Update ក្រុមចោរប្លន់បាញ់សំលាប់អ្នកគួកជេរម៉ូតូ២នាក់នៅស្រុកបវេល ត្រូវសមត្ថកិច្ចវែកមុខចាប់បានម្នាក់់ហើយ, ក្រុមចោរគឺជាពូ និងក្មួយ! (មានវិដេអូ)

ខេត្តបាត់ដំបង ៖ ជន​ដៃដល់​ជា​ក្រុម​ចោរប្លន់​បាញ់​សំ​លាប់​អ្នក​គួ​ក​ជេរ​ម៉ូតូ​ចំនួន២នាក់​យ៉ាង​សាហាវ​នៅ​ស្រុក​បវេល ​ខេត្តបាត់ដំបង​កាលពី​ម្សិលមិញ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ម្នាក់​ហើយ​។​ចំណែក​បក្ខពួក​ម្នាក់ទៀត​ដែល​ជា​ម្ចាស់​កាំភ្លើង​បាន​រត់គេច​ខ្លួន​ជាមួយនឹង​ម៉ូតូ​របស់​ជនរងគ្រោះ ​ដោយពេល​នេះ​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​ជា​បន្ត​ទៀត​។
ជនសង្ស័យដែលសមត្ថកិច្ចខេត្តបាត់ដំបងចាប់ខ្លួនបាននេះ មានឈ្មោះ យិន សារេន ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅភូមិព្រះពន្លា ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវជាពូ និងជនសង្ស័យដែលរត់គេចខ្លួន មានឈ្មោះ អួន.សៅ (មុខសញ្ញាចាស់)ត្រូវជាក្មួយរបស់ឈ្មោះយិន សារេន។
តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ ​យិន.សា​រេន ​បាន​និយាយ​ថា ​កាល​ប្រហែល​មួយ​ខែមុន ​ខ្លួន​និង​ឈ្មោះ ​អួន.សៅ ​មានបំណង​ចង់​ប្លន់​គេ​នៅ​ភូមិ​តាគ្រាម ​ឃុំ​តា​ក្រាម ​ស្រុក​បាណន់ ​ម្តង​រួចមក​ហើយក៏​ប៉ុន្តែ​មិនបាន​សម្រេច​។ ​លុះដល់​ថ្ងៃ០៧ ​ខែកក្កដា ​ឆ្នាំ២០១៧ ​ឈ្មោះ ​អួន.សៅ ​និង​ខ្លួន​បាន​រៀប​គំរោង​ប្លន់​អ្នក​គួ​ក​ជេរ​ម៉ូតូ ​ប៉ុន្តែ​អ្នក​គួ​ក​ជេរ​នោះ​ទិញ​ម៉ូតូ​បាន ​០១គ្រឿង​ហើយក៏​ផ្អាក​វិញ​ដោយ ​សន្យា​ថា​ចាំ​ថ្ងៃ​ច័ន្​ន​ចាំ​ជួបគ្នា​។​លុះដល់​ថ្ងៃ១០ ​ខែកក្កដា ​ឆ្នាំ២០១៧ ​ខ្លួន​បាន​ទូ​រស័ព្ឌ​ទៅ​អ្នក​គួ​ក​ជេរ​ដើម្បី​ហៅ​មក​ទិញ​ម៉ូតូ ​ពេល​ជួបគ្នា ​ហើយ​ខ្លួន​ក៏​នាំ​អ្នកទិញ​ម៉ូតូ​ទៅ​កន្លែង​ដែល​បាន​ណាត់ជួប​ជាមួយ​ឈ្មោះ ​អួន.សៅ ​ហើយក៏​បាន​ធ្វើសកម្មភាព​បាញ់សម្លាប់​ប្លន់​យក​ម៉ូតូ​តែម្តង​។​ចំណែក​ឈ្មោះ​អួន ​សៅ ​ក្រោយ​ប្លន់​បាន​ហើយក៏​យក​កាំភ្លើង ​និង​ម៉ូតូ​របស់​ជនរងគ្រោះ​ជិះ​គេចខ្លួន​បាត់​ទៅ​។
សូមបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញនេះ សាកសពមនុស្សប្រុសចំនួន២នាក់ត្រូវបានគេប្រទះឃើញ បង្កអោយមានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដែលករណីនេះស្ថិត​ត្រង់​ចំណុច​ក្បាល​អាង​សំរោង ក្នុងភូមិ​កោះ​រាម ឃុំខ្នាចរមាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង។ តាមសេចក្តីរាយការណ៍​បានអោយដឹងថា ជន​រង​គ្រោះ​ទាំង​២​នាក់​ ត្រូវ​បានគេស្គាល់​និង​ដឹង​ថា ម្នាក់​​ឈ្មោះ​ហួត ឈឿ​ង អាយុ​៤៥​ឆ្នាំជា​អ្នក​គួ​ក​ជេរ​ម៉ូតូ និង​ម្នាក់​ទៀតឈ្មោះ​រិ​ទ្ធ ​​បានជិះ​ម៉ូតូ​ឌុបគ្នា​​​មក​ពីមើល​ម៉ូតូ​គេលក់​នៅ​កន្លែង​កើតហេតុ​ខាងលើ​​ ។ ជនរងគ្រោះទាំង​២​នាក់ ​មាន​ទី​លំ​នៅ​ក្នុងភូមិ​ជី​នាង ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ។
ចំពោះ​មូលហេតុ ត្រូវសមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ ជា​ករណី​ប្លន់​យកម៉ូតូ ព្រោះនៅមុនពេលកើតហេតុ គេ​បានឮ​ស្នូរ​សំឡេងគ្រាប់​កាំភ្លើង​​ផ្ទុះ ក្រោយមក​មាន​ពលរដ្ឋ​បាន​ដើរទៅ​ក្បែរ ​កន្លែង​សំឡេង​ផ្ទុះ​នោះ ក៏​ប្រទះ​ឃើញ​សាកសព​ទាំង​២​នាក់​ និងបាន​បាត់​ម៉ូតូ​​​ទៀតផង​៕
(រូបពាក់អាវក្រឡា ជាចោរប្លន់សម្លាប់ដែលត្រូវសមត្ថកិច្ចចាប់បានមានឈ្មោះ យិន សារេន)
ទស្សនាវិដេអូខាងក្រោម