គេគ្រប់គ្នាតស៊ូដើម្បីរស់ចុះយើងម្ដេចក៏ព្យាយាមចង់ស្លាប់...?

ផែនដីនេះធំណាស់ យេីងចំណាយពេលដើរមួយជីវិតក៏មិនសព្វដែរ។ មនុស្សនៅលើផែនដីនេះមានច្រើនប្រភេទណាស់ ប៉ុន្ដែយើងជួបនិងស្គាល់មិនច្រើនទេ។ គ្រាន់តែគ្រែគេងមួយនេះខ្ញុំក៏គិតថាវាធំណាស់ដែរ ព្រោះខ្ញុំមិនអាចដេកបានពេញមួយគ្រែនេះបាន ចំណាយពេលមួយជីវិតក៏មិនអាចដេកឲ្យពេញគ្រែបាន។ ទម្រាំតែផ្ទះនេះ វាម៉េចនឹងអាចចង្អៀតទៅសម្រាប់ខ្ញុំ? គេងតែអង្រឹងមួយក៏នៅតែអាចអស់ងងុយដែរមែនទេ? ផែនដីនេះទូលាយណាស់នៅពេលយើងបើកចិត្តឲ្យទូលាយដូចជើងមេឃ ប៉ុន្ដែវាតូចចង្អៀតនៅពេលដែលយើងបិទជិតដូចជើងមុង។ នៅពេលស្រលាញ់គ្នា ឃ្លាតគ្នាបន្ដិចក៏យល់ថារងា ឯកា នឹកគ្នា និងចង់ជួបគ្នា។ ប៉ុន្ដែនៅពេលខឹងគ្នា ស្អប់គ្នា គុំគួនគ្នា ទោះនៅឆ្ងាយដល់ឆ្លងប្រទេស ក៏នៅតែយល់ថាទើស និងចង្អៀតខ្លាំងណាស់។

ខ្ញុំធ្លាប់គិតថារស់នៅអត់ន័យ ទើបមិនចង់រស់នៅ ប៉ុន្ដែពេលដែលក្រឡេកទៅមើលជនអនាថានៅលើចិញ្ចើមផ្លូវ ខ្ញុំក៏ចេះស្ដាយជីវិត និងឲ្យតម្លៃចំពោះខ្លួនឯង។ ពួកគេគ្មានអ្វីដែលខ្ញុំមានទេ សូម្បីតែស្បែកជើងមួយសម្រាប់ ខោអាវមួយកំប្លេរស្អាតបន្ដិចក៏គ្មានផង ហើយសូម្បីតែអាហារសមរម្យដើម្បីហូបក៏សឹងតែមិនអាចរកមកចំអែតក្រពះបានផង ប៉ុន្ដែគេខំតស៊ូដើម្បីជីវិត ព្រោះគេនៅតែចង់ឃើញថ្ងៃស្អែកនៅក្នុងជីវិតគេ។ ចុះខ្ញុំវិញ? ខ្ញុំមានក្រុមគ្រួសារ មានមិត្តភក្ដិ មានបងប្អូន មានការងារ មានប្រាក់ខែ គ្រាន់តែមានរឿងខកចិត្តបន្ដិចក៏ទន់ជើងមិនចង់ដើរទៅមុខ។ តើខ្ញុំសាកសមចំពោះផែនដីដែលបានផ្ដល់កន្លែងមួយសម្រាប់ខ្ញុំដែរទេ? តើខ្ញុំសាកសមចំពោះម៉ែដែលពរពោះ និងចិញ្ចឹមខ្ញុំរហូតដល់ធំប៉ុណ្ណឹងដែរទេ?

ជីវិតជាជង្រុកនៃបញ្ហាស្រាប់ហើយ ហើយជីវិតនេះគឺត្រូវតែដោះស្រាយរាល់បញ្ហាទាំងអស់ បើមិនដូច្នេះទេបញ្ហានឹងគ្រប់លើជីវិតបានដោយងាយ។ យើងមានរឿងរីករាយជាច្រើននៅជាមួយ ប៉ុន្ដែយើងតែងតែផ្ដល់តម្លៃចំពោះបញ្ហាជ្រុលពេក រហូតដល់យកពេលទៅគិតពីវារហូត ហើយបន្ទាប់មកក៏យល់ថាខ្លួនឯងគ្មានសេចក្ដីសុខដូចគេ។ ជីវិតមិនមែនជាការប្រៀបធៀបទៅរករឿងដែលធ្វើឲ្យយើងអត់សប្បាយចិត្តនោះទេ ព្រោះមានរឿងជាច្រើនដែលយើងអាចសប្បាយចិត្តជាមួយជិវិតរបស់យើងបាន។​



រូបភាព៖ Sabay News | រក្សាសិទ្ធិអត្ថបទ៖ សៀវភៅជីវិត | ពិភពចែករំលែក