ស្នងការខេត្តកំពង់ស្ពឺប្រកាសឲ្យម្ចាស់រថយន្ត Mazada ស្លាកលេខភ្នំពេញ 2AE-1687 ចូលខ្លួនដោះស្រាយបញ្ហា ក្រោយបុកគេឲ្យរងរបួសធ្ងន់

ខេត្តកំពង់ស្ពឺ​ ៖ ឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការខេត្តកំពង់ស្ពឺ បានប្រកាសឲ្យម្ចាស់រថយន្ត Mazada ពាក់ស្លាកលេខភ្នំពេញ 2AE-1687 ចូលខ្លួនទៅដោះស្រាយបញ្ហាជាបន្ទាន់ បន្ទាប់ពីម្ចាស់រថយន្តនេះ បានបើកបុកបុរសម្នាក់ឲ្យរងរបួសធ្ងន់ហើយបើករថយន្តគេចខ្លួនបាត់។

លោកឧត្តមសេនីយ៍ត្រី សម សាមួន បានឲ្យដឹងថា នៅម៉ោង​ប្រមាណ ១២ថ្ងៃត្រង់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះ មានគ្រោះថ្នាក់ ចរាចរមួយបានកើតឡើងនៅលើផ្លូវជាតិលេខ៤ ក្នុងក្រុងច្បារមន បណ្ដាលឲ្យយុវជន ២នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ។ បន្ទាប់ពីបើកបុកហើយ ម្ចាស់រថយន្តម៉ាក Mazada ពណ៌ពងមាន់ ពាក់ស្លាកលេខភ្នំពេញ 2AE-1687 មិនបានដោះស្រាយនោះទេ ហើយបើកគេចខ្លួនតែម្តង។
លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការខេត្តកំពង់ស្ពឺ បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦នេះថា ម្ចាស់រថយន្តត្រូវបានសមត្ថកិច្ចដឹងអាស័យដ្ឋាន និងស្គាល់អត្តសញ្ញាណអស់ហើយហើយស្នើសុំឲ្យម្ចាស់ រថយន្តចូលខ្លួនមកដោះស្រាយបញ្ហា។
ដោយឡែកយុវជនដែលកំពុងរងគ្រោះទាំង២នាក់នេះ ទី១៖ ឈ្មោះ ម៉ម ធា អាយុ ៣០ឆ្នាំ អ្នកបើកបររងរបួសបាក់ជើង, ទី២៖ ឈ្មោះ អៃ ឌី អាយុ ២៥ឆ្នាំ របួសធ្ងន់ អ្នកទាំងពីរស់នៅភូមិព្រៃទំពូង ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រីឯម្ចាស់រថយន្តមានមុខរបរជាម្ចាស់ គ្រឿងចក្រ រកស៊ីកាយដីលក់ និងមានអាស័យដ្ឋាន នៅខេត្តកំពង់ស្ពឺ ក៏ប៉ុន្តែរថយន្តនោះ ធ្វើស្លាកលេខនៅភ្នំពេញ ដោយមិនដាក់ឈ្មោះ ខ្លួនឯងនោះទេ។
បើតាមសាក្សីនៅនឹងកន្លែងកើតហេតុ បាននិយាយថា រថយន្តខាងលើ បានបើកបរបញ្ច្រាសបម្រុងឆ្លងថ្នល់ តែចៃដន្យម៉ូតូ បានបើកកាត់ឆ្លងទទឹងថ្នល់ ក៏ត្រូវរថយន្តមកបុកពេញទំហឹងបណ្តាលឲ្យរបួសតែម្តង៕