អ្នក​និយម​លេង​ហ្វេស​ប៊ុក ពិសេស​នារី​ៗ ត្រូវប្រុងប្រយ័ត្នពីបទល្មើសឆបោកតាមបណ្ដាញសង្គមនេះផង! ជួយ Share បន្ត​ម្នាក់​មួយ​ផង!

រាជធានីភ្នំពេញ ៖ សមត្ថកិច្ច​បាន​វែកមុខ​រក​ឃើញ​ជនល្មើស​ឆបោក​តាម​ហ្វេ​ស​ប៊ុ​ក​ម្នាក់ ដែល​ជា​ទណ្ឌិត​កំពុង​ជាប់​ទោស ស្រាប់​ក្នុង​គុក​ខេត្តព្រៃវែង នៅ​ថ្ងៃ​ទី​១៧ កក្កដា ២០១៧ នេះ តាម​ពាក្យ​បណ្ដឹង​របស់​នារី​រង​គ្រោះ​ថា បាន​គំរាមកំហែង​ហែក​កេរ្តិ៍ បង្ហោះ​រូប​អាក្រាត​ជា​ថ្នូរ​នឹង​ប្រាក់​៥,000​ដុល្លារ​អា​មេ​រិ​ក ។

បើ​តាម​លោក​អធិការ​ខេត្តកណ្តាល​បាន​អោយ​ដឹង​ថា ជនល្មើស​មានឈ្មោះ យ៉ែម ប្រុស ក្រោយ​ទទួល​បាន​បណ្ដឹង​ភ្លាម មន្ត្រី​នគរបាល​យុត្តិធម៌ ដឹង​នាំ​ដោយ លោក​ឧត្តមសេនីយ៍ត្រី រឿ​ន ណា​រ៉ា បាន​បើក​ប្រតិបត្តិ​ការ​ដើម្បី​តាម​រក​បិសាច​ព្រាននារី​ដ៏​ថោកទាប​ម្នាក់​នោះ មក​ផ្ដន្ទាទោស​តាម​ច្បាប់​ឲ្យ​ខាន​តែ​បាន ដោយ​ប្រើ​រយៈពេល​៥​ថ្ងៃ ទើប​ទទួល​បាន​ជោគជ័យ​ទាំងស្រុង ដោយ​បាន​ទប់ស្កាត់​ការ​បង្ហោះ​រូបភាព​អាក្រាត​របស់​នារី​រង​គ្រោះ ដែល​បាន​លួច​ថត​ពី​សំណាក់​ជនល្មើស​ផង​ដែរ ។

លោក​អធិការ​ខេត្តកណ្តាល បន្ត​ថា ជនល្មើស យ៉ែ​ម ប្រុស ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ប្រើ​គណនី​ផ្ទាល់ខ្លួន ដើម្បី​ទាក់ទង​សុំ​ស្នេហា​ពី​សុភាព​នារី​ៗ ដែល​ជា friend នៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក នៅ​ពេល​ដែល​សុភាព​នារី​យើង​បាន​ធ្លាក់​ក្នុង​អន្ទាក់ស្នេហ៍​របស់​ជន​នេះ​ហើយ ក៏​បន្ត​បញ្ឆោត​ឲ្យ​នារី​រង​គ្រោះ ឆាត​ជា​វីដេអូ ។

ក្នុង​ពេល​ដែល​អ្នក​ទាំង​២​កំពុង​តែ​ស្ថិត​នៅ​ក្នុង​វី​ដេ​អូ​ផ្ទាល់​នោះ ជនល្មើស​បាន​ត្រៀម​ទូ​រសព្ធ​មួយ​ទៀត ដើម្បី​លួច​ថត​សកម្មភាព​របស់​ជន​រង​គ្រោះ​(នារី) ដើម្បី​ទុក​គំរាម​ទារ​ប្រាក់ ។

នៅ​ក្នុង​ខែមិថុនា ឆ្នាំ​២០១៧ ឈ្មោះ យ៉ែ​ម ប្រុស មាន​ទំនាក់ទំនង​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាមួយ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក របស់​នារី​រង​គ្រោះ នៅ​ពេល​មាន​ទំនាក់ទំនង​ស្នេហា​ជា​គ្នា ក៏​បាន​ឆាត​រកគ្នា​ជាប់​ជា​ប្រចាំ ពេល​នោះ​ឈ្មោះ យ៉ែ​ម ប្រុស តែងតែ Live ​វី​ឌី​អូផ្ទាល់ និង​បាន​បង្ហាញ​ប្រដាប់​ភេទ​ខ្លួន ទៅ​ឲ្យ​ម្ចាស់​ហ្វេ​ស​ប៊ុ​ករង​គ្រោះ​មើល បន្ទាប់​មក ក៏​សុំ​ឲ្យ​សុភាព​នារី ឡាយ​វី​ដេ​អូ បង្ហាញ​ប្រដាប់​ភេទ ទៅ​ឲ្យ​ខ្លួន​មើល​វិញ​ម្តង ។

នៅ​ពេល​នារី​រង​គ្រោះ ថត​បង្ហាញ​ខ្លួន​នោះ ជនល្មើស​ក៏​យក​ទូរស័ព្ទ​១​គ្រឿង​ទៀត លួច​ថត​ទុក ដើម្បី​ប្រើប្រាស់​ក្នុង​ការ​គំរាម​ទារប្រាក់ ជា​ថ្នូរ​នឹង​ការ មិន​បង្ហោះ​រូប និង​វីដេអូ​ទាំង​នោះ​ទៅ​ក្នុង​បណ្ដាញ​សង្គម ។ សូម​ជម្រាប​ថា ចំពោះ​លុយ​ដែល​នារី​រង​គ្រោះ​ផ្ញើ​មក ដំបូង​មាន​ចំនួន ៥០០​ដុល្លារ វេ​អោយ​តាម​វី​ង ដោយ​បាន​ឈ្មោះ ចែ​ម៉ៅ ជា​មន្ត្រី​ពន្ធនាគារ​ខេត្តព្រៃវែង ជា​អ្នក​ទៅ​ដក​លុយ គ្រាន់តែ​យក​លេខ​កូដ​ទៅ​បើក​យក​មក ។

ក្រោយមក​ឈ្មោះ យ៉ែ​ម ប្រុស ក៏​បាន​ទារ​លុយ​ពី​នារី​រង​គ្រោះ​ចំនួន​៥,០០០​ដុល្លារ​អា​មេ​រិ​ក​ទៀត ដោយ​ទូរស័ព្ទ​ទៅ​និយាយ​គំរាម​ថា ត្រូវ​តែ​ផ្ញើ​ប្រាក់​មក​ឲ្យ​នៅ​ថ្ងៃ​ទី​១៥ កក្កដា ២០១៧ កុំបី​ខាន​ចំនួន​២,០០០​ដុល្លារ បើ​មិន​អោយ​ទេ នឹង​បង្ហោះ​រូប​អាក្រាត​កាយ​តាម​ហ្វេ​ស​ប៊ុ​ក​ហើយ ។ ទើប​នៅ​ថ្ងែ​ទី​១៧ កក្កដា កម្លាំង​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រក​ឃើញ​ទីតាំង​របស់​ជនល្មើស​នៅ​ក្នុង​ពន្ធនាគារ​ខេត្តព្រៃវែង តែ​ម្តង ។

បើ​តាម​ជនល្មើស​ឆបោក​តាម​ហ្វេ​ស​ប៊ុ​ក​ទណ្ឌិត យ៉ែ​ម ប្រុស បាន​សារភាព​ពី​សកម្មភាព​របស់​ខ្លួន​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា ចាប់តាំងពី​ឆ្នាំ​២០១០​មក ខ្លួន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ចំនួន​០៨​ករណី មាន​ប្លន់​ចំនួន​៧​លើក​នៅ​ខេត្តកំពត និង​ប្លន់​មួយ​លើក​នៅ​ខេត្តតាកែវ ដោយ​ជាប់​ទោស​សរុប​១០​ឆ្នាំ ក្នុង​ពន្ធនាគារ​នៅ​ខេត្តកំពត បន្ទាប់​មក​ក៏​ត្រូវ​បាន​ផ្ទេរ​មក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្តព្រៃវែង​វិញ ។

នៅ​ក្នុង​ពន្ធនាគារ​ខេត្តព្រៃវែង ពេល​ដែល​ជនល្មើស​ជា​ទណ្ឌិត យ៉ែ​ម ប្រុស បាន​ចេញ​មក​ក្រៅ​បន្ទប់​ឃុំឃាំង ក្នុង​បរិវេណ​គុក គឺ​អាច​លេង​កុំព្យូទ័រ និង​ទូរស័ព្ទ​ដៃ​បាន ដោយសារ​មានការ​អនុញ្ញាតិ​ពី​លោក អ៊ុំ រ៉ា​យឿ​ង អនុ​ប្រធាន​ពន្ធនាគារ​ខេត្តព្រៃវែង ។

ជនល្មើស​ជា​ទណ្ឌិត យ៉ែ​ម ប្រុស បន្ត​ទៀត​ថា នៅ​ក្នុង​ពន្ធនាគារ បាន​ប្រើប្រាស់​ទូរស័ព្ទ​៣​គ្រឿង មាន​ម៉ាក Samsung Not5 មួយ​គ្រឿង Samsung Not3 មួយ​គ្រឿង និង​ទូរស័ព្ទ Nokia មួយ​គ្រឿង ដោយ​ប្រើប្រាស់​លេខ​ទូរស័ព្ទ​៤​ខ្សែ (0968919254, 017 770773, 090 333833, 096 4444071) និង​កុំព្យូទ័រ​យួរដៃ​១​គ្រឿងទៀត ។ ទណ្ឌិត យ៉ែ​ម ប្រុស បញ្ជាក់​ថា ទូរស័ព្ទ​ទាំង​៣​គ្រឿង​នេះ គឺ​ឈ្មោះ លុក ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ជាមួយ​គ្នា​ទិញ​ឲ្យ​ប្រើ ហើយ​ខ្លួន​បាន​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ចំនួន​០៥ សម្រាប់​លេង​បោក​បញ្ឆោត​នារី​រង​គ្រោះ ដែល​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ជនល្មើស​មាន​ដូច​ជា ៖ Pros Na, Bong rin, Sothea ra, បឺត​ភា​កូន​ម៉ាក់​មុំ​, និង Chang Chang ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​កុំព្យូទ័រ​យួរដៃ របស់​ជនល្មើស​នៅ​មាន​រូប និង​វី​ដេ​អូ អាក្រាត​របស់​នារី​រង​គ្រោះ មិន​ក្រោម​ពី​៥​ទៅ​៦​នាក់​ផ្សេង​ទៀត ។

សូម​សំណូមពរ​ដល់​អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក Facebook ​ទាំងឡាយ សូម​មេត្តា​ប្រុង​ប្រយ័ត្ន កុំ​ឆាប់ជឿ​ស្លុង​ទៅ​តាម​ពាក្យ​ផ្អែមល្ហែម លួងលោម​របស់​ជន​ឆបោក ដើម្បី​បញ្ជាក់​ពី​ទឹ​ក​ចិត្ត​ស្រឡាញ់​របស់​ខ្លួន​ចំពោះ​គេ​អោយ​សោះ ជាក់ស្តែង​ដូច​ករណី​ខាងលើ​នេះ​ស្រាប់ ដែលចុងក្រោយគឺជាការបោកប្រាស់ប៉ុណ្ណោះ ។

សូមជួយ Share បន្តទាំងអស់គ្នាផង...!!!