រាជធានីភ្នំពេញ ៖ ប៉ូលិសចរាចរណ៍ នឹងចាប់ផ្តើមផាកពិន័យដល់ម្ចាស់យានយន្តទាំងឡាយណា ដែលបានចតរថយន្តបញ្ច្រាសទិសចរាចរណ៍ និងចតគ្មានរបៀបរៀបរយ ដែលបង្កអោយកក់ស្ទះចរាចរណ៍ ពិសេសគឺចតនៅលើផ្លូវនៃបរិវេណហាងផ្សេងៗ នាពេលខាងមុខ ។ នេះបើយោងតាមលោកប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ រុន រ័ត្នវាសនា ដែលប្រាប់ប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកមួយកាលពីពេលថ្មីៗនេះ ។
លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈបានថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុកមួយថា មិនយូរប៉ុន្មានទៀតទេ ច្បាប់ចរាចរណ៍ផ្លូវគោក នឹងអនុវត្តនូវការផាកពិន័យ រាល់ម្ចាស់យានយន្តណា ដែលបានចតរថយន្តរបស់ខ្លួននៅលើដងផ្លូវបញ្ច្រាសទិសចរាចរណ៍ និងចតគ្មានរបៀបរៀបរយ ។សមត្ថកិច្ចចរាចរណ៍នឹងចាប់ផ្តើមផាកពិន័យ។
បើតាមលោកផ្កាយ៣រូបនេះ ការផាកពិន័យនេះ នឹងកិបក្រដាសផាកពិន័យនៅលើរថយន្តផ្ទាល់តែម្តងហើយម្ចាស់យានយន្តទាំងអស់នៅពេលឃើញក្រដាសផាកពិន័យនេះហើយ ត្រូវទៅបង់ការផាកពិន័យនេះ តាមការណែនាំនៅក្នុងក្រដាសនោះជាដាច់ខាត។
លោកបន្តថា ធ្វើបែបនេះ ដើម្បីអោយគន្លងផ្លូវទាំងអស់បានធំទូលាយ និងមិនកក់ស្ទះចរាចរណ៍ ជាមួយគ្នានេះលោកក៏បានអំពាវនាវអោយប្រជាពលរដ្ឋ មន្ត្រីរាជការចូលរួមអោយបានគ្រប់ៗដើម្បីឲ្យដំណើរការនៃច្បាប់ទទួលនូវភាពជោគជ័យនិងមិនមានការកក់ស្ទះច្រើនតទៅទៀតនៅលើដងផ្លូវ។
តែទោះជាយ៉ាងណា លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា មិនបានបញ្ជាក់អំពីតម្លៃនៃការផាក និងកាលបរិច្ឆេទច្បាស់លាស់ទេថាគម្រោងផាកពិន័យនេះនឹងធ្វើនៅពេលណានោះទេ៕
ប្រភពពី ចង្រុកព័ត៏មាន