ជួបគ្នាតាមផ្លូវ! បបួលទៅដេីរលេងមិនព្រមទៅ ខឹងទាញខ្សែកដាច់ ត្រូវអូនដាច់ចិត្តប្ដឹងបងដាក់ខ្នោះ សុំឱ្យប៉ូលិសចាត់ការ តាមច្បាប់ទៀត… ញាក់សាច់!




➤ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ ៖ នេះជាករណីដ៏ហួសចិត្ត និងកម្រមួយ ដែលបានកើតឡើង ដោយបុរសម្នាក់ត្រូវជាមិត្តប្រុស បានហៅមិត្តស្រីរបស់ខ្លួន ទៅដើរលេង ហើយនាងមិនព្រមទៅជាមួយ ក៏ត្រូវបុរសជាមិត្តប្រុសរូបនោះ យកដៃផ្ដាច់ខ្សែករបស់នាង ហើយគំរាមថា ត្រូវតែដើរលេង ស្រាប់តែត្រូវនារីខាងលើខឹង ប្ដឹងសមត្ថកិច្ចចាប់វាយខ្នោះ ពីបទឆក់ខ្សែក ។

ហេតុការណ៍ដ៏កម្រមួយនេះ បានបង្កកាភ្ញាក់ផ្អើល កាលវេលាម៉ោង៤៖៣០នាទីរសៀល ថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ ២០១៧ នៅចំណុចមុខសាលាញ៉ូតុនធីឡាយ តាមបណ្ដោយផ្លូវជាតិលេខ២ ក្រុមទី១៤ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ជនរងគ្រោះមានឈ្មោះ ស៊ឹម លីដា ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរ កម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅផ្ទះលេខ ២០P ផ្លូវបេតុង ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ណា រីន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរជាងជួសជុលទូរស័ព្ទ ស្នាក់នៅផ្ទះលេខ១១២៥ ផ្លូវជាតិលេខ៥ ភូមិ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា គាត់ត្រូវសមត្ថកិច្ចឃាត់ខ្លួន មិនមែនជារឿងចោរឆក់ឆក់ខ្សែកទេ ។

ដំណើររឿងគឺគាត់ និងស្រ្តីរងគ្រោះ បានស្គាល់គ្នា តាមបណ្តាញសង្គមហ្វេសប៊ុក ចាប់តាំងពីឆ្នាំ២០១៦ មកម្ល៉េះ ហើយក្រោយមក ក៏បានណត់ជួបគ្នាជាញឹកញាប់ និងតែងតែទៅហូបសាច់គោអាំង និងមីឆាពេលយប់ជាមួយគ្នា ហើយទំនាក់ទំនងរវាងពួកគាត់ ក៏ស៊ីជម្រៅលើសពីមិត្តភក្ដិដែរ ។

ជនសង្ស័យបន្តថា លុះដល់ម៉ោង៤៖៣០នាទីល្ងាច ថ្ងៃកើតហេតុខាងលើ ខ្លួនក៏ជិះម៉ូតូម៉ាកស្តេប ពណ៍ស លាយខ្មៅ ពាក់ស្លាកលេខ កណ្តាល 1H-3111 អង្គុយតាមផ្លូវជាតិលេខ២ ចាំមិត្តស្រីចេញពីធ្វើការ បកប្រែភាសាចិន ក្នុងរោងចក្រ ហើយពេលឃើញមិត្តស្រីជិះម៉ូតូម៉ាកវេវ ពណ៍ខ្មៅ ហើយខ្លួនក៏ឱ្យឈប់ម៉ូតូ ដើម្បីបបួលដើរលេងដូចសព្វដង តែប្លែកថា លើកនេះបបួលដើរលេងប្រកែក និងបដិសេធមិនព្រមទៅទេ ។

ដោយសារតែដូចនេះ ទើបបុរសជាមិត្តប្រុសម្នាក់នេះ សួរថា «អូនខឹងបងរឿងអី និយាយគ្នាបាន» តែនារីជាមិត្តស្រី មិនព្រមតបអ្វីទាំងអស់ ហើយបម្រុងជិះម៉ូតូចេញទៅ ទើបខ្លួនយកដៃ ទៅឆក់ខ្សែកស្រ្តីជាមិត្តស្រី ដើម្បីគំរាមក្នុងន័យចង់ឱ្យនាង ដើរលេងជាមួយខ្លួនប៉ុណ្ណោះ មិនមែនចង់ឆក់យកទៅលក់ទេ ស្រាប់តែស្រ្តីជាមិត្តស្រី បែរជាស្រែកប្រាប់គេឯងថា ចោរឆក់ខ្សែក ឱ្យគេជួយចាប់ តែរូបគាត់នៅតែមិនរត់គេចខ្លួន ដោយសារគិតថា យើងទាំង ២នាក់ ជាអ្នកស្គាល់ ចិត្តថ្លើមគ្នា ក្រោយមកសមត្ថកិច្ចបានចុះមកដល់ ឃាត់ខ្លួនយកមកប៉ុស្តិ៍តែម្ដង ។

បេីតាមលោកនាយប៉ុស្តិ៍ នគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែក្រោម បានប្រាប់ថា ដោយកម្លាំងសមត្ថកិច្ចបានចុះល្បាតក្នុងមូលដ្ឋាន លុះមកដល់ចំណុចផ្លូវជាតិលេខ២ ស្រាប់តែមានស្រ្តីម្នាក់ ជិះម៉ូតូម៉ាក Wave ឈប់ក្បែរបុរសជិះលើម៉ូតូ Step និងស្រែកថា ចោរៗឆក់ខ្សែក ក៏កម្លាំងសមត្ថកិច្ចអន្តរាគមន៍ឃាត់បានភ្លាមៗ រួចយកមកប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រួមនិងវត្ថុតាងខ្សែក នៅនិងដៃជនសង្ស័យ ដើម្បីសាកសួរនាំ ។

សមត្ថកិច្ចបន្តថា បើតាមសាកសួរបុរសជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានឆក់ខ្សែក ពីស្រី្តជនរងគ្រោះពិតប្រាកដមែន ដោយសារចង់គំរាមឱ្យស្រ្តីទៅដើរលេងជាមួយ ប៉ុណ្ណោះ មិនមែនចង់ឆក់ប្លន់ទ្រព្យសម្បត្តិមិត្តស្រី យកទៅលក់ទេ ដោយយើងទាំងពីនាក់ ធ្លាប់ទំនាក់ទំនង ស្គាល់គ្នា និងរៀបរាប់ជិត ១ឆ្នាំហើយ ទើបសមត្ថកិច្ចសាកសួរនាំទៅស្រ្តីជនរងគ្រោះ ហើយនាងបាននិយាយថា គ្រាន់តែស្គាល់គ្នា រាប់អានធម្មតាទេ មិនមែនស៊ីជម្រៅ ដូចបុរសនោះនិយាយឡើយ ។

ចំពោះមុខសមត្ថកិច្ច ស្រ្តីរងគ្រោះសុំប្ដឹងបុរសជនសង្ស័យខាងលើ ពីបទឆក់ខ្សែកគាត់ បណ្ដាលឱ្យដាច់ជា ២កំណាត់ និងឱ្យសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់ ហើយក៏បានឃាត់ខ្លួនបុរសជនសង្ស័យនិងដកហូតខ្សែកដាច់១ខ្សែ ធ្វើពីលោហៈធាតុពណ៍លឿង ប្រគល់ឱ្យស្រ្តីរងគ្រោះវិញ និងម៉ូតូម៉ាកស្តេបពណ៍ស លាយខ្មៅ ពាក់ស្លាកលេខ កណ្តាល 1H-3111 របស់ជនសង្ស័យ និងកសាងសំណុំរឿង បញ្ជូលទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
អត្ថបទដើម KBN កែសម្រួល AhBoYz



➤ពិភពចែករំលែក World Share - Blogger Network Social News Update