សមត្ថកិច្ចនគរបាលឃាត់ខ្លួនអតីតមន្ត្រីអាជ្ញាធរអប្សរា ពីបទដើរបោកយកលុយពីប្រជាពលរដ្ឋតាមស្រុក ចំនួន២ករណីបញ្ជូនទៅតុលាការ


ខេត្តសៀមរាប ៖ អតីតមន្ត្រីអាជ្ញាធរអប្សរាម្នាក់បានដើរឆបោកយកលុយពីប្រជាពលរដ្ឋរស់នៅតាមភូមិ ឃុំ  ជិត​១០នាក់ ដែលបានយកឈ្មោះអាជ្ញាធរជាតិអប្សរា ជាថ្នូរហ្នឹងបានចូលធ្វើការនៅអាជ្ញាធរអប្សរា ត្រូវកម្លាំងការិយា​ល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្តឃាត់ខ្លួនបញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីធ្វើការសួរនាំ និងរៀបចំសំណុំរឿងបញ្ជូនបន្ត ហេតុការឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី៦ខែកក្កដាឆ្នាំ២០១៧ ស្ថិតនៅផ្ទះរបស់គេ ក្នុងភូមិព្នៅ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប ។

លោកវរសេនីយឯក ភឹង ចិន្តារ៉េត ស្នងការង និងជាប្រធានការិយាល័យកណ្តាលព្រហ្មទណ្ឌខេត្តសៀមរាប បានប្រាប់នៅល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ ថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននេះមានឈ្មោះ ចៀន សម្បត្តិ អាយុ៣៦ឆ្នាំ កើតនៅភូមិព្នៅ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប មានទីលំនៅស្នាក់ ភូមិ ស្លក្រាម សង្កាត់ ស្លក្រាម ក្រុងខេត្តសៀមរាប មុខរបរអតីតមន្រ្តីអាជ្ញាធរជាតិអប្សរា។

លោកបានបញ្ជាក់ថា ជនសង្ស័យដែលបានដើរឆបោកយកលុយពីប្រជាពលរដ្ឋកើតឡើង ចំនួន២ករណី៖

ករណីទី១/ករណីឆបោកនេះបានកើតឡើងនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ មកម្ល៉េះ បន្ទាប់ពីលោក គង់ មកត ប្រធានស្តីទីសណ្តាប់ធ្នាប់ នៃអគ្គនាយកអាជ្ញាធរជាតិអប្សរា បានដាក់ពាក្យបណ្តឹងប្តឹងឈ្មោះ ចៀន សម្បត្តិ ពីបទយកឈ្មោះអាជ្ញាធរជាតិអប្សរា ដើរឆបោកលុយប្រាំបីលានរៀល ពីប្រជាពលរដ្ឋ ចំនួន៨នាក់  ជាថ្នូរនិងបានចូលធ្វើការនៅអាជ្ញាធរជាតិអប្សរា។

ករណីទី២/នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ ជនរងគ្រោះចំនួន២នាក់ ឈ្មោះ មុន សាណា ភេទប្រុស អាយុ២១ឆ្នាំ និងឈ្មោះ ឃ្លិញ សោហឺ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិភ្នៅ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប បានប្តឹងជនសង្ស័យ ឈ្មោះ ចៀន សម្បត្តិ មួយករណីផ្សេងទៀត ពីបទឆបោកយកប្រាក់សរុប៣,៦០០ ដុល្លារអាមេរិក ជាថ្នូរនឹងបាន ចូលបម្រើការងារ ជាមន្ត្រីនគរបាលនៅ អង្គភាពបេតិកភ័ណ្ឌ ប្រចាំអង្គរ។

ក្រោយពីមានពាក្យបណ្តឹងមកការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្តសៀមរាប រួចមក ទើបលោកបានឱ្យកម្លាំងជំនាញចុះសហការជាមួយកម្លាំងអធិការនគរបាលស្រុកអង្គរជុំ ស្រាវជ្រាវ រហូតឈានដល់ធ្វើការឃាត់ខ្លួននេះតែម្តង រួចនាំយកមកសួរនៅការិយាល័យជំនាញ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។

លោកវរសេនីយ៍ឯក ភឹង ចិន្តារ៉េត បានបញ្ជាក់បន្ថែមទៀតថា បន្ទាប់ពីបានធ្វើការឃាត់ខ្លួនជនសង្ស័យ រួចមក បានសារភាពនៅចំពោះមុខសមត្ថកិច្ចយើងថា រូបគេពិតជាបានឆបោកលុយ របស់ប្រជាពលរដ្ឋនៅតាមស្រុក ដូចដែលពួកគេបានប្តឹងទាំងពីរករណីខាងលើនេះពិតប្រាកដមែន។  បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញបញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕  ប៊ុនរិទ្ធី