រាជធានីភ្នំពេញ ៖ ហេតុតែក្រីក្រ ហេតុតែជនអនាថា ដើរដេកដួលសន្លប់តាមផ្លូវ រថយន្តគ្លីនិកឯកជនទៅដល់ឃើញហើយ ថាជាប់រវល់ មេពេទ្យមិនឲ្យដឹក ចុះត្រង់រាល់ថ្ងៃរាល់យប់ ឡានពេទ្យឯកជនរត់ប្រជែងគ្នាដណ្តើមម៉ូយ ដូចខ្លាឃើញសាច់ ត្រង់មនុស្សអនាថាសូមឲ្យជួយមិនបាន ធ្វើឲ្យពលរដ្ឋ មហាជនរិះគន់ ឡានពេទ្យឯកជនដឹកតែអ្នកមានធន់ធាន ។
ហេតុការណ៍ភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីប្រទះឃើញជនអនាថា ដេកដួលសន្លប់តាមផ្លូវវេងស្រេង មុខផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
តាមប្រជាពលរដ្ឋបានលើឡើងថា រាល់យប់ រាល់ថ្ងៃ ឃើញសុទ្ធតែឡានពេទ្យឯកជន ឡានរបស់គ្លីនិក រស្មី ហី ខឹម រ៉ានី នៅមុខព្រលានយន្តហោះ ឡានគ្លីនិកសួគ៌ា នៅស្ពានដែក ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ឡានគ្លីនិកបែកចាន រថយន្តទាំងនេះរត់ដូចម្រាមដៃ រាល់ពេលដែល ប្រព័ន្ធវិទ្យុទាក់ទង របស់សមត្ថកិច្ចផ្សាយ ថាមានគ្រោះថ្នាក់ចរាចរណ៍ម្តងៗ មិនចាំបាច់ អតិថិជន ឬសមត្ថកិច្ចណាហៅឡើយ លុះត្រាណាអ្នកគួកជេ ជនរងគ្រោះហៅ រហូតដល់ក្រុមរថយន្តគ្លីនិកទាំងនេះ ដាក់បណ្តាក់គ្នា សំចតតាមផ្លូវ ពួនលាក់ខ្លួន ដើម្បីរងចាំដឹក ជនរងគ្រោះ ម្តងៗ ។
បាតុភាពអាក្រក់បែបនេះ ទោះជាកន្លងមក ក្រសួងសុខាភិបាល ចេញច្បាប់ហាមឃាត់យ៉ាងណាក៏ដោយ តែគ្មានប្រសិទ្ធភាពទាល់តែសោះ ។
ជនរងគ្រោះ អាយុប្រមាណ៤០ឆ្នាំ ជាជនអនាថា ក្នុងស្ថានភាព ហេវហត់អស់កម្លាំង ដើរដេកដួលសន្លប់បាត់ស្មារតី ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ គេឃើញស្រ្តីខាងលើ ដើរមកដេក តាំងពីថ្ងៃមកម្លេះ ទោះជាមានអ្នកឲ្យបាយ ឲ្យទឹក ហូបហើយដេករហូត លុះដល់ព្រលប់ថ្ងៃដដែល ស្រ្តីរងគ្រោះ កាន់តែមានអាការៈ បាក់អស់កម្លាំងដេកសន្លប់ ។ ភ្លាមៗ ឡានពេទ្យគ្លីនិក រស្មី ហៅ ខឹម រ៉ានី បានទៅដល់មុនគេ គ្រាន់តែឃើញដឹងថាជនអនាថា បែជាប្រាប់ថា ជាប់រវល់ មេអត់ឲ្យដឹក រីឯឡានពេទ្យ គ្លីនិកសួគ៌ា ទៅហើយ មិនហ៊ានចូលជិត ខ្លាចប៉ូលីស ពលរដ្ឋជម្រុញឲ្យដឹក ។ ទង្វើររបស់ឡានពេទ្យឯកជនទាំងនេះ ហាក់បីដូចជារើសអើង ជនរងគ្រោះ គ្មានសីលធម៌ ក្នុងនាមជាអ្នកសង្រ្គោះ ទោះជាទៅដល់ហើយ សមត្ថកិច្ចស្នើសុំឲ្យជួយដឹកបញ្ជូនទៅពេទ្យរដ្ឋ ក៏មិនខ្ចីរវល់អើពើដែរ ។
ជនរងគ្រោះទីបំផុត ត្រូវធ្លាក់មកលើក្រុមរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ក្នុងនាមមនុស្សធម៌ មិនប្រកាន់វណ្ណៈ អ្នកមានឬក្រ មិនគិតពីតម្លៃសេវាអ្វីទាំងអស់ សំខាន់បម្រើប្រជាពលរដ្ឋ ក៏ដូចជាសង្គម ៕