ជនសង្ស័យ២នាក់ជាមុខសញ្ញាប្រព្រឹត្តបទល្មើសផ្សេងៗ (តែចេះតែថាស្រែកតៗគ្នាថាមានអំពើចាប់ក្មេង) ត្រូវគេវាយរបួសធ្ងន់ ទាំង២នាក់

ខេត្តកំពង់ធំ ៖ នៅថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០១៧​ វេលាម៉ោង​១២៖៣០នាទីថ្ងៃត្រង់ ដោយទទួលប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថា  មានមនុស្ស ០២ នាក់ បានជិះម៉ូតូ០១គ្រឿងមកស្នាក់នៅក្នុងវត្ត ។ តាមរយ:ទូរស័ព្ទពីព្រះសង្ឃ គង់នៅវត្តទួលគ្រើល បានរាយការណ៍ កងកម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអណ្តូងពោធិ៍ នៃអធិការដ្ឋាននគរបាលស្រុកបារាយណ៍​បានចុះទៅត្រួតពិនិត្យភ្លាមៗ។ ពេលសមត្ថកិច្ចទៅដល់​ស្រាប់តែជនទាំង ០២នាក់ នេះបានរត់គេចចេញពីកងកម្លាំងនគរបាល។ ពេលនោះ នគរបាល បានដេញតាម​ ដោយមានប្រជាពលរដ្ឋ ជួយដេញមួយចំនួនផង​ ។​ ពេលចាប់ឃាត់ខ្លួនបានប្រជាពលរដ្ឋបាននាំគ្នាប្រមូលគ្នាយ៉ាងច្រើនកុះករជាបន្តបន្ទាប់​ហើយវាយជនសង្ស័យបណ្តាលឲ្យរបួសជាទម្ងន់ ដោយចោទថាជាមុខសញ្ញាប្រព្រឹត្តបទល្មើសផ្សេងៗ (ពិសេសគឺចេះថាស្រែកតៗគ្នាថាមានអំពើចាប់ក្មេង)។​

ក្នុងពេលភ្លាមៗនោះ​លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាលោក​ស្នងការរងព្រហ្មទណ្ឌ​ អធិការ​ អធិការរង​ និងកម្លាំងនគរបាលយើង បានជួយអន្តរាគមន៍រំដោះជនសង្ស័យបាន ហើយដឹកមកស្នងការដ្ឋាន​នគរបាលខេត្តដោយតែទទួលមានរបួសធ្ងន់ធ្ងរ បាន បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ធំ​ ។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទាំង ០២នាក់មានឈ្មោះ​ ៖ ១-ឈ្មោះ មុត សុផាត ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មាន (ប្រពន្ធ ឈ្មោះ ចន ស្រីម៉ៅ ). ។ ២ ឈ្មោះ ច័ន្ទ រដ្ឋ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មាន(ប្រពន្ធ ឈ្មោះ មុត ទូច ) ទាំង២នាក់រស់នៅភូមិ មាសឈរ ឃុំចក ស្រុក កំពង់ត្របែក ខេត្តព្រៃវែង(ជនទាំង០២នាក់រស់នៅក្នុងភូមិ-ឃុំជាមួយគ្នា) ។

ករណីនេះ​សមត្ថកិច្ចយើង​កំពុងធ្វើការស្រាវជ្រាវបន្ត​ គឺពុំមានករណីពាក់ព័ន្ធនឹងការលើកឡើងពីប្រជាជនមួយចំនួនថាជាករណី"ចាប់ក្មេង"នោះទេហើយមុខសញ្ញានេះក៍មិនទាន់បានប្រព្រឹត្តបទល្មើសអ្វីដែរ​ គឺស្ថិតក្នុងការសង្ស័យ​ដោយពេលនេះសមត្ថកិច្ចកំពង់សាកសួរ​ រកមូលហេតុដែលជនសង្ស័យទាំង ០២នាក់ពេលឃើញ នគរបាលស្រាត់តែរត់គេច ។

លោកឧត្តមសេនីយ៍ស្នងការ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស និងសូមអាជ្ញាធរដែនដីមេត្តាចូលរួមផ្សព្វផ្សាយថា បើសិនជាមានករណីនេះមែនសូមដាក់ពាក្យបណ្តឹងមកនគរបាល ហើយយើងរង់ចាំទទួលពាក្យបណ្ដឹងពីជនរងគ្រោះដើម្បីចាត់ការជនល្មើស។