រាជធានីភ្នំពេញ ៖ ក្មេងស្រីៗឥឡូវ ពិតជាចិត្តសឿងមែន គ្រាន់តែរឿងឈ្លោះគ្នាតាម ហ្វេសប៊ុកសោះ នាំមិត្តភ័ត្ត្រមកតាមរករឿង និងធាក់ម៉ូតូផ្តួល បណ្តាលអោយភាគីម្ខាងទៀត រងរបួសស្រាល ត្រូវសមត្ថកិច្ចហៅមកធ្វើការអប់រំនៅប៉ុស្តិ៍ភ្នំពេញថ្មី។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១១:៣០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចក្បែវិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មី ផ្លូវបេតុង ភូមិគោកឃ្លា សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា-ភាគីបង្ក មានគ្នា៣នាក់ ទី១ឈ្មោះ ផល វួចហ៊ាង ភេទស្រីអាយុ១៨ឆ្នាំមុខរបរ នៅផ្ទះ ស្នាក់នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ អ្នកបើកម៉ូតូ ទី២ ឈ្មោះស៊ិន ស្រីនីត អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី៣ឈ្មោះភួង វិច្ឆិកា អាយុ១៧ឆ្នាំមុខរបរធ្វើការនៅKTV ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជិះម៉ូតូមួយគ្រឿងម៉ាក zoomer x ពណ៌ខ្មៅលាយទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ1GF-9963។
ភាគីរងគ្រោះ មានម្នាក់ឯងឈ្មោះ លាង សុខលាភ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិគោកឃ្លាសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជិះម៉ូតូស្កូបពី ពណ៌ស ស្លាកលេខភ្នំពេញ1CZ-3353 រងរបួសរលាត់ជង្គង់ស្តាំ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់បន្តថា កន្លងមកភាគីបង្ក ធ្លាប់មានទំនាស់ជាមួយ ភាគគីរងគ្រោះ ដោយឆាតជេរគ្នាតាមហ្វេសប៊ុក។ លុះដល់ថ្ងៃកើតហេតុខាងលើ ក៍ដឹកបក្សពួក០២នាក់ មកដល់មុខសាលាតែម្តង ខណះឃើញភាគីរងគ្រោះ ចេញពីសាលាហើយក៍ជិះម៉ូតូតាមពីក្រោយ និងបានធាក់អោយដួលបណ្តាលអោយរងរបួសរលាត់ក្បាលជង្គង់ខាងស្តាំ ក្រោយពីធាក់ហើយភាគីបង្កបានជិះទៅមុខបាត់ទៅ។
សមត្ថកិច្ចដដែលបានប្រាប់បន្ថែមទៀតថា ក្រោយហេតុការណ៍កើតឡើងភាគីរងគ្រោះ បានជិះម៉ូតូទៅផ្ទះប្រាប់ហេតុការណ៍ខាងលើទៅឳពុកម្តាយដឹង ពេលនោះឳពុកម្តាយ បាននាំគ្នាមកចំណុចកើតហេតុវិញក៍បានជួបភាគីបង្ក ក៍ប្តឹងសមត្ថកិច្ចមូលដ្ឋានអោយចុះទៅអត្តរាគមន៍ និងនាំយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ដើម្បូសាកសួរមូលហេតុ។
➤ពិភពចែករំលែក World Share - Blogger Network Social News Update ⇧