រាជធានីភ្នំពេញ : មុខសញ្ញាចែកចាយគ្រឿងញៀនដ៏ធំ២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងអាវុធហត្ថការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនរាជធានីភ្នំពេញ ធ្វើការបង្ក្រាបបាននៅចំណុចផ្ទះជួលមួយកន្លែង កែងនឹងបុរីហាយតិច ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង ១១ និង៣០នាទីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ។
ការចុះបង្ក្រាបនេះធ្វើឡើងដឹកនាំកម្លាំងដោយលោកវរសេនីយ៍ គិត សុផល មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងលោកប៉ាន់ សុភាព នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃទីបញ្ជារការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។
ជនសង្ស័យទាំង២នាក់ពុំត្រូវបានបញ្ចេញអត្តសញ្ញាណនៅឡើយទេ បច្ចុប្បន្នពួកគេកំពុងសាកសួរនាំនៅទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ និងរងចាំបន្តទៅឆែកឆេរទីតាំងស្នាក់នៅ ។
ក្នុងការបង្ក្រាប កម្លាំងអាវុធហត្ថដកហូតថ្នាំញៀន ជាច្រើនកញ្ចប់ធំដែលអាចស្មានបាន គឺជិត១គីឡូក្រាម ម៉ូតូធុនធំម៉ាក CBR មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CN-6027 និងវត្ថុតាង ក៏ដូចជាឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនធំទៀតផងដែរ ។
មន្ត្រីអាវុធហត្ថខណ្ឌច្បារអំពៅ អោយដឹងថា មុខសញ្ញាថ្នាំញៀនទាំង២នាក់នេះ កម្លាំងអាវុធហត្ថបើកការស្រាវជ្រាវ និងតាមដានជាយូរមកហើយ រហូតកំណត់ពីទីតាំងច្បាស់លាស់ កម្លាំងអាវុធហត្ថមូលដ្ឋាន សហការជាមួយជំនាញក្រុង ចុះបង្ក្រាបបានជាក់ស្តែងតែម្តង ៕
ទស្សនាវិដេអូខាងក្រោម :