[ដោយ ៖ សុខ វាសនា]
រាជធានីភ្នំពេញ ៖ បងស្រីរបស់តារាសម្តែងនាងដេនី ក្វាន់ គឺនាងចោម ចាន់ ឬចោម ក្វាន់ ព្រមទាំងក្រុមគ្រួសារចង់ឲ្យប្អូនស្រីរបស់ខ្លួនបញ្ចប់អាជីពសិល្បៈ ក្នុងពេលក្រសួងវប្បធម៌និងវិចិត្រសិល្បៈដាក់ពិន័យឱ្យនាងផ្អាកអាជីពសិល្បៈក្នុងរយៈពេលមួយឆ្នាំ ។ នាងចោម ចាន់ បានចាត់ទុកការពិន័យរបស់ក្រសួងវប្បធម៌លើប្អូនស្រីរបស់ខ្លួនជាចំណាត់ការមួយគាបសង្កត់លើបុគ្គលតែម្នាក់ និងស្នើឲ្យក្រសួងចាត់វិធានការបែបនេះគ្រប់់អ្នកសិល្បៈដូចគ្នា ។
នៅលើហ្វេសប៊ុករបស់ខ្លួននាថ្ងៃទី២៦ មេសា ២០១៧ នាងចោម ចាន់ ដែលនិយមភាពសិចស៊ីដែរនោះសរសេរថា «ត្រូវចាំទុកផងថា ទោះដេនីឈប់ពីសិល្បៈក៏នាងមិនក្រញាញ់ខួរក្បាលដែរ មិនមែនយកសិល្បៈជាខែលទេ ។ អាជីវកម្មនាងមាន មុខរបរក្នុងដៃនោះក៏ច្រើន ហេតុដូចនេះហើយ នេះជាបំណងគ្រួសារខ្ញុំផងដែរ គឺចង់ឱ្យនាងលាឈប់ពីសិល្បៈតាំងពីយូរមកម្ល៉េះ ។
សិល្បៈពោរពេញដោយបក្សពួក សិល្បៈពោរពេញដោយភាពច្រណែនឈ្នានីស សិល្បៈមិនឱ្យតម្លៃសិល្បៈ ។
សូមអស់លោកក្រសួងការចាត់វិធានការនេះឱ្យបានបែបនេះរហូត សូមកុំកៀបសង្កត់តែលើបុគ្គល ម្នាក់ៗទៅតាមអ្វីដែលលោកនឹកឃើញពេក ខ្ញុំជឿថាភ្នែកអស់លោកនៅភ្លឺអាចមើលឃើញនៅទ្បើយ ។
ខ្ញុំនិយាយមិនមែនខ្ញុំមិនឱ្យតម្លៃទៅលើសិល្បៈខ្មែរទេ ក៏ប៉ុន្តែការស្លៀកពាក់នៅខាងក្រៅសោះ ក៏តាមប្រមាញ់ដូចអ្នកទោស អាក្រក់ហួសហើយ»។
ប្រតិកម្មរបស់នាងចោម ចាន់នេះធ្វើឡើងបន្ទាប់ពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈសម្រេចដាក់ពិន័យលើនាងដេនី ក្វាន់ ដែលបង្ហាញភាពសិចស៊ីហួសហេតុមិនស្តាប់ការណែនាំ ។ ការប្រតិកម្មរបស់ចោម ចាន់ នេះហាក់បីដូចជាផ្ទុយទៅនឹងអ្វីដែលដេនី ក្វាន់ អះអាងប្រាប់សារព័ត៌មាននៅក្នុងស្រុកថា នាងព្រមទទួលយកអ្វីដែលក្រសួងបានដាក់ពិន័យ ហើយនាងសន្យានឹងកែប្រែ និងអរគុណក្រសួងដែលបានអនុញ្ញាតឲ្យស្នាដៃសិល្បៈរបស់នាងថតរួចហើយនោះអាចចាក់បញ្ចាំងជាធម្មតា ។
ការពិន័យរបស់ក្រសួងវប្បធម៌ទៅលើដេនី ក្វាន់នេះ ប្រធានសមាគមសិល្បករខ្មែរលោកសុះ ម៉ាច និយាយថា «វាធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់សាមីខ្លួន ប៉ុន្តែនេះជាអ្វីដែលត្រូវទទួលយកពីអ្វីដែលយើងបានធ្វើ ហើយទទួលកំហុស និងខិតខំកែប្រែ ។
នេះគឺជាគំរូមួយល្អទៅដល់សិល្បករ សិល្បការិនីដទៃដែលគាត់ភ្លេចខ្លួន និងបានប្រព្រឹត្តអំពើអ្វីដែលប្រាសចាកពីក្រមសីលធម៌សិល្បៈ វប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរយើង ក្នុងនោះមានអ្នកសិល្បៈប្រហែលជា១០រូបទៀតដែលគេកំពុងតែស៊ើបអង្កេត ប្រសិនបើគេសង្កេតឃើញនៅតែប្រព្រឹត្តបែបនេះទៀតនោះ គេនឹងធ្វើការពិន័យដូចជាដេនី ក្វាន់ដូចគ្នា» ។
លោកសុះ ម៉ាច ចាត់ទុកថា ចំណាត់ការរបស់ក្រសួងវប្បធម៌ គឺជាការផ្តល់ និងការពារតម្លៃនាងដេនី ក្វាន់ ទៅវិញទេ ព្រោះប្រសិនបើនាងប្រព្រឹត្តអ្វីដែលខុសឆ្គងនោះ អ្វីដែលនាងទទួលបានមកវិញគឺមានតែការប្រមាថ និងការរិះគន់ពីមហាជនប៉ុណ្ណោះ។ ដូច្នេះប្រសិនបើនាងស្ថិតនៅក្នុងដែននៃក្រមសីលធម៌នោះនាងនឹងមិនធ្វើអ្វីឲ្យខុសទៀតឡើយ ៕
ប្រភពដេីមពី ៖ កោះសន្តិភាព