រាជធានីភ្នំពេញ ៖ ក្រោយពីនារីម្នាក់ស្លាប់ដោយសារត្រូវឆក់ខ្សែភ្លើងនៅផាប់ស្ទ្រីតសៀមរាប ក្រុមគ្រួសារនៃសពកំពុងមានទុក្ខជាទម្ងន់ ស្រាប់តែមានបណ្តាព័ត៌មានតាមហ្វេសប៊ុកមួយចំនួនតូចផ្សាយបន្ថែមដោយគ្មានប្រភពពិត ធ្វើអោយគ្រួសារជនរងគ្រោះរងនូវពាក្យរិះគន់ថា ក្លាយជាមនុស្សអាក្រក់ និងពាក្យជេរប្រមាថយ៉ាងធ្ងន់ធ្ងរបន្ថែមទៀតទៅវិញ ថែមទាំងថា លេងសប្បាយបាត់បង់ជីវិតតែខ្លួនឯង បែរជាចោទប្រកាន់គេ? ។
ជាការឆ្លើយតបក្រុមគ្រួសារនៃសពបានថ្លែងប្រាប់អ្នកយកព័ត៌មានកោះសន្តិភាពផ្ទាល់នៅថ្ងៃទី២៣ មេសា អោយដឹងថា ជាក់ស្តែងពួកគាត់(គ្រួសារសព) មិនបានទៅបញ្ជាឱ្យចាប់ម្ចាស់ហាងម៉ាស្សានោះទេ គ្រាន់តែទាមទារអោយប៉ូលិសឱ្យជួយរកដើមហេតុ និងរកយុត្តិធម៌អោយនារីរងគ្រោះត្រូវជាប្អូនស្រីតែប៉ុណ្ណោះ ។
គ្រួសារនៃសពបានបញ្ជាក់ថា បើប្អូនស្រីគាត់មិនឆក់ស្លាប់ ក៏នៅពេលនោះមានអ្នកផ្សេងឆក់ស្លាប់ដូចគ្នាដែរ ព្រោះមានមនុស្ស២នាក់ផ្សេងទៀត ត្រូវបានចរន្តអគ្គិសនីឆក់ដូចគ្នាដែរ រហូតមកដល់ពេលនេះ នៅស្ពឹកមួយចំហៀងខ្លួននៅឡើយ ។
ជាការសំណូមពរដល់អ្នកនិយមលេងលើបណ្តាញសង្គមហ្វេសប៊ុកឱ្យយល់ពីអារម្មណ៍គ្រួសាររបស់គាត់ផង ព្រោះវាជារឿងឈឺចាប់ណាស់ ដែលត្រូវបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ហើយថែមទាំងត្រូវមហាជនរិះគន់ និងដៀលជេរទៀត ។ មិនចង់អោយនរណាម្នាក់ជាប់ឃុំ ហើយក៏មិនចង់បានលុយសំណងអីនោះដែរ ប៉ុន្តែចង់រកហេតុផលដើម្បីយុត្តិធម៌មួយ ចង់បានអ្នកទទួលខុសត្រូវ ព្រោះស្លាប់ហើយមិនអាចវិលវិញថ្ងៃស្អែកបានទេ ។ បើនិយាយពីការសម្រុះសំម្រួលវិញ គ្មាននរណាទាក់ទងមកសម្រួលឡើយ កុំថាឡើយមកបុណ្យសពតែបន្តិច ក៏គ្មានឃើញដែរ ។
សូមរំលឹកថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគរបាលខេត្ត បានចុះឃាត់ខ្លួនម្ចាស់ទីតាំងម៉ាស្សាមួយកន្លែង នៅក្នុងតំបន់ផាប់ស្ទ្រីត បន្ទាប់ពីមានហេតុការណ៍ខ្សែភ្លើងឆក់ក្មេងស្រីម្នាក់ បណ្ដាលឱ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ កាលពីវេលាម៉ោងប្រមាណ១រំលងអធ្រាត្រ ថ្ងៃទី១៦ ឈានចូលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ នៅថ្ងៃដែលវរៈឡើងស័ក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នៅលើទឹកដីប្រវត្តិសាស្ត្រាខេត្តសៀមរាប ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ខេត្តសៀមរាប ៕
ដកស្រង់បន្តពី ៖ កោះសន្តិភាព