ធូបមូសក្លែងក្លាយជិត ១៨ តោន ត្រូវបានរកឃើញ និងបង្ក្រាបនៅក្រុងសួង ខេត្តត្បូងឃ្មុំ

នគរបាលមកពីនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានដឹកនាំកម្លាំងជំនាញចុះសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងសមត្ថកិច្ចពាក់ព័ន្ធ ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានធ្វើការបង្ក្រាបទីតាំងស្តុក ចែកចាយ ធូបមូសក្លែងក្លាយ នៅភូមិសួងកើត សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ដែលមានម្ចាស់ឈ្មោះ វួច ហ៊ាង ភេទស្រី អាយុ ៤០ឆ្នាំ។

នគរបាលបានប្រាប់ឲ្យដឹងថា ក្នុងប្រតិបត្តិការនេះបានរកឃើញ និងដកហូតនូវ ធូបមូសក្លែងក្លាយសរុបចំនួន ១៧ ៨៧០ គីឡូក្រាម ក្នុងនោះមាន ធូបមូសវេចខ្ចប់រួចចំនួន ១១០កេស  ធូបដើមដាក់ក្នុងការ៉ុងមិនទាន់វេចខ្ចប់ចំនួន ៥១៤ ការ៉ុង និងសំបកវេចខ្ចប់មួយចំនួនទៀត ហើយវត្ថុតាងទាំងអស់ត្រូវបានលោកព្រះរាជអាជ្ញារងសម្រេចរក្សាទុកជាបណ្តោះអាសន្ននៅក្នុងទីតាំងខាងលើ ដោយផ្លុំបេទុកដើម្បីរង់ចាំការសម្រេចពីតុលាការ និងអញ្ជើញម្ចាស់ទីតាំងទៅបំភ្លឺនៅស្នងការដ្ឋាននគរបាល ខេត្ត ត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងទៅតុលាការតាមនីតិវិធី ។

សូមបញ្ជាក់់ថា ការបង្ក្រាបនេះ យោងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនដើមត្រឹមត្រូវ ដែលមានការសង្ស័យចំពោះទីតាំងខាងលើថាបាននាំចូល ធូបមូសក្លែងក្លាយទាំងនេះពីប្រទេសជិតខាង ដោយលួចចម្លងម៉ាករបស់ខ្លួនទាំងស្រុង ដែលបានចុះបញ្ជីត្រឹមត្រូវ ហើយសមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃ ទើបឈានដល់ការចុះបង្ក្រាបនៅថ្ងៃនេះ៕