➤ពិភពចែករំលែក World Share - Blogger Network Social News Update ⇧
បងប្អូនដែលនិយមស្ដាប់វិទ្យុABCក៏ដូចជាអ្នកនិយមលេងបណ្ដាញសង្គមទាំងអស់ប្រាកដជានៅចាំបាន រឿងយាយចិត្តយក្សិណី វាយធ្វេីបាបចៅស្រីម្នាក់ ឈ្មោះ អាជីង បណ្ដាលអោយគ្រប់សារពាង្គកាយរបួសពីចុងជេីងដល់លេីក្បាល ត្រូវបានប្រជារដ្ឋរាយការណ៍ប្រាប់វិទ្យុABCអោយជួយអន្តរគមន៍ ហើយត្រូវបានកញ្ញា កាច្រឹប ជាពិធីការនីដ៏ល្បីឈ្មោះរបស់វិទ្យុABC ដាក់ពាក្យបណ្ដឹងទៅកាន់មន្ទីរយុត្តិធម៍នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរគមន៍ និងឃាត់ខ្លួនយាយចិត្តយក្សិណីនេះ និងកសាងសំនុំរឿងឡើងតុលាកា ហើយត្រូវបានតុលាសំរេចឃុំខ្លួន ដាក់ពន្ធនាគារ បន្ទាប់ពីធ្វើទារុណកម្មលើចៅស្រី ឈ្មោះ អាជីង បណ្តាលឱ្យមានរបួសស្នាមពេញខ្លួន ពីក្បាលដល់ចុងជើង បច្ចុប្បន្នអាជីងរស់នៅជាមួយវិទ្យុABC ព្រមទាំងក្មេងៗកំព្រានិងក្មេងៗមានបញ្ហាសតិអារម្មណ៍ជាច្រើននាក់ផ្សេងទៀតនៅវិទ្យុABC ។សូមបញ្ជាក់ថា ថ្ងៃនេះកាលពី១ឆ្នាំមុន (២៦ កក្កដា ២០១៦) ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនជីដូនចិត្តកំណាច ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ត បន្ទាប់ពីធ្វើទារុណកម្មលើចៅស្រីបណ្តាលឱ្យមានរបួសស្នាមពេញខ្លួន ក្រោមការចោទប្រកាន់ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ។
គួរបញ្ជាក់ថា ស្រីចំណាស់ខាងលើឈ្មោះ សុខ ផល្លី អាយុ៥៩ឆ្នាំ ស្នាក់នៅផ្ទះលេខ១៣០E0 ផ្លូវលំ ក្នុងភូមិចម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវជាជីដូនក្មេងស្រីរងគ្រោះឈ្មោះសុខ សមុទ្រពិចិត្រកុឆ្ចារា ហៅមូជីង អាយុ៩ឆ្នាំ ។
ស្ត្រីជាជីដូនម្នាក់នេះ ត្រូវកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី២២ កក្កដា ២០១៦ យោងលើពាក្យបណ្តឹងរបស់ឈ្មោះ សេង សុដាវីន ហៅក្រៅកាច្រឹប ភេទស្រី អាយុ២៥ឆ្នាំ ជាបុគ្គលិកវិទ្យុABC មានទីលំនៅផ្ទះលេខ១៨១J ផ្លូវលំ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ភ្នំពេញ។
យោងលើពាក្យបណ្តឹងនោះ បានចោទប្រកាន់ស្ត្រីចំណាស់ឈ្មោះសុខ ផល្លី ពីបទបានប្រព្រឹត្តអំពើធ្វើទារុណកម្មលើក្មេងស្រី ជាចៅយ៉ាងឃោរឃៅ ។ ពាក្យបណ្តឹងបានចោទប្រកាន់ថា កាលពីថ្ងៃទី២២ កក្កដា ២០១៦ វេលាម៉ោងប្រហែល១១ និង៣០នាទីព្រឹកនាងបានទទួលព័ត៌មានតាមរយៈទូរស័ព្ទថា មានករណីជីដូនវាយចៅស្រី ដោយប្រើដំបងធ្វើទារុណកម្ម នៅក្នុងទីតាំងរោងចក្របីជាន់ ក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ជាផ្ទះរបស់គាត់ (ជីដូន) ។
ក្រោយពីទទួលបានព័ត៌មាននោះភ្លាម នាងបានទាក់ទងកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្តរាជធានីភ្នំពេញ ចុះទៅផ្ទះកើតហេតុ ជាបន្ទាន់ ដើម្បីរំដោះក្មេងស្រីដែលរងអំពើទារុណកម្មដ៏ធ្ងន់ធ្ងនោះ ។ ជាមួយគ្នានោះ សមត្ថកិច្ចបានឃាត់ខ្លួនជីដូនចំណាស់នាំទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរលើបណ្តឹងរបស់ជនរងគ្រោះ ។ ពេលសមត្ថកិច្ចសាកសួរក្មេងស្រីរងគ្រោះបានរៀបរាប់ថា ចាប់តាំងពីនាងដឹងក្តីមក បានរស់នៅជាមួយជីដូនរូបនេះ រហូតបានដឹងថា ម្តាយបង្កើតរបស់នាងឈ្មោះ សុខ ចន្ធូ តែខ្លួនមិនដែលបានជួបមុខម្តាយនោះទេ ។
នាងបានរស់នៅក្នុងគ្រួសារលោកយាយឈ្មោះសុខ ផល្លី ដែលមានសមាជិក៤នាក់ ។ ជារៀងរាល់ថ្ងៃពួកគេ តែងតែប្រើនាងឱ្យធ្វើការគ្រប់សព្វគ្រប់បែបយ៉ាង នៅក្នុងផ្ទះនេះ ដូចជា ដាំបាយ លាងចាន បោកគក់ខោអាវ លាងទ្រុងមាន់ ។ល។ នៅពេលធ្វើការងារទាំងអស់នោះ ជីដូនឈ្មោះសុខ ផល្លី មិនដែលពេញចិត្តទេ ហើយតែងតែវាយនាង និងខ្សែភ្លើង ឈើជ្រុង វាយដៃ ជើង ក្បាល ខ្នង មុខ ច្រមុះ មាត់ ជាដើម បណ្តាលឲ្យរងរបួសស្ទើគ្រប់កន្លែង ។
ជាក់ស្តែង នៅថ្ងៃទី២១ កក្កដា នាងត្រូវយាយវាយឱ្យរងរបួសពេញខ្លួន និងបែកក្បាលធ្ងន់ធ្ងទៀតផង ។ បើតាមសមត្ថកិច្ចអះអាងដែរថា ចម្លើយជីដូនមានភាពស៊ីសង្វាក់ទៅនឹងអំពើដែលលោកយាយបានប្រព្រឹត្តគ្រាន់ថា ជីដូនវាយទូន្មានចៅ ព្រោះតែចៅនោះរឹង និយាយមិនសូវស្តាប់ ។
យោងលើពាក្យបណ្តឹង និងការឆ្លើយបំភ្លឺរបស់ជនរងគ្រោះ ព្រមទាំងចម្លើយសារភាពរបស់ស្ត្រីចំណាស់ជាជីដូន ធាតុផ្សំបទល្មើសគ្រប់គ្រាន់ បានកំណត់ឱ្យសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនជីដូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនិតិវិធី ។ កាលពីរសៀលថ្ងៃទី២៥ កក្កដា ២០១៦ តំណាងអយ្យការអមសាលាដំបូង លោកស្រី វ៉ា សក្តា ព្រះរាជអាជ្ញារងកាន់សំណុំរឿងនេះ បានធ្វើការចោទប្រកាន់ជាផ្លូវការពីបទហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ ។
ការចោទប្រកាន់នេះយោងតាមមាត្រា២១៩ នៃក្រមព្រព្រហ្មទណ្ឌ ហើយបើសិនជាការស៊ើបអង្កេតទៅរកឃើញថា ជនត្រូវចោទមានពិរុទ្ធភាពមែននោះ បទល្មើសនេះតម្រូវឲ្យផ្តន្ទាទោសស្ត្រីជាជីដូនដាក់ពន្ធនាគារកំណត់ពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លាន ទៅ១០លានរៀល ។
សំណុំរឿងនេះ កាលពីព្រឹកថ្ងៃទី២៦ កក្កដា បានចាត់បញ្ជូនដល់ចៅក្រមស៊ើបសួរ និងបានសម្រេចចេញដីកាឃុំខ្លួនជីដូនដាក់ពន្ធនាគារជាបណ្តោះអាសន្ត ។
ទស្សនាវិដេអូ ថ្ងៃដែលសមត្ថកិច្ចចុះឃាត់ខ្លួនយាយចិត្តយក្សិណីដែលវាយធ្វើបាបអាជីង
➤ពិភពចែករំលែក World Share - Blogger Network Social News Update ⇧