ខេត្តកំពង់ស្ពឺ ៖ ពិតជាហេតុការណ៍ដ៏សាហាវខ្លាំងណាស់ ដោយស្រ្តីម្នាក់ត្រូវឃាតករឡើងលើផ្ទះ ចាប់អារ.កស្លាប់ យ៉ាងព្រៃផ្សៃ ខណះប្តីចេញទៅដឹកកម្មករ បង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០១៧នេះ ត្រង់ចំណុចភូមិសំរោងចាស់ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
បើតាមមន្ត្រីនគរបាលស្រុកគងពិសីបានឲ្យដឹងថា ស្ត្រីរងគ្រោះ ឈ្មោះ មុន គន្ធា អាយុ២៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានប្តីឈ្មោះ ព្រំ វណ្ណៈ អាយុ៣០ឆ្នាំ មានមុខរបរដឹកកម្មករកម្មការិនីរោងចក្រ រស់នៅចំណុចកើតហេតុខាងលើ ។ សាកសពស្ត្រី រងគ្រោះត្រូវបានឪពុកបង្កើតឈ្មោះ ព្រំ សំអុល ប្រទះឃើញខណៈដែលគាត់បើក រថយន្តត្រឡប់មកដឹកកម្មកររោងចក្រវិញ។
បើតាមឪពុកស្ត្រីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ប្តីស្ត្រីរងគ្រោះ នៅវេលាទៀបភ្លឺ បានបើករថយន្ត ចេញពីផ្ទះ ទៅដឹកកម្មកររោងចក្រ។ ចំណែក ប្រពន្ធ (ស្ត្រីរងគ្រោះ) និងកូនតូចម្នាក់នៅផ្ទះ ដោយស្ត្រីរងគ្រោះនៅដាំស្ល និងយកទៅ ហូបនៅរោងចក្រ។ លុះពេលដែលឪពុក បង្កើតរបស់ស្ត្រីរងគ្រោះដែលមានផ្ទះចម្ងាយ ប្រមាណ១០០ម៉ែត្រពីគ្នាវិលត្រឡប់ពីដឹកកម្មករវិញ ក៏ឃើញចៅឈរយំ។ ពេលនោះ គាត់ក៏ឈប់រថយន្តចូលទៅលើកចៅ ហើយក្រឡេកទៅក្រោមផ្ទះឃើញឈាមស្រក់ ពីលើផ្ទះមកជោកនៅដី។ ភ្លាមៗនោះគាត់ ក៏រត់ឡើងទៅមើល ស្រាប់តែឃើញកូនស្រី ត្រូវគេអារ.កសម្លាប់ ដោយសាកសពផ្កាប់ មុខនៅលើក្តារកណ្តាលផ្ទះ។
ឪពុកស្ត្រីរងគ្រោះបានបន្តថា ការបើបានឃើញហេតុការណ៍ដូច្នេះ ក៏ទូរស័ព្ទទៅ កូនប្រសារដែលជាប្តីស្ត្រីរងគ្រោះឲ្យវិលត្រឡប់មកផ្ទះ ហើយពេលមកដល់ត្រូវ បានសមត្ថកិច្ចហៅទៅសួរនាំពីករណីខាងលើនេះ ។ ករណីឃាតករសម្លាប់ស្ត្រីរងគ្រោះ ខាងលើនេះពុំមានបាត់បង់ទ្រព្យសម្បត្តិ អ្វីនោះទេ។ ករណីនេះតាមការសន្និដ្ឋាន បឋមអាចជារឿងគំនុំ។
ដោយឡែកក្រុម គ្រួសារស្ត្រីរងគ្រោះបានអះអាងថា ស្ត្រីរង គ្រោះពុំដែលមានរឿងរ៉ាវអ្វីជាមួយអ្នកណា នោះទេ។ ប្រភពខ្សឹបខ្សៀវថា ប្តីស្ត្រីរងគ្រោះមានពាក់ព័ន្ធបញ្ហាស្រីញីច្រើន ការលើកឡើងបែបនេះ គឺអ្នកបង្ហើបមានបំណង ថាប្តីស្ត្រីរងគ្រោះអាចពាក់ព័ន្ធការស្លាប់របស់ប្រពន្ធ ។ ទោះជាយ៉ាងណាករណីនេះសមត្ថកិច្ចជំនាញ បាននិងកំពុងសាកសួរប្តីស្ត្រីរងគ្រោះ និងបន្តស៊ើបអង្កេតបន្ត ដើម្បីឈានទៅវែកមុខជនដៃ ដល់យកមកផ្តន្ទាទោសតាមច្បាប់ ៕