រែកហៅ សន្តិសុខនិងអ្នកជិតខាងឲ្យមកជួយ ពេលនោះក៏ឃើញជនល្មើសរត់ចេញពីក្នុងផ្ទះ ហើយរត់តាមផ្លូវទៅទិសខាងត្បូងបាត់តែម្តង ហើយបានរាយការណ៍ ប្រាប់សមត្ថកិច្ចឲ្យចុះមកពិនិត្យ។
ជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រាប់ថា មានឈ្មោះ ខា ស្នាក់នៅកន្លែងកើតហេតុ ហើយមានស្រុកកំណើត នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ លោកស្នងការបានបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីឃាតកម្មនេះ សមត្ថកិច្ចរបស់លោកបានធ្វើការពិនិត្យនៅកន្លែងកើតហេតុរួចហេីយ និងកំណត់មុខសញ្ញាឃាតករបានហេីយ និងកំពុងតាមដានស្រាវជ្រាវស្វែងរកចាប់ជនល្មើស មកដាក់ទោសតាមច្បាប់។
ក្រោយពេលពិនិត្យសាកសពរួច សពបានប្រគល់ជូនក្រុមគ្រួសាររបស់ជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។
ក្រោយពេលពិនិត្យសាកសពរួច សពបានប្រគល់ជូនក្រុមគ្រួសាររបស់ជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។
ដោយ ពិភពចែករំលែក