គ្រោះ​ជាន់​លើ​គ្រោះ​! បុណ្យសព​ម្តាយ​៧​ថ្ងៃ​មិន​ទាន់​ចប់​ផង ស្រាប់តែ​រលំ​ផ្ទះ​ទៀត

ខេត្តកំពង់ឆ្នាំង ៖  មនុស្ស​ក្មេង​ចាស់​ចំនួន​៦​នាក់​បាន​រង​របួសធ្ងន់ និង​ស្រាល ក្នុង​ហេតុការណ៍​រន្ធត់​មួយ បណ្តាល​ផ្ទះ​មួយ​ខ្នង​បាន​បាក់​ធ្លាក់​ដល់​ដី ហេតុការណ៍​យ៉ាង​អាក្រក់​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ភូមិ​គោក​ស្តៅ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ។

អ្នក​រង​របួស​ខាងលើ
១-​ឈ្មោះ សារី សៀវ អាយុ​៥៣​ឆ្នាំ
២-​ឈ្មោះ ផា រី ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជា​ប្រពន្ធ​ម្ចាស់ផ្ទះ
៣-​ឈ្មោះ ឈុ​ន វ៉ា អាយុ​៥៨​ឆ្នាំ
៤-​ឈ្មោះ តាន់ ឆា​នុ​ន អាយុ​១០​ឆ្នាំ ។ (អ្នកទាំង​៤​នាក់នោះ​កំពុង​សម្រាក​ព្យា​ល​បាល​នៅ​មន្ទីរពេទ្យ)
៥-​កុមារី​ឈ្មោះ ផា​ន់ នី អាយុ​១៣​ឆ្នាំ របួសធ្ងន់​ដោយ​ដាច់​ដៃស្តាំ និង​បែកក្បាល
៦-​កុមា​រា​ឈ្មោះ មាន ម៉ៃ​ប្រូ អាយុ​១២​ឆ្នាំ រង​របួសធ្ងន់​ដោយ​បាក់ជើង​ទាំង​ពីរ និង​បែកក្បាល ។
ចំណែក​ម្ចាស់ផ្ទះ​ឈ្មោះ ប៉ែន ស៊ី​ន អាយុ​៥១​ឆ្នាំ រីឯ​ការ​ខូចខាត​ដូច​ជា ផ្ទះ​ឈើ​មួយ​ខ្នង​ប្រក់​ដំបូល​ស៊ូ​ប្រូ​ស៊ីម៉ង់​ដ៍ មាន​ទំហំ​៧​គុណ​៩​ម៉ែត្រ ខូច​ម៉ូតូ​២​គ្រឿង និង​សម្ភារ​មួយ​ចំនួន​ដូច​ជា​ទូរទស្សន៍ គ្រែ កង់ និង​របស់របរ​មួយ​ចំនួន​ទៀត ។
តាម​ការ​រៀបរាប់​ពី​បុរស​ម្ចាស់ផ្ទះ​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គ្រួសារ​គាត់​កំពុង​ធ្វើ​ពិធី​សព​៧​ថ្ងៃ​ឱ្យ​ម្តាយ​ដែល ចែក​ឋាន​ទៅ ល្ងាច​នោះ​មាន​ភ្លៀង និង​ខ្យល់​ខ្លាំង ហើយ​ភ្ញៀវ​មួយ​ចំនួន​ទៅ​ផ្ទះ​វិញ ឯ​មួយ​ចំនួន​ទៀត​នៅ​ជ្រក​ក្នុង​រោង​បុណ្យ ចំណែក​ខ្លះ​ទៀត​នៅ​លើ​និង​ក្រោមផ្ទះ ស្រាប់តែ​រំពេច​នោះ​ខ្យល់​យ៉ាង​ខ្លាំង​បាន​បក់​មក​ពី​ទិស​ខាងលិច​ចំ​ផ្ទះ​គាត់ បណ្តាល​ឱ្យ​ដួល​រលំ​ជាមួយ​ជើង​តាង​កម្ពស់​៣,៥០​ម៉ែត្រ​ធ្លាក់​មក ខណៈនោះ​អ្នកខ្លះ​ដឹង​ទាន់​ក៏​ស្ទុះ​ចេញ តែ​នៅ​សល់​ខ្លះ​បណ្តាល​ឱ្យ​រង​របួសធ្ងន់​-​ស្រាល​៦​នាក់  តែ​ខ្លះ​ទៀត​សំណាងល្អ​នៅ​ចំ​ប្រឡោះ​ប្រហោង​ផ្ទះ ទើប​មិន​អី​បាន​វារ​ចេញពី​ក្រោមផ្ទះ​ទាំង​ព្រលឹង​ចុង​សក់ ។
ទោះ​យ៉ាងណា​ក្តី ពិធី​បុណ្យសព​៧​ថ្ងៃ​របស់​គ្រួសារ​ខាងលើ​នេះ នៅ​តែ​បន្ត​ធ្វើ​ដល់​ព្រឹក​ថ្ងៃ​ទី​០២​ទៀត ក្រោម​ក្តី​ក្តុកក្តួល និង​សំណូមពរ​ពី​ម្ចាស់ផ្ទះ​សុំ​ក្តី​មេត្តា​ជួយ​គ្រួសារ​គាត់​ផង ព្រោះ​ម្តាយ​ទើប​ស្លាប់​បាន​៧​ថ្ងៃ ពេល​នេះ​ខ្យល់​បោក​រលំ​ផ្ទះ​ទៀត រីឯ​ប្រ​ព​ន្ឋ​និង​កូន​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ ពិតជា​វេទនាណាស់ !
ទាំងស្រុងពី កោះសន្តិភាព