ក្រុមចោរប្លន់ប្រុសស្រី៦នាក់ ជាប់គុកគ្មានថ្ងៃចេញ បន្ទាប់ពីធ្វើសកម្មភាពបាញ់សម្លាប់កក្រើកក្រុងភ្នំពេញ...!!!



➤ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ ៖ ក្រុមជនជាប់​ចោទស្រី-ប្រុស ចំនួន៦នាក់ ដែលជាប់ពាក់ព័ន្ធនឹង​បទ​​ល្មើស​​ប្លន់​​ជា​ច្រើន​ករណី នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញនេះ ត្រូវបាន លោក ហេង កេស​រោ ប្រធានក្រុមប្រឹក្សាជំនុំជំរះ សាលា​ដំបូង​រាជធានីភ្នំពេញ ប្រកាសសាលក្រមសម្រេចផ្តន្ទាទោសនូវបទល្មើសឧក្រិដ្ឋចំនួន៦បទល្មើស ដែលមានទោសក្នុងម្នាក់រហូត ដល់ជាង១០០ឆ្នាំ។
ជនជាប់ចោទ​ទាំង​០៦​នាក់ មានឈ្មោះ ហ្សេ​ត ម៉ា​ន់​រ៉ូ​ហ្សេ​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ី​ស្លា​ម ត្រូវ​បាន​តុលាការ​សម្រេច​បន្ថែម​ទោស​រយៈពេល ១៤០​ឆ្នាំ​ថែម​ទៀត លើ​សំណុំរឿង​ប្លន់​សម្លាប់​ជន​រង​គ្រោះ​ទាំង​ប្រាំមួយ​សំណុំរឿង ដោយ​ផ្ដន្ទាទោស​ក្នុង​មួយ​ករណី​ដាក់​ពន្ធនាគារ​២៥​ឆ្នាំ និង​ប្រាំ​ករណី​ទៀត ដាក់​ពន្ធនាគារ​២៣​ឆ្នាំ សរុប​១៤០​ឆ្នាំ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ប្រព្រឹត្ត​អំពើ​ហិង្សា និង​មរណភាព​នៃ​ជន​រង​គ្រោះ បទ​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់ បទ​មិន​រាងចាល​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​ម​ជ្ឈឹ​ម​បន្ទាប់​ពី​ផ្ដន្ទាទោស​រួច​។ ឈ្មោះ ប៉ែន ចំណាប់ ហៅ​ពី​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ជនជាតិ​ខ្មែរ​។ ឈ្មោះ ហ៉ី​ម សុ​ភ័​ក្រ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ​។ ឈ្មោះ អេ​ង អា​រី​ហ្វី​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នាក់​ទាំង​បី​នាក់​នេះ ត្រូវ​បាន​តុលាការ​ប្រកាស​បន្ថែម​ទោស​ម្នាក់​ៗ១២៣​ឆ្នាំ ដោយ​ក្នុង​មួ​យ​ករណី ដាក់​ពន្ធនាគារ​២៣​ឆ្នាំ និង​ប្រាំ​ករណី​ទៀត ដែល​ក្នុង​មួយ​ករណី​ដាក់​ពន្ធនាគារ​២០​ឆ្នាំ ទាំង​សរុប​១២៣​ឆ្នាំ​។
ចំណែក ឈ្មោះ ញ៉ែ​ម កន្និដ្ឋា ភេទ​ស្រី អាយុ​២២​ឆ្នាំ​ជនជាតិ​ខ្មែរ និង​ឈ្មោះ ពេជ្រ សូ​ណែ​ក ភេទ​ស្រី​អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ ត្រូវ​បាន​ចៅក្រម​សម្រេច​ផ្ដន្ទាទោស​បន្ថែម​១០៩​ឆ្នាំ ដោយ​ក្នុង​មួយ​ករណី​ដាក់​ពន្ធនាគារ​២០​ឆ្នាំ និង​មួ​យ​ករណី​ទៀត ដាក់​ពន្ធនាគារ​១៧​ឆ្នាំ ចំណែក​បួន​ករណី​ទៀត ដែល​ក្នុង​មួយ​ករណី​ត្រូវ​ផ្តន្ទាទោស​១៨​ឆ្នាំ សរុប​១០៩​ឆ្នាំ​។

អង្គហេតុ​ដែល​តុលាការ​លើកយក​មក​កាត់ទោស​ក្រុម​ចោរប្លន់​ទាំង ​៦​នាក់​ខាងលើ​នេះ រួម​មាន
  • អំពើ​ប្លន់​នៅ​ផ្លូវ​លេខ​៥៩៨ ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក នៅ​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៥ ដោយ​បាញ់​ប្លន់​យក​ម៉ូតូ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​។
  • នៅ​ខែសីហា ឆ្នាំ​២០១៥ នៅ​មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី​ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ករណី​បាញ់​ប្លន់​ជន​រង​គ្រោះ​ដើម្បី​ប្លន់​យក​ម៉ូតូ​។
  • នៅ​អំឡុង​ខែតុលា ឆ្នាំ​២០១៥ ករណី​បាញ់​ជន​រង​គ្រោះ​ចំ​ចង្កេះ ដើម្បី​ប្លន់​យក​ម៉ូតូ នៅ​ស្ពាន​ព្រែក​ព្នៅ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។
  • នៅ​ខែកញ្ញា និង​ខែតុលា ឆ្នាំ​២០១៥ ករណី​បាញ់​ប្លន់​យក​ម៉ូតូ​ម៉ាក MSX និង​ម៉ូតូ​ម៉ាក​ស្កុប​ពី​។
  • នៅ​ថ្ងៃ​ទី​១០​ធ្នូ ឆ្នាំ​២០១៥ នៅ​មុន​ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុង​សង្កាត់​មនោ​រម្យ ក្នុង​ខណ្ឌ​៧​មក​រា បាញ់​ប្លន់​ជន​រង​គ្រោះ​ឈ្មោះ សេង សំ​អូន ប្លន់​យក​ម៉ូតូ ដោយ​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ពិការ​ជា​អចិន្ត្រៃយ៍​។

សមត្ថកិច្ច​បាន​តាម​ប្រ​ម៉ា​ញ់​ក្រុម​ចោរប្លន់​នេះ ដោយ​បាញ់​សម្លាប់​អស់២នាក់ និង​ចាប់ខ្លួន​បាន​៦នាក់​៕
នៅ​ពេល​នាំ​កម្លាំងសមត្ថកិច្ចទៅ​ដល់​ទី​នោះ​ អាវុធហត្ថ​បាន​បាញ់​តដៃ​ជាមួយ​ក្រុម​ជនសង្ស័យ​២​នាក់ ​រហូត​ដល់​ស្លាប់​ឈ្មោះ ម៉ី និង​ឈ្មោះ លីម។ ឈ្មោះ ម៉ី គឺជា​សង្សារ​របស់​ ពេជ្រ សូណែត រីឯ ឈ្មោះ លីម ជា​សង្សារ​របស់ ញ៉ែម កន្និដ្ឋា​។ ឈ្មោះ ពេជ្រ សូណែត និង​ ញ៉ែម កន្និដ្ឋា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ទី​នោះ។
ដំណាក់កាល​សួរ​ដេញដោល​ ជន​ជាប់ចោទ​ទាំង​៥​នាក់ ​រួច​មក​មេធាវី​របស់​ពួកគេ​បាន​សុំ​ឲ្យ​តុលាការ​ដោះលែង​ពួកគេ ប៉ុន្តែ​ព្រះរាជ​អាជ្ញា សេង​ ហៀង ​រក្សា​បទ​ចោទដដែល ហើយសាលក្រម​នៃ​សំណុំ​រឿង​នេះ ត្រូវបានលើកយកមក​ប្រកាស​នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ២០១៧ បើកសិទ្ធិប្តឹងឧទ្ធណ៍តាមកំណត់ច្បាប់៕

➤ពិភពចែករំលែក World Share - Blogger Network Social News Update