អភិបាលរាជធានីភ្នំពេញថ្មី លោក ឃួង ស្រេង នៅព្រឹកថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៧នេះ បានចុះដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យមើល សកម្មភាពកាយប្រឡាយស្ទឹងមានជ័យ ដើម្បីរំដោះទឹកចេញពីតំបន់លិចលង់ដោយជំនន់ទឹកភ្លៀង ។ នេះជាការងារបំរើផលប្រយោជន៍សាធារណៈជាលើកតំបូងរបស់លោក ខណៈលោកបានមកកាន់តំណែងជាអភិបាលរាជធានីភ្នំពេញថ្មី ជំនួសឯកឧត្តម ប៉ា សុជាតិវង្ស ដែលបានចូលនិវត្ត។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ប្រឡាយស្ទឹងមានជ័យ មានប្រវែង ១៩០០ម៉ែត្រ និងមានសារៈសំខាន់ណាស់ ក្នុងការដោះស្រាយជំនន់ទឹកភ្លៀងចេញពី តំបន់ព្រលានយន្តហោះ ផ្លូវ២០០៤ ផ្លូវ២០០២ និងតំបន់ស្ទឹងមានជ័យ ដោយទំលាក់ទឹកទៅស្ថានីយ៍បូមទឹកបឹងទំពុន ។
មន្ត្រីរូបនេះក៏បានបញ្ជាក់ថា ប្រឡាយនេះនឹងស្ថាបនាឡើង ដោយបុកស៊ីផាយ មានទទឹងមាត់លើ១០ម៉ែត្រ ស្ថាបនាផ្លូវបេតុងសងខាងប្រឡាយម្ខាង៦ម៉ែត្រ និងម្ខាងទៀត២ម៉ែត្រ ។ ចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទៅនឹងការអភិវឌ្ឍន៍ប្រឡាយនេះមានចំនួនប្រមាណ១០០០គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់ ក្រោយផលប៉ះពាល់ហើយនឹងទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់ពីរដ្ឋបាលរាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា ខណៈចុះពិនិត្យមើលស្ថានភាពប្រឡាយស្ទឹងមានជ័យ កាលពីព្រឹកថ្ងៃ២៧ មិថុនា កន្លងមក លោក ឃួង ស្រេង បានជម្រុញអោយលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី ដាក់គ្រឿងចក្រជាបន្ទាន់ដើម្បីកាយប្រឡាយស្ទឹងមានជ័យ រំដោះទឹកចេញ។
ការស្តាប្រឡាយស្ទឹងមានជ័យជាបណ្តោះអាសន្ននេះវានឹងប៉ះពាល់ផ្ទះប្រជាពលរដ្ឋដែលសង់រំលោភលើប្រឡាយនេះ២ម៉ែត្រ ។លើបញ្ហានេះ លោកអភិបាលរាជធានីភ្នំពេញថ្មី បានស្នើសុំអោយប្រជាពលរដ្ឋ យោគយល់ ។ ចំណែកអាជ្ញាធរវិញលោកឃួង ស្រេង ក៏បានស្មើអោយមានការថតរូបនិងធ្វើស្ថិតិអោយបានច្បាស់លាស់ចំពោះប្រជាពលរដ្ឋដែលប៉ះពាល់ ដោយលោកសន្យាថា នឹងដោះស្រាយជូនប្រជាពលរដ្ឋទាំងអស់ម្នាក់ដីឡូមួយល្វែង នៅហ្នឹងកន្លែង ពោលគឺមួយគ្រួសារអាចទទួលបានដី១ឡូទំហំ ទទឹង៤ម៉ែត្របណ្តោយជាង១០ម៉ែត្រនិងផ្តល់កម្មសិទ្ធិស្របច្បាប់ផងដែរ។
ក្រោយពីទទួលបានដីធ្លីហើយ នៅពេលសាងសង់ប្រជាពលរដ្ឋត្រូវតែសុំច្បាប់ពីអាជ្ញាធរ ដោយមិនត្រូវបង់ប្រាក់ឡើយ សូម្បីតែពន្ធប្រថាប់ត្រា ហើយការងារនេះលោកសន្យាថា នឹងធ្វើឲ្យបានសម្រេចនិងរួចរាល់នៅមុន ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨ ខាងមុខនេះ។
ចំពោះគម្រោងនេះ ប្រជាពលរដ្ឋរស់នៅតាមប្រឡាយស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងខណ្ឌសែន សុខ ពិតជាត្រេកអរយ៉ាងខ្លាំងដោយពួកគាត់អាចទទួលបានដីជាកម្មសិទ្ធិស្របច្បាប់ ក្រោយពីកាត់ទំហំប្រឡាយ ធ្វើផ្លូវតាមប្រឡាយនេះរួច ៕