រាជធានីភ្នំពេញ៖ ថ្ងៃបើកឆាកនៃដើមខែថ្មី ខែកក្កដា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី សហការជាមួយនគរបាលអន្តោប្រវេសន៍តាមបណ្តាខេត្ត ក្រុង បើកប្រតិបត្តការទ្រង់ទ្រាយធំ ចុះបង្ក្រាបក្រុមចិនចាប់ជំរិតតាមប្រព័ន្ធ internet តាមគោលដៅជាច្រើន ពិសេសក្នុងរាជធានីភ្នំពេញ។
ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារងខេត្តក្រុង តាមមូលដ្ឋាននីមួយៗ។
មន្ត្រីនគរបាលនាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍អោយដឹងថា ថ្ងៃនេះកម្លាំងនគរបាលបើកប្រតិបត្តិការ ១៣គោលដៅធំៗ គឺក្នុងរាជធានីភ្នំពេញ ៧គោលដៅ, ខេត្តកណ្តាល ២គោលដៅ, កំពង់សោម ៣គោលដៅ និងកំពត១គោលដៅ។
មន្ត្រីនគរបាលបន្ថែមថា ប្រតិបត្តិការនេះពុំមានឃាត់ជនជាតិចិនពាក់ព័ន្ធ និងការចូលមកធ្វើការ និងរស់នៅដោយខុសច្បាប់ឡើយ គឺសុទ្ធសឹងជាក្រុុមចាប់ជំរិតតាមប្រព័ន្ធ internet។ ប៉ុន្តែយ៉ាងណាមិញ ជាលទ្ធផលគិតមកត្រឹមម៉ោង១២ថ្ងៃត្រង់នេះ សមត្ថកិច្ចបានឃាត់ខ្លួនចិនចាប់ជំរិតបានជាបន្តបន្ទាប់ហើយ គ្រាន់តែយើងនៅមិនទាន់ដឹងពីតួលេខ នៃចំនួនមនុស្សប៉ុន្មាននាក់នៅឡើយទេ៕