
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ លោក ហួត ចាន់ យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ បានបញ្ជាក់ថា ករណីបាញ់ប្រហារជិត១០គ្រាប់ កាលពីយប់មិញ ក្នុងសង្កាត់ចតុមុខត្រង់ចំណុចផ្លូវលេខ៥៥ កែងនិងផ្លូវ២៤២ ទល់មុខក្លឹបកំសាន្ត៥៥បានដកកាំភ្លើងបាញ់ជិត១០គ្រាប់ នៅពេលនេះកម្លាំងនគរបាលរបស់លោក កំពុងពិនិត្យស្លាកលេខរថយន្ត ដើម្បីស្វែងរកអត្តសញ្ញាណជនបង្ក ចាត់វិធានការតាមផ្លូវច្បាប់ ។ នៅក្រោយបញ្ជាពីនាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ នៅពេលនេះយើងកំពុងស្រាវជ្រាវតាមរកជនបង្កហេតុ ។
គួររំលឹកថា កាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក Lexus RX330 បានដកកាំភ្លើងបាញ់ជិត១០គ្រាប់ នៅក្បែរទីស្នាក់ការសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (សសសក) បង្កការភ្ញាក់ផ្អើលទាំងកណ្តាលយប់ដល់ប្រជាពលរដ្ឋ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រថយន្តបង្កម៉ាកLexusRX330ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 2A-5981 ផ្ទុះអាវុធខាងលើ ។
មន្ត្រីអាវុធហត្ថបានថ្លែងឲ្យដឹងថា ករណីនេះមិនទាន់ដឹងមានរឿងអ្វីនោះទេដោយបុរសនោះបានបើករថយន្តមកដល់ត្រង់ចំណុចផ្លូវលេខ៥៥ កែងនិងផ្លូវ២៤២ ទល់មុខក្លឹបកំសាន្ត៥៥ ក៏ដកកាំភ្លើងបាញ់តែម្តង ៕